About Me

header ads

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទចុះពិនិត្យស្ថានភាពផ្លូវខូច ដោយសារជំនន់ទឹកភ្លៀង

ខេត្តប៉ៃលិន ៖ 

ក្នុងការចុះពិនិត្យ និងតភ្ជាប់ផ្លូវជនបទឡើងវិញ ជូនឲ្យប្រជាពលរដ្ឋ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារពិសេសទី២ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃបឋមនៅផ្លូវជនបទ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងខេត្តប៉ៃលិននាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ចំនួន៤ឃុំ ក្នុងស្រុកសាលាក្រៅ រួមមានឃុំសាលាក្រៅ ឃុំអូរអណ្តូង ឃុំស្ទឹងកាច់ និងឃុំស្ទឹងត្រង់ផងដែរ។ 



ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម អ៊ិន ចន្ថា បានឱ្យដឹងថា ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានចាត់តាំងឱ្យរូបឯកឧត្តមផ្ទាល់ ធ្វើការដឹកនាំក្រុមការងារ ចុះពិនិត្យលទ្ធភាព និងអន្តរាគមន៍ តភ្ជាប់ផ្លូវជនបទឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ក្រោយពេលផ្លូវជាច្រើនខ្សែរងផលប៉ះពាល់ ខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងចំណុចភូមិសាស្ត្រខេត្តប៉ៃលិន។ ជាមួយគ្នានោះឯកឧត្តម បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក-លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដែលបានសហការ សាមគ្គីភាពគ្នាក្នុងការអនុវត្តការងាររយៈពេលកន្លងមកផងដែរ ។  



បើតាមលោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ដោយមានការចង្អុលបង្ហាញ និងណែនាំពីលោកជំទាវអភិបាលខេត្ត ដល់មន្ទីរជំនាញជុំវិញខេត្ត ក្រោយជំនន់ទឹកភ្លៀងហូរផ្តាច់ ត្រូវចុះពិនិត្យមើលរាល់ហេដ្ឋារចនាសម្ព័ន្ធខូចខាត ដើម្បីសិក្សា រៀបចំស្តារឡើងវិញ ក្នុងគោលបំណងសម្រួលការធ្វើដំណើរ ដឹកកសិផល របស់ប្រជាពលរដ្ឋបានទាន់ពេលវាលា។ លោកបន្តថា ជំនន់ទឹកភ្លៀងបណ្តាលឲ្យផ្លូវជនបទនៅក្នុងខេត្តប៉ៃលិន បានរងផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរចំនួន៥ខ្សែ ប្រវែង ២៤.៩ គ.ម នៅស្រុកសាលាក្រៅរួមមាន៖ទី១.ស្ពានថ្មទំនប់ និងចំការស្វាយថៃ អូរទឹកភ្ងាវ ស្ថិតនៅឃុំស្ទឹងត្រង់ និងឃុំអូរអណ្តូង ប្រវែង ៧.៧០គ.ម។ ទី២.ក្បាលឡាន ស្ថិតនៅឃុំសាលាក្រៅ ប្រវែង ៤.៥០គ.ម។ ទី៣.ភូមិទឹកចេញ និងព្រះឥន្ទលក់លត ស្ថិតនៅឃុំស្ទឹងកាច់ និងឃុំអូរអណ្តែង ប្រវែង ៤.៨០គ.ម។  ទី៤.ស្តង់ពោត ដំឡូងមី(សៃឡូសៀលេក-ភ្នំស្តង់) ស្ថិតនៅឃុំសាលាក្រៅ ប្រវែង ៣.៥០គ.ម និងទី៥.ចំនុចស្រែម្អម-បឹងអាជាង ស្ថិតនៅឃុំសាលាក្រៅ ប្រវែង ៤.៤០គ.មផងដែរ៕