About Me

header ads

លក់ម្ហូបអាហារមិនសូវកាក់កប ស្រ្តីម្នាក់បែកគំនិតជួញដូរគ្រឿងញៀន ត្រូវអស់លក្ខណ៍

ខេត្តប៉ៃលិន ៖ 

ស្រ្តីប្រកបមុខរបរលក់ម្ហូបអាហារនៅមុខមណ្ឌលសុខភាពម្នាក់ ត្រូវបានកម្លាំងនគរបាលស្នងការខេត្តប៉ៃលិន ចាប់ឃាត់ខ្លួន បន្ទាប់ពីសួរនាំជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ ដោយបានឆ្លើយសារភាពថា ខ្លួនទិញពីស្រ្តីខាងលើ លុះឆែកឆេរមើលក៏រកឃើញវត្ថុតាង និងធ្វើឱ្យប្រជា ពលរដ្ឋមានការភ្ញាក់ផ្អើលតែម្តង។ ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង០១ និង១០នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមុខមណ្ឌលសុខភាពផ្សារព្រេំ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ ខេត្តប៉ៃលិន។  



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្រោយពីធ្វើការស៊ើបអង្កេត និងតាមដានអស់រយ:ពេលយ៉ាងយូរ លុះដឹងតម្រុយ នគរបាលក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន០១កញ្ចប់។ ក្រោយពីសួរនាំរួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទិញពីស្រ្តីលក់ចាប់ហួយ និងធ្វើម្ហូបកម្មង់ម្នាក់ ស្ថិតនៅចំណុចក្បែរមណ្ឌលសុខភាពផ្សារព្រំ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពបន្តទៀតថា ភ្លាមៗ នោះ កម្លាំងជំនាញក៏បានសុំគោលការណ៍ពីថ្នាក់ដឹកនាំ ចុះទៅបង្ក្រាបធ្វើការឃាត់ខ្លួនជនសង្ស័យស្រីម្នាក់ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន០២កញ្ចប់ និងប្រភេទគ្រាប់ពណ៌ត្រាវមានសញ្ញាម្រាមដៃប្រាំចំនួន០៥គ្រាប់។ ក្រោយមកនគរបាល បាននាំខ្លួនជនសង្ស័យចំនួន០២នាក់ ទី១- ឈ្មោះ ខូ ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី២-ឈ្មោះ ប៊ុន ចាន់ដារ៉ា ភេទស្រី អាយុ៤០ឆ្នាំ ជាអ្នកលក់ម្ហូបអាហារកុម្មង់ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន០២កញ្ចប់ និងប្រភេទគ្រាប់ពណ៌ត្រាវមានសញ្ញាម្រាមដៃប្រាំចំនួន០៥គ្រាប់ ម៉ូតូម៉ាក ស៊ូម័រ អ៊ិក្ស (zoomer x)0១គ្រឿង។

ករណីខាងលើនេះ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង ទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរបន្ថែម និងកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕