អភិបាលខេត្តប៉ៃលិន ផ្អាកស្តង់ពោតក្រហម និងដំឡូងមី របស់ឈ្មួញ១៨កន្លែងនៅក្រុងប៉ៃលិន និងស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ៖ 

បន្ទាប់ពីសង្កេតឃើញស្តង់ពោតក្រហម និងដំឡូងមីចំនួន១៨កន្លែង ស្ថិតនៅក្នុង ក្រុងប៉ៃលិន និងស្រុកសាលាក្រៅ មានការស៊ីភ្នែកជញ្ជីងថ្លឹង ទើបរហូតមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ ក្រុមការងាររដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន បានអញ្ជើញជួបជាមួយម្ចាស់ស្តង់ពោតក្រហម និងដំឡូងមីទាំង១៨គោលដៅ នៅក្នុងសាលប្រជុំសាលាខេត្ត និងណែនាំឱ្យត្រៀមដើម្បីរៀបចំកន្លែងទីតាំង ជាពិសេសជញ្ជីងរបស់ខ្លួនឱ្យសុក្រិតឡើងវិញ ខណ:ដែលជំនាញបានចុះត្រួតពិនិត្យរកឃើញថា មានការខ្វះបច្ចេកទេស និងខូចខាត ថែមទាំងទទួលនូវការស៊ីភ្នែកជញ្ជីងថ្លឹង។ 



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ កាលពីឆ្នាំកន្លងទៅ ក៏មានការចុះត្រួតពិនិត្យរបស់ក្រសួង ដោយដឹកនាំក្រុមការងារថ្នាក់ខេត្ត ពិសេសមន្ទីរពាក់ព័ន្ថ បានចុះទៅរៀបចំជញ្ជីងនៅតាមស្តង់នីមួយៗ ឱ្យមាន តម្លាភាព កុំឱ្យមានការស៊ីគីឡូ ដែលនាំឱ្យប្រជាពលរដ្ឋមានការខាតបង់អស់ច្រើន។ ប្រភពបន្តទៀតថា ដើម្បីការពារភាពត្រឹមត្រូវ និងតម្លាភាព នូវការថ្លឹងកសិផលពោតក្រហម និងដំឡូងមី ជូនប្រជាកសិករ ហើយជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើង ក្នុងនាមរដ្ឋបាលខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានផ្អាក និងធ្វើការស្នើសុំដល់មន្រ្តីបច្ចេកទេសជំនាញពីក្រសួង ឱ្យចុះមកត្រួតពិនិត្យរៀបចំជញ្ជីងថ្លឹងទាំង១៨ទីតាំងនេះសារជាថ្មីឡើងវិញ ធ្វើយ៉ាងណាត្រូវរៀបចំឱ្យបានច្បាស់លាស់ឡើងវិញមុននឹងអនុញ្ញាតអោយធ្វើអាជីវកម្មតាមស្តង់នីមួយៗរបស់ខ្លួន។




ចំណែកប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន មានការសប្បាយរីករាយយ៉ាងខ្លាំង ដែលលោកជំ ទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានរៀបចំឱ្យម្ចាស់ស្តង់នីមួយៗ ពិនិត្យមើលជញ្ជីងថ្លឹងកសិផល ដើម្បីកុំឱ្យមានការខាតបង់ច្រើន។ លើសពីនេះ ថ្នាំកសិកម្ម ជីគីមី និងសម្ភារ:ផ្សេងៗ ដែលនាំចូល គឺមានការឡើងថ្លៃគួរឱ្យកត់សម្គាល់ ហើយបើសិនជាតម្លៃទីផ្សារសមរម្យ បូកផ្សំជាមួយនឹងជញ្ជីងមានភាព ល្អត្រឹមត្រូវ នោះធ្វើឱ្យពួកគាត់មានជីវភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើងផងដែរ៕