About Me

header ads

ទាស់ទែងគ្នាពាក្យសម្ដីតិចតួចបងប្រុសបង្កើតទាញយកកាំបិតប៉័ងតោ គប់ប្អូនបណ្តាលឲ្យរងរបួស

ខេត្តប៉ៃលិន ៖ 

បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ខណៈទាស់ទែងពាក្យសម្តីជាមួយបងប្រុសបង្កើតតិចតួច ស្រាប់តែជនបង្កទាញយកកាំបិតប៉័ងតោគប់ទៅលើជនរងគ្រោះពេញទំហឹងបណ្តាលឲ្យរងរបួសដេរអស់ច្រើនថ្នេរតែម្តង។ ហេតុការណ៍បងប្រុសបង្កើតទាញកាំបិតប៉័ងតោគប់ទៅលើប្អូនរងរបួសធ្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង១០នាទី រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្ទះចំការដាំបន្លែ ស្ថិតក្នុងភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ គីម ឈុនលី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅកន្លែងកើតហេតុខាងលើ រងរបួសធ្ងន់ ត្រូវចង្ការដេរចំនួន០៧ថ្នេរ និងរបួសកដៃខាងឆ្វេងដេរចំនួន០៧ថ្នេរ (ត្រូវជាប្អូនប្រុសបង្កើតរបស់ជនសង្ស័យ) ត្រូវគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ ចំណែកជនបង្កឈ្មោះ គីម ហុងស្រៀង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះដាំបន្លែជាមួយគ្នា (ត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះ)។

សូមបញ្ជាក់ថា ជនសង្ស័យម្នាក់នេះ ជាមុខសញ្ញាចាស់៖

ទី១- កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលល្វា ករណីគំរាមហិង្សានិងដុតខ្ទមចោល។ ទី២- កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ករណីដុតផ្ទះប្រជាពលរដ្ឋ និងត្រូវបានជនរងគ្រោះដកពាក្យបណ្តឹង និងដោះលែងឱ្យនៅក្រៅឃុំវិញ។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា នៅវេលាម៉ោងប្រហែល០០ និង២០នាទីយប់ ឈានចូលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ ជនបង្កជិះម៉ូតូមកដល់ផ្ទះចំការបន្លែ និងបានដេីរទៅស្រាវខ្សែភ្លេីងជុំវិញផ្ទះ រួចជនរងគ្រោះប្រាប់ថាមិនបាច់ស្រាវខ្សែភ្លេីងទេ យប់ហេីយ។ ពេលនោះ ជនបង្កបានជេរជនរងគ្រោះ រួចនិយាយថាកុំចេះរឿងប្ដីប្រពន្ធអញ់ ហើយជនបង្កក៏បានដេីរចូល ក្នុងផ្ទះតាមផ្លូវខាងក្រោយ រួចដេីរចេញមកវិញ ខណៈជនរងគ្រោះបានដេីរចេញពីក្នុងផ្ទះ ភ្លាមនោះជនបង្កបានទាញយកកាំបិតប៉័ងតោដែលនៅក្នុងផ្ទះគប់ទៅលេីជនរងគ្រោះត្រូវចំចង្ការ និងកដៃខាងឆ្វេងបណ្ដាលឱ្យរងរបួសធ្ងន់តែម្តង។



ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលល្វា និងសំណូមពរឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។ រហូតដល់វេលាម៉ោងប្រហែល៦ និង២០នាទីល្ងាចថ្ងៃខែដដែល កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន ឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដកហូតវត្ថុតាងរួមមាន៖ កាំបិតប៉័ងតោចំនួន០១ដើម។ ករណីនេះឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីច្បាប់៕