About Me

header ads

រន្ទះប្រហារសត្វគោអស់ចំនួន០៤ក្បាល ធ្វើឱ្យម្ចាស់ស្រែកទ្រហោយំស្តាយស្រណោះយ៉ាងខ្លាំង

ខេត្តប៉ៃលិន ៖ 

ក្រោយពេលហូបអាហារថ្ងៃត្រង់រួច គេសង្កេតឃើញផ្ទៃមេឃប្រែពណ៌ទៅជាខ្មៅអួរអាប់ ដែលមានខ្យល់បក់បោកមកពីទិសខាងលិច ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានការធ្លាក់ភ្លៀងអស់រយ:ពេលយ៉ាងយូរ លុះគ្រាប់ភ្លៀងនៅធ្លាក់តិចៗ ស្រាប់តែមានផ្គររន្ទះបាញ់ទៅលើសត្វគោចំនួន០៤ក្បាល បណ្តាលឱ្យងាប់នៅនឹងកន្លែង ដែលហេតុការណ៍នវ បានកើតឡើងកាលពីម៉ោង៣ និង១៥នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានពីនគរបាលនៃអធិការស្រុកសាលាក្រៅបានឱ្យដឹងថា ៖ ម្ចាស់សត្វគោ មាន ឈ្មោះ ឆែម ប្រុក ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅក្នុងភូមិខាងលើ បានរងគ្រោះ ដោយសារសត្វគោងាប់ចំនួន០៤ ក្បាល ។ 


ចំណែកម្ចាស់សត្វខាងលើ បានរៀបរាប់ទាំងទឹកភ្នែកហូរឱ្យដឹងថា ៖ គាត់បានខិតខំប្រឹងប្រែងសន្សំថវិកា យកទៅទិញគោមេ១ក្បាល និងគោឈ្មោល១ក្បាល កាលពីប៉ុន្មានឆ្នាំមុន លុះមេគោកើតកូនមកជាបន្តបន្ទាប់សរុបទាំងអស់បានចំនួន៤ក្បាល ដែលធ្វើឱ្យគាត់សប្បាយរីករាយ ក្នុងថែទាំសត្វគោទាំងអស់នេះ ដោយមិនគិតពីភាពនឿយហត់ ព្រោះសង្ឃឹមថា នៅពេលមានការខ្វះខាត គាត់នឹងលក់សត្វគោមួយចំនួន យកថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាព។ គាត់រៀបរាប់ទាំងអួលដើមក.ទៀតថា ជារៀងរាល់ថ្ងៃ គាត់ដឹកសត្វគោយកទៅចងឱ្យស៊ីស្មៅនៅតាមដីចម្ការអ្នកភូមិដូចធម្មតា ទោះបីជាពេលខ្លះមាន ភ្លៀងធ្លាក់ខ្លាំង ពេលខ្លះទៀតមានភ្លៀងរលឹមតិចៗ ក៏មិនមានបញ្ហាអ្វីនោះដែរ លុះដល់រសៀលថ្ងៃកើត ហេតុ ស្រាប់តែមានភ្លៀងលាយផ្គររន្ទះបាញ់ទៅលើសត្វគោរបស់គាត់បណ្តាលឱ្យងាប់អស់រលីងតែម្តង។ 

ជាមួយគ្នានេះដែរ នគរបាលអធិការស្រុកសាលាក្រៅ ក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានសត្វគោ ក្របី យកទៅឃ្វាលនៅតាមវាលស្រែ សូមមានការប្រុងប្រយ័ត្នខ្ពស់ អំពីបាតុភូតធម្មជាតិ ដែលកើតឡើង យូរៗម្តង បង្កជារន្ទះ ធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាដើម។ ហើយត្រូវរកកន្លែង ជ្រកឱ្យបានត្រឹមត្រូវ ពេលមានករណីភ្លៀងធ្លាក់ម្តងៗ។ សូមបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ទើបតែមានករណីរន្ទះបាញ់សត្វគោងាប់៤ក្បាល ចំណែកឯ មនុស្សមិនមានការទទួលរងគ្រោះនោះទេ ៕