About Me

header ads

បើកបរម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន ត្រូវម៉ូតូសិស្សសាលាបុកពេញទំហឹងរងរបួសធ្ងន់ស្រាល២នាក់

ខេត្តប៉ៃលិន ៖ 

បុរសចំណាស់ម្នាក់រងរបួសធ្ងន់ និងយុវសិស្សម្នាក់រងរបួសស្រាល ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកខេត្តប៉ៃលិន ខណ:បើកបរម៉ូតូបញ្ច្រាស់ទិសបត់ឆ្វេងអត់មើលមុខក្រោយ បណ្តាលឱ្យម៉ូតូ១គ្រឿងទៀតមកពីមុខបុកចំពេញទំហឹងដួលប្រាវរងរបួសធ្ងន់ស្រាលតែម្តង។ ហេតុការណ៍ម៉ូតូបុកម៉ូតូ រងរបួសធ្ងន់ស្រាលនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង០០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ៥៧ ក្បែរផ្លូវចូលទៅសាលារៀនបឋមសិក្សាអូរតាពុក ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យយុវសិស្សម្នាក់រងរបួសធ្ងន់ និងរបួសស្រាលម្នាក់ ខូចខាតម៉ូតូស្រាល០២គ្រឿង។ 



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ សេង សុផាន់ណាម ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សរស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយបើកបរម៉ូតូម៉ាកហុងដាស្គូបពី ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខប៉ៃលិន ១C-៩១៥៤ បើកបរក្នុងទិសដៅពីលិចទៅកើត (របួសស្រាល) ខូចខាតម៉ូតូស្រាល។ អ្នករួមដំណើរ ឈ្មោះ ជីវ ជេងស៊ាង ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្ស រស់នៅភូមិជាមួយគ្នា (គ្មានរបួស)។ ចំណែកជនបង្ក ឈ្មោះ រៀម សុគា ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នកលក់ម៉ូតូ រងរបួសធ្ងន់ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិនខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខបាត់ដំបង ១U-១៦៩៩ បើកទិសដៅពីកើតទៅលិច ជិះបញ្ច្រាស់ផ្លូវបត់ឆ្លងផ្លូវ ខូចខាតម៉ូតូស្រាល។ ប្រភពបន្តទៀតថា មូលហេតុគឺបណ្តាលមកពីកត្តាបុរសខាងលើបើកបរម៉ូតូហុងដាឌ្រីមក្នុងទិសដៅពីកើតទៅលិចបត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន មិនគោរពផ្លូវអទិភាព ទើបពេលម៉ូ តូសិស្សសាលាចេញពីរៀនបុកចំពេញទំហឹងដួលរងរបួសទាំងសងខាង។ ករណីខាងលើនេះ កម្លាំងផែនសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយកវត្ថុតាងទាំងសងខាងទៅរក្សាទុក រង់ចាំការដោះស្រាយតាមនីតិវិធី៕