About Me

header ads

ក្រោយពេលទឹកស្រកនារដូវរំហើយនេះ ប្រជាពលរដ្ឋទំនេរពីការងារស្រែចំការនាំគ្នាចុះក្នុងស្ទឹង ដើម្បីរែងរកកំទេចរ៉ែត្បូង លក់យកថវិកាផ្គត់ផ្គង់ជីវភាព

ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែធ្នូ ២០២២នេះ ក្រោយពេលដែលទឹកជំនន់ បានស្រកចុះទៅវិញ ស្របពេលរដូវរំហើយឈានចូលមកដល់ គេសង្កេតឃើញប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ជាច្រើន រស់នៅក្នុងខេត្តប៉ៃលិន បាននាំគ្នាចុះក្នុងស្ទឹង ដើម្បីយកកញ្ច្រែងរែងរកកំទេចរ៉ែត្បូង ដ៏មានតម្លៃ ទុកលក់ឱ្យកុងសែ(ឈ្មួញ) បានថវិកា សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណ:ដែលកាលពីរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ បង្កជាជំនន់ទឹកភ្លៀង បានហូរនាំយកនូវកំទេចរ៉ែត្បូងពីផ្នែកខាងលើ ធ្លាក់ចុះទៅក្រោម ចូលទៅក្នុងអូរ ស្ទឹង ហើយបានកប់នៅក្នុងភក់។ លុះពេលទឹកស្រកវិញ ប្រជាពលរដ្ឋ បាននាំគ្នារែងរករ៉ែ ត្បូង ដោយអ្នកខ្លះលក់បាន៥ម៉ឺន ខ្លះ១០ម៉ឺនរៀល និងខ្លះទៀតរែងពេញ១ថ្ងៃ អត់ប៉ះ ក៏បន្តរែងទៅទៀត ដើម្បីផ្សងសំណាងរកកំទេចត្បូង ដ៏មានតម្លៃទុកលក់ អ្នកខ្លះក៏ទុកឱ្យជាងច្នៃធ្វើជាចិញ្ចៀន ខ្សែក ទុកពាក់លំអខ្លួនប្រាណផងដែរ។ 



បើតាមប្រភពព័ត៌មានពីលោក សេន ត រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា និងលោក យ៉ែម ប៊ុនណា ហៅខ្នា ប្រពន្ធឈ្មោះ អៀម រស់នៅក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឱ្យដឹងដូចៗគ្នាថា ៖ ពេលនេះ ឈានចូលមកដល់រដូវរំហើយ ក្រោយពីទឹកស្ទឹងបរយ៉ាខា បានស្រកចុះទៅវិញ ពួកគាត់ចាប់ផ្តើមនាំគ្នា យកដែកស្បែង កញ្ច្រែង និងវេចបាយកញ្ចប់ មានម្ហូបសាច់ អាំង ប្រហុកកប់ ទុកជ្រលក់ជាមួយនឹងត្រួយរាំង ដែលបានបេះ តាមដងស្ទឹងយកមកទទួលទានពេល ឈប់សម្រាកនាថ្ងៃត្រង់ ដោយពួកគាត់ ចុះទៅរែងរករ៉ែត្បូងនៅក្នុងស្ទឹង ក្បែរស្ពានតារៀប ក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីរែងរកកំទេចរ៉ែត្បូង ដែលកប់នៅក្នុងស្ទឹង ខណ:ដែលភ្លៀងធ្លាក់ខ្លាំង នារដូវវស្សា បានហូរនាំកំទេចរ៉ែត្បូង ចុះពីលើភ្នំ ឬដីខ្ពស់ធ្លាក់ចូលក្នុងស្ទឹង។ ប្រភពបន្តថា ការរែងនេះ ម្នាក់ៗ មានការផ្សងព្រេងខ្លាំង អ្នកខ្លះមុននឹងចេញទៅរែងត្បូង ក៏បានសែនព្រេន បន់ស្រន់ ដល់លោកយាយយ៉ាត ឱ្យបានកំទេចត្បូងទទឹមពណ៌ក្រហម និងត្បូងកណ្តៀង ពណ៌ខៀវ ដែលនៅសេសសល់តិចតួចក្នុងស្ទឹង យកលក់ឱ្យកុងសែ បានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ហើយនឹង សែនជូនអារុកអារក្សអ្នកតាព្រៃភ្នំផងដែរ។ ពួគាត់បានបញ្ជាក់ថា ក្នុង១ថ្ងៃៗ ការរែងត្បូងផ្សងព្រេងក្នុងស្ទឹងមិនទៀងនោះទេ ជួនកាលបានតិចតួច ពេលខ្លះបានច្រើន ហើយពេលខ្លះទៀត ក្នុង១ថ្ងៃក៏អត់បានរ៉ែត្បូងដែរ ព្រោះរ៉ែត្បូងកប់នៅក្នុងដីជ្រៅៗ រីឯកន្លែងរាក់ៗ ត្រូវបានជនជាតិថៃចូលមកជីកកកាយដឹកយ កទៅស្រុកគេអស់កាលពីសម័យសង្គ្រាម។ ប៉ុន្តែទោះបីជាយ៉ាងណា ក្រោយពីនាំគ្នាធ្វើការរែងអស់រយ:ពេលជាច្រើនថ្ងៃ អ្នកដែលរែងបានច្រើន ក៏នាំគ្នាលក់កំទេចរ៉ែត្បូង ដោយអរសប្បាយដោយបានថវិកា៥ទៅ១០ម៉ឺន ខ្លះទៀតបាន៤០ម៉ឺនរៀល តាមរ៉ែត្បូងល្អ ឬមិនសូវល្អផងដែរ។


ពួកគាត់បន្ថែមទៀតថា បើកុំមានគេយកគ្រឿងចក្រជីកកកាយដឹកយកទៅស្រុកថៃ ទុកឱ្យប្រជាពលរដ្ឋជីកកកាយនឹងដៃ គឺម្នាក់ៗនឹងក្លាយទៅជាអ្នកមានជាក់ជាមិនខាន ព្រោះត្បូងប៉ៃលិនកាលពីមុន សំបូរខ្លាំងណាស់ គ្រាន់តែដើរតាមផ្លូវក៏អាចរើសបានត្បូងមានតម្លៃយកទៅលក់បានថវិកាសម្រាប់ចាយ វាយផងដែរ៕ ដោយ ៖ នីយ៉ា