About Me

header ads

ចងគោក្នុងខណៈម្ចាស់កំពុងដេកលក់ ត្រូវចោរចូលលួចគោផើម១ក្បាលទៅបាត់

ខេត្តប៉ៃលិន ៖ 

បុរសចំណាស់ម្នាក់មានការសោកស្តាយចំពោះសត្វមេគោចិញ្ចឹម ១ក្បាល របស់ខ្លួនយ៉ាងខ្លាំង ខណៈពេលដែលចងនៅក្នុងក្រោលពេលយប់ស្ងាត់ ត្រូវចោរចូលលួចដឹកយកទៅបាត់ លុះភ្ញាក់ព្រឹកឡើងអត់ឃើញគោ ក៍បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។ ហេតុការណ៍បាត់សត្វគោបង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅចំណុចស្រែប្រាំង ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ៖ ម្ចាស់គោមានឈ្មោះ យ៉ង់ ណាន ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិខាងលើ ដោយបានបាត់សត្វគោចិញ្ចឹម០១ក្បាល សម្បុរពណ៌ស (ជាមេគោផើម០៣ខែ) ។ បើតាមការរៀបរាប់របស់ម្ចាស់គោបានឱ្យដឹងថា ៖ នៅយប់ថ្ងៃកើតហេតុ គាត់បានដឹកគោចំនួន០៤ក្បាល យកពីកន្លែងស៊ីស្មៅនៅវាល ទៅចងក្នុងក្រោលដូចសព្វមួយដង ហើយក៍បង្កាត់ភ្លើងដុតដេញមូសមិនឱ្យខាំហ្វូងគោរបស់ខ្លួននៅក្នុងក្រោលឡើយ។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ខណៈពេលដែលគាត់កំពុងដេកលង់លក់ អត់មានឮសូរសម្លេងឆ្កែព្រុស ឬសត្វគោរើបម្រាស់អ្វីនោះទេ។ លុះព្រឹកឡើង បម្រុងនឹងដឹកគោយកទៅចងឱ្យស៊ីស្មៅ ពេលក្រឡេកមើលទៅក្នុងក្រោលអត់ឃើញមេគោផើម០១ក្បាល ទើបដឹងថា ចោរលួចយកគោរបស់ខ្លួន ក៏បង្កឱ្យមានការភ្ញាក់ផ្អើលប្តឹងនគរបាលឱ្យចុះពិនិត្យ។ បើតាមការសាកសួរពីប្រជាពលរដ្ឋជិតខាងបានអោយដឹងដែរថា ៖ កាលពីវេលាម៉ោង០៣ និង២០នាទីយប់ទាបភ្លឺ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ពួកគាត់បានឮសំឡេងក្ឌុងក្ឌាំងនៅលើផ្លូវលំដែរ ស្មានតែគេទំលាក់អីឥវ៉ាន់នៅតាមស្តង់ ហើយក៏នាំគ្នាដេកលក់ទៅវិញ រហូតដល់ព្រឹក។



បើតាមការសន្និដ្ឋាន ៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលលួចគោដោយស្រាយខ្សែពីក្នុងក្រោល ខាងក្រោយផ្ទះបណ្តើរកាត់ចំការស្វាយនិងចំការពោត ចំការដំឡូងវាងចំងាយប្រហែល ២៥០ម៉ែត្រសំដៅឡើងផ្លូវជាតិលេខ៥៩ រួចដឹកតាមរថយន្តគេចខ្លួនបាត់ស្រមោល ។ បច្ចុប្បន្ន ៖ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាន-ស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ កំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕