About Me

header ads

ក្មេងទំនើង១ក្រុម បង្កការអុកឡុកនៅតារាងបាល់ទះ បណ្តាលឱ្យរងរបួសម្នាក់

ខេត្តប៉ៃលិន ៖ 

ក្មេងទំនើងមួយក្រុមកាប់ចាក់គ្នានៅទីលានតារាងបាល់ទះ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ដេកដួលក្នុងថ្លុកឈាម ត្រូវគ្រូពេទ្យដេរអស់ជាង២០ថ្នេរ ហើយនគរបាលបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ យកទៅសាកសួរ ខណ:ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ហេតុការណ៍នគរបាលចាប់ឃាត់ខ្លួនជនសង្ស័យកាប់ទៅលើជនរងគ្រោះនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចតារាងលេងបាល់ទះបរថ្មី ភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 


ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ៖ ក្រោយទទួលពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ នគរបាលក្រុងប៉ៃលិន បានឱ្យកម្លាំងវេនប្រចាំបញ្ជា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបរយ៉ាខា ចុះទៅដល់កន្លែង ដើម្បីតាមដានស្រាវជ្រាវ រហូតឈានដល់ធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ នៅក្នុងផ្ទះជនសង្ស័យ ក្នុងភូមិខាងលើ យកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន។ប្រភពបន្តទៀតថា ជនសង្ស័យទី១- ឈ្មោះ ផល គង់ ភេទប្រុស អាយុ២៣ឆ្នាំ សញ្ចាតិខ្មែរ ជាកសិករ រស់នៅភូមិ/ឃុំខាងលើ ជាជនដៃដល់ (ប្រើកាំបិតកាប់ទៅលើជនរងគ្រោះ) ទី២- ឈ្មោះ ឌឿន គឹមស៊ន ភេទប្រុស អាយុ២២ឆ្នាំ សញ្ចាតិខ្មែរ ជាកសិករ រស់នៅភូមិ/ឃុំខាងលើ ទី៣- ឈ្មោះ វុទ្ធី ថារិន ហៅក្រឹម ភេទប្រុស អាយុ២១ឆ្នាំ ជាកសិករ រស់នៅភូមិប្រឡាយ ឃុំគា ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ចំណែក ជនរងគ្រោះ មានឈ្មោះ ប៊ូ វ៉ាន់ដេត  ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសខ្នងធ្ងន់ធ្ងរ ដេរអស់ចំនួន២០ថ្នេរ)។ ក្រោយមក នគរបាលបានដកហូតវត្ថុតាងម៉ូតូ០១គ្រឿង ម៉ាកវីនន័រ ពណ៌ទឹកក្រូច បាញ់ថ្នាំខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ និងកាំបិត១ដើម។ 



ប្រភពបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល៥ និង២៥នាទីល្ងាចថ្ងៃដដែល ឈ្មោះ ឌឿន គឹមស៊ន បានជិះម៉ូតូឌុបក្មួយដើរលេង ស្រាប់តែជនរងគ្រោះ បានមកប្រាប់ថា ឈប់ឱ្យខ្លួនដើរជាមួយជនដៃដល់ ក្រែងថ្ងៃក្រោយអាចមានករណីហិង្សានឹងប៉ះពាល់ដល់ខ្លួន។ លុះមួយសន្ទុះក្រោយមកស្រាប់តែឈ្មោះ ឌឿន គឹមស៊ន បានទៅប្រាប់ជនដៃដល់ ពីរឿងហេតុខាងលើ ហើយភ្លាមនោះជនដៃដល់ក៏បានជិះម៉ូតូ០៣នាក់ទៅរកជនរងគ្រោះ លុះពេលទៅដល់ចំណុចតារាងលេងបាល់ទះបរថ្មី ជនដៃដល់បានធ្វើសកម្មភាពទាញយកកាំបិត កាប់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសខ្នងធ្ងន់ធ្ងរដេកដួលក្នុងថ្លុកឈាម រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួន រហូតក្រោយមក សមត្ថកិច្ចបានទៅនាំខ្លួនពួកគេតែម្តង។  ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នតំណាងជនរងគ្រោះម្នាក់ ឈ្មោះ ពេជ្រ ភាព ភេទស្រី អាយុ៤៦ឆ្នាំ សញ្ជាតិខ្មែរ ជាកសិករ រស់នៅភូមិរស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដោយទាមទារសំណងចំនួន៤,០០០,០០០រៀល (បួនលានរៀលគត់) ដើម្បីយកទៅព្យាបាលជនរងគ្រោះ៕