About Me

header ads

រដ្ឋបាលខេត្តប៉ៃលិន រៀបចំតុបតែងលាងសម្អាត កន្លែងលេងទឹកធ្លាក់ភ្នំខៀវ ដើម្បីទទួលភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំសកលខាងមុខនេះ

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ បើគេសង្កេតមើលទៅទេសភាព សងខាងដងផ្លូវ ពោលគឺចាប់តាំងពីផ្លូវចូល រហូតទៅដល់កន្លែងលេងទឹកជ្រោះផ្នែកខាងលើ ក្នុងរមណី យដ្ឋានទឹកធ្លាក់ភ្នំខៀវ ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានសភាពស្រស់បំព្រងគួរឱ្យចង់គយគន់ ខណ:ដែលលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្រ្តីសា លាខេត្ត រួមជាមួយនឹងមន្រ្តីមកពីតាមមន្ទីរជុំវិញខេត្ត អ្នកខ្លះនាំគ្នាកាប់ឆ្ការព្រៃ ខ្លះរើសសំរាម និងអ្នកខ្លះ ទៀត យកអំបោសដុសលាងស្លែនៅកន្លែងលេងទឹកជ្រោះ ដើម្បីកុំឱ្យភ្ញៀវរអិលបង្កគ្រោះថ្នាក់។ 



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាឱកាសឆ្នាំចាស់ ២០២២ ជិតឈានចូលឆ្នាំ២០២៣ ជាឆ្នាំសកលខាងមុខនេះ បានណែនាំឱ្យមន្រ្តីក្រោមឱវាទ នាំគ្នារៀប ចំតុបតែងសួនផ្កានៅក្បែរខ្លោងទ្វារផ្លូវចូល ឱ្យជាងច្នៃធ្វើរូបសត្វស្លាប សត្វព្រៃជើង៤ ដើម្បីបង្កើននូវភាពទាក់ទាញភ្ញៀវ ឱ្យនឹកចាំមិនភ្លេច កន្លែងដែលខ្លួន បានចូលទៅលេងកម្សាន្ត។ ប្រភពបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះ លោកជំទាវ អភិបាលខេត្តក៏បានរុះរើខ្យុសចាស់ៗ ផ្លាស់ធ្វើខ្យុសថ្មីៗ មានលាបថ្នាំចម្រុះពណ៌ នៅក្បែរទឹកជ្រោះ ដើម្បីឱ្យភ្ញៀវចូលទៅអង្គុយលេងជួបជុំក្រុមគ្រួសារយ៉ាងកក់ក្តៅ ហើយសប្បាយរីករាយផងដែរ។ 



ម្យ៉ាងវិញទៀត អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺកន្លែងទឹកជ្រោះហូរធ្លាក់ ត្រូវបានក្រុមការ ងារលាងដុសសម្អាតស្លែ មិនបង្កឱ្យរអិលដួល មានបញ្ហាគ្រោះថ្នាក់ដល់ភ្ញៀវទេសចរណាម្នាក់ឡើយ ហើយម្នាក់ៗ ពេលបានចុះងូតទឹកលេង ត្រជាក់កាយសប្បាយក្នុងចិត្ត បំបាត់នូវទុក្ខកង្វល់ បង្កើននូវប្រា ជ្ញាភ្លឺស្វាង ហើយធ្វើឱ្យធូរស្បើយពីជំងឺស្ត្រេសថែមទៀតផង។ លើសពីនេះ អ្វីដែលគួរឱ្យនឹកចាំមិនភ្លេចនោះ គឺមានផ្លូវចាក់បេតុង ចាប់តាំងពីខ្លោងទ្វារចូល រហូតដល់កន្លែងលេងទឹកជ្រោះ ដែលអាចឱ្យគេបើកបរម៉ូតូ ឬរថយន្តឡើងទៅដល់កន្លែងផ្ទាល់ ហើយបើធ្រៀបធៀងទៅនឹងកាលពីប៉ុន្មានឆ្នាំមុន ឃើញថា ម្នាក់ៗ មានការលំបាកខ្លាំង ក្នុងការឡើងទៅលេងរម ណីយដ្ឋានទឹកធ្លាក់ខាងលើនេះ ព្រោះផ្លូវតូចចង្អៀត ថែមទាំងសំបូរទៅដោយក្បាលថ្ម អាចបង្កឱ្យខូចខាតរថយន្តថ្មីៗ ថែមទៀតផងដែរ។ 



ចំណែកភ្ញៀវទេសចរដែលចូលទៅលេងកម្សាន្ត នៅក្នុងរមណីយដ្ឋានខាងលើ ញញឹមបិទមាត់មិនជិត ព្រោះការធ្វើដំណើរចាប់តាំងពីផ្លូវឡើង ទៅដល់កន្លែងលេងទឹកជ្រោះ ចំណាយរយ:ពេលខ្លី ថែមទាំងមានអារម្មណ៍ថា មានសុវត្ថិភាព មិនព្រួយបារម្ភក្រែងខូចម៉ូតូ ឬរថយន្តដូចមុនឡើយ។ អ្នកខ្លះពេលបានឡើងទៅលេងរមណីយដ្ឋានខាងលើហើយ ពេលក្រោយៗ ចង់បបួលនាំក្រុមគ្រួសារចូលទៅលេងថែមទៀត ៕