ក្មេងស្រីម្នាក់លង់ទឹកស្រះស្លាប់ ខណៈឪពុកម្តាយផ្ញើនឹងយាយ ព្រោះជាប់រវល់ទៅធ្វើការនៅប្រទេសថៃ

ខេត្តប៉ៃលិន ៖ 

ឪពុកម្តាយទៅរកស៊ីនៅប្រទេសថៃ ផ្ញើកូនឱ្យម្តាយមើល លុះភ្លេចខ្លួនមួយភ្លែតក្មេងស្រីរងគ្រោះធ្លាក់ទឹកស្រះលង់ស្លាប់គួរឱ្យអាណិតអាសូរ ។ ហេតុការណ៍នេះ បាននៅវេលាម៉ោង ៦ និង០០នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចស្រះទឹកក្បែរស្តេចកន ស្ថិតនៅភូមិស្ទឹងកាច់ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។





ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្មេងរងគ្រោះឈ្មោះ ប៊ុន សុម៉ាវត្តី  ភេទស្រី អាយុ០៤ឆ្នាំ រស់នៅភូមិស្ទឹងកាច់ ឃុំ ស្ទឹងកាច់ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិន។ បើតាមការរៀបរាប់ពីក្មេងស្រីឈ្មោះ ប៊ុន ស្រីមុំ ភេទស្រី អាយុ០៧ឆ្នាំ ជាបងប្អូនជីដូនមួយជាមួយក្មេងស្រីរងគ្រោះ មុនពេលកើតហេតុពួកគាត់ទាំងពីរបានបេះផ្លែអំពិលទឹកនៅជិតស្រះទឹក ពេល នោះផ្លែអំពិលទឹកបានរុះចូលក្នុងស្រះហើយប្អូនស្រីនាងក៏បានឈោងដៃទៅយក ផ្លែអំពិលទឹកដែលរុះទើបបណ្ដាលឲ្យរអិលជើងធ្លាក់ចូលទៅក្នុងស្រះលង់ទឹកតែម្ដង។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ក្រោយពេលកើតហេតុ នាងបានរត់ទៅហៅយាយ និងអ្នកជិតខាងឱ្យទៅជួយសង្គ្រោះ តែហួសពេលបាត់ទៅហើយ។ ករណីនេះសពក្មេងស្រីរងគ្រោះត្រូវបានអាណា ព្យាបាលរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ។