ក្រុមនគរបាលចុះបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យជាច្រើននាក់នៅក្រុងប៉ៃលិន

ខេត្តប៉ៃលិន៖កម្លាំងនគរបាលក្រុងប៉ៃលិន ចុះស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបជាក់ស្ដែង ករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ចំនួន០៣គោលដៅ ដូចខាងក្រោម ៖


គោលដៅទី០១ ៖ កាលពីវេលាម៉ោង៨០ និង១០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ កម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋានក្រុងប៉ៃលិន ចុះល្បាតចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានឃើញ និងឃាត់ខ្លួនជនសង្ស័យ០២នាក់ នាំខ្លួនទៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន។ ជនសង្ស័យទី១- ឈ្មោះ លន់ វីត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកសារធាតុញៀន+)។ ជនសង្ស័យទី២- ឈ្មោះ រឿន វី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកសារធាតុញៀន) ។


គោលដៅទី២ ៖ កាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ កម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឿន រីឆាត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកសារធាតុញៀន+) នៅចំណុចដីចំការមួយកន្លែង នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ 

គោលដៅទី៣ ៖ កាលពីវេលាម៉ោង២ និង០០នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ បានបន្តនាំខ្លួនជនសង្ស័យឈ្មោះ ឈាន ស្រីពេជ្រ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (មានផ្ទុកសារធាតុញៀន+) នៅចំណុចអូរត្រែង ស្ថិតនៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 


ប្រភពបន្តទៀតថា វត្ថុតាង និងសម្ភារ:ដែលដកហូតសរុបទាំងអស់រួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកក(ICE) ចំនួន២២កញ្ចប់ (ធំ០១កញ្ចប់) ទម្ងន់៩,២៤ក្រាម សាច់ថ្នាំសុទ្ធ ទូរស័ព្ទដៃចំនួន០៥គ្រឿង ម៉ូតូស៊េរីចាស់ចំនួន០៣គ្រឿង កាំបិតប៉័ងតោចំនួន០១ដើម។ ករណីខាងលើនេះ នគរបាលបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធី៕