About Me

header ads

បុរសម្នាក់ស្រវឹងស្រាថ្នាំ យកឌុយព្រីភ្លើងដុតធុងបាសចាក់រាំ ស្រាប់តែឆ្លងចរន្ត បណ្តាលឱ្យឆាបឆេះរលាកពេញខ្លួន

ខេត្តបាត់ដំបង ៖ 

បុរសម្នាក់រងរបួសរលាកពេញដងខ្លួន ដៃជើង ត្រូវបានក្រុមគ្រួសារដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ខណ:អង្គុយផឹកស្រាថ្នាំម្នាក់ឯង លុះស្រវឹង ក៏យកឌុយព្រីភ្លើងអគ្គិសនីទៅដុត ដើម្បីចាក់កូនបាសរាំ ស្រាប់តែទុស្សេឆ្លងចរន្ត បណ្តាលឱ្យឆាបឆេះដងខ្លួនរលាក និង ឆេះផ្ទះផ្នែកខាងមុខ ហើយត្រូវបានម្តាយ និងអ្នកភូមិជួយពន្លត់ទាន់ពេល។ ហេតុការណ៍ទុស្សេខ្សែភ្លើងអគ្គិសនីឆាបឆេះបុរសម្នាក់រងរបួសរលាកពេញខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងផ្ទះជនរងគ្រោះក្នុងភូមិតាង៉ែន ឃុំតាង៉ែន ស្រុកបាណន់ ខេត្តបាត់ដំបង។ 



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ ចាន់ សូ ភេទប្រុស អាយុ៣៧ឆ្នាំ ជាកសិករ អត់មានប្រពន្ធកូន ដោយរស់នៅជាមួយឪពុកម្តាយក្នុងភូមិខាងលើ។ ប្រភពព័ត៌មានពីស្រ្តីម្នាក់ ឈ្មោះ ហិង ផល្លា អាយុ៦០ឆ្នាំ ត្រូវជាម្តាយ បានរៀបរាប់ឱ្យដឹងថា ៖ មុនដំបូងជនរងគ្រោះត្រូវជាកូន បានទិញស្រាថ្នាំនៅតូបអ្នកភូមិយកហូបម្នាក់ឯង រួចក៍ស្រវឹងជោកជាំ ទើបទាញយកឌុយដោតចូលទៅក្នុងព្រីភ្លើង ដើម្បីចាក់បាសរាំលេងកម្សាន្ត។ គាត់បន្តទៀតថា មួយសន្ទុះក្រោយមក សង្ស័យដោតខុសរន្ធឌុយ ទើបឆ្លងចរន្តទុស្សេខ្សែភ្លើង បណ្តាលឱ្យឆាបឆេះក្លាយជាអណ្តាតភ្លើង យ៉ាងសន្ធោរសន្ធៅ បន្តឆេះផ្ទះផ្នែកខាងមុខ។ ពេលនោះស្រ្តីជាម្តាយ ក៏ស្ទុះចេញមកក្រៅ ដើម្បីរកទឹកពន្លត់កុំឱ្យបន្តឆេះផ្ទះ ខណ:ជនរងគ្រោះជាកូន របស់ខ្លួន ត្រូវភ្លើងឆេះរលាកពេញខ្លួន ហើយក្រោយមកគាត់ក៏យកទឹកជះដងខ្លួន ដើម្បឱ្យត្រជាក់ ស្រាប់តែរលាត់ស្បែកពេញដងខ្លួន និងដៃជើងតែម្តង។ ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះ ដែលរងការរលាកពេញខ្លួន ឪពុកម្តាយប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងវេលាតែម្តង៕