រដ្ឋបាលខេត្តប៉ៃលិនចុះរៀបចំកែលម្អទ្រូងផ្លូវច្រកទ្វារអន្តរជាតិព្រំ ដើម្បីទាក់ទាញនៅទេសចរណ៍នៃឱកាសបុណ្យភ្ជុំបិណ្ឌឆាប់ៗខាងមុខនេះ

ខេត្តប៉ៃលិន ៖ 

ដោយគេសង្កេតឃើញថាមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចេញចូលមកលេងកំសាន្តនៅច្រកទ្វារអន្តរជាតិព្រំជាញឹកញាប់ ទើបរហូតមកដល់រសៀលថ្ងៃទី21 ខែកញ្ញាឆ្នាំ 2022នេះ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន មន្ត្រីសាលាខេត្ត បានដឹកនាំមន្ត្រីសាលាស្រុកសាលាក្រៅ រួមជាមួយនឹងក្រុមយុវជន ស.ស. យ. ក ខេត្ត ធ្វើការរៀបចំតុបតែងទ្រូងផ្លូវ ដោយដាក់ផ្ការំដួលពណ៌លឿងនៅលើទ្រូងផ្លូវ ចាប់តាំងពីច្រកទ្វារអន្តរជាតិជាប់ព្រំប្រទល់ប្រទេសថៃ រហូតមកទល់នឹងផ្សារព្រំមានប្រវែងជាង 2000 ម៉ែត្រ។



ក្នុងការចុះតុបតែងកែលម្អរៀបចំដាក់ផ្ការំដួលនៅលើទ្រូងផ្លូវនេះ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានមានប្រសាសន៍ថា ៖ ការរៀបចំតុបតែងនេះ គឺក្នុងគោលបំណងដើម្បីធ្វើឲ្យមានសុភ័ណភាពស្រស់ស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យចូលមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិន ដែលមានរហស្សនាមថាជាខេត្តត្បូងពេជ្រឱ្យកាន់តែច្រើន។ ឯកឧត្តមបានបន្តទៀតថា រហូតមកដល់ពេលនេះ សោភ័ណភាពនៅច្រកទ្វារអន្តរជាតិព្រំ ទាំងពេលថ្ងៃ និងពេលយប់ គឺមានការខុសប្លែកពីមុនឆ្ងាយ ដោយរដ្ឋបាលខេត្តបានដឹកនាំក្រុមការងារ ចុះរៀបចំទ្រូងផ្លូវ ដាំផ្កា ដាំស្មៅចំរុះពណ៌នៅលើទ្រូងផ្លូវជាហូរហែ ជាពិសេសមកដល់ពេលនេះ គឺក្រុមការងារបានរៀបចំកែលម្អឲ្យមានសោភ័ណភាពកាន់តែប្លែកភ្នែក ខណៈដែលមានអគារច្រើនជាន់ ខ្ពស់ត្រដែតស្កឹមស្កៃ គួរឲ្យគាត់សម្គាល់។



ឯកឧត្តម ក៍សូមអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្បែរច្រកទ្វារអន្តរជាតិព្រំទាំងអស់មានការយកចិត្តទុកដាក់ថែរក្សាសម្បត្តិរដ្ឋដែលបានរៀបចំហើយនេះឲ្យបានគង់វង់។ យ៉ាងវិញទៀត ត្រូវចេះជួយថែទាំបោស សំអាតរាល់សម្រាមក៏ដូចជាថង់ប្លាស្ទិកមិនឲ្យមាននៅលើទ្រូងផ្លូវ ដើម្បីឲ្យភ្ញៀវមានការកោតសរសើរអំពីសោភ័ណភាពនៃច្រកទ្វារមួយនេះ ហើយពេលបានមកលេង នៅពេលក្រោយគឺមានចិត្តចង់ចូលមកលេងម្ដងទៀតផងដែរ។ ឯកឧត្តម ក៏បានបញ្ជាក់ដែរថា នេះគឺជាកេរ្តិ៍មរតកដ៏មានតម្លៃ ទុកសម្រាប់កូនចៅជំនាន់ក្រោយ៕