About Me

header ads

ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវកោងបួងចង្កូតមិនទាន់បណ្តាលឱ្យដួល ស្លាប់ម្នាក់រងរបួសស្រាលម្នាក់

ខេត្តប៉ៃលិន ៖ 

យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណ:យុវជនរួមដំណើរម្នាក់ទៀតរងរបួសស្រាល ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយសារតែបើកបរម៉ូតូពេលយប់ក្នុងល្បឿនលឿននៅត្រង់ចំណុចផ្លូវកោង លុះបួងចង្កូតមិនទាន់ ក៏ជ្រុលដួលបោកក្បាលទៅនឹងចិញ្ចើមផ្លូវរួចត្រូវម៉ូតូអូសខ្ទាតជាង១០ម៉ែត្រ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៥៥នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចស្រែប្រាំង ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទទួលរងខូចម៉ូតូ០១គ្រឿងយ៉ាងដំណំ។


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ អ្នកបើកបរម៉ូតូ ឈ្មោះ ភឿម សាម៉ី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង (ស្លាប់នៅនឹងកន្លែងកើតហេតុ) ដោយបើកបរម៉ូតូម៉ាក វីនន័រ(winner) ពណ៌ខ្មៅ គ្មានស្លាកលេខ (មិនពាក់មួកសុវត្ថភាព)។ ចំណែកអ្នករួមដំណើរ ឈ្មោះ ហេង កំផៃ  ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (រងរបួសស្រាល)។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញយុវជន២នាក់ បានជិះម៉ូតូ១គ្រឿងក្នុងទិសដៅ ពីត្បូងទៅជើង លុះដល់ចំណុចផ្លូវកោង មិនបានបន្ថយល្បឿននោះទេ កាន់តែបន្ថែមមួលហ្គែរលឿនដូច ហោះ លុះបួងចង្កូតអត់ទាន់ ក៏ដួលបោកក្បាលទៅនឹងផ្លូវជាតិបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយពេលកើតហេតុ នគរបាលបានចុះទៅពិនិត្យមើល ឃើញថា ជនរងគ្រោះខាងលើ ពិតជាជិះម៉ូតូ ដួលដោយខ្លួនឯងមែន។ 


ពាក់ព័ន្ធទៅនឹងបញ្ហានេះ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយជនរងគ្រោះម្នាក់ទៀត ត្រូវបានបងប្អូនបញ្ជូនព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន ដោយវត្ថុតាងម៉ូតូ បានប្រគល់ជូនគ្រួសារជនរងគ្រោះផងដែរ។