About Me

header ads

យុវជនម្នាក់ តូចចិត្តឪពុកម្តាយស្តីបន្ទោសតិចតួច ពាក់ព័ន្ធរឿងរ៉ាវក្នុងគ្រួសារ រត់ទៅចងក ធ្វើអត្តឃាតបានសម្រេច

ខេត្តប៉ៃលិន ៖ សាច់ញាតិ ឪពុកម្តាយបងប្អូនក្នុងក្រុមគ្រួសារមួយ បាននាំគ្នាស្រែកទ្រហោយំ នឹកស្តាយស្រណោះ និងហួសចិត្តយ៉ាងខ្លាំង ចំពោះយុវជនម្នាក់ មិនគួរណា គ្រាន់តែមានការអាក់អន់ស្រពន់ចិត្តតិចតួចប៉ុណ្ណោះ ក្នុងក្រុមគ្រួសារ បែរជារត់ទៅចងកធ្វើអត្តឃាតបញ្ចប់ជីវិត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាល បានឱ្យដឹងថា ៖ យុវជនរងគ្រោះ មានឈ្មោះ ឯម ភ័ត្រា្ត  អាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិឃុំខាងលើ។ ប្រភពបន្តទៀតថា នៅថ្ងៃរសៀលមុនពេលកើតហេតុ គេឃើញឪពុកម្តាយយុវជនខាងលើ បានស្តីបន្ទោសរូបគេ កុំឱ្យដើរលេងពេលយប់ និងកុំឱ្យសេពគប់ជាមួយនឹងមិត្តភក្តិមិនល្អ ជាពិសេសប្រដៅណែនាំ ឱ្យជួយធ្វើការងារផ្ទះ មើល ស្រែចម្ការ ព្រោះឪពុកម្តាយកាន់តែចាស់ៗ អស់ហើយ ត្រូវអាណិតអាសូរកម្លាំងរបស់ពួកគាត់ ដែលខិតខំប្រឹងប្រែងធ្វើការ រកស៊ីចិញ្ចឹមបីបាច់ថែរក្សាកូនៗ តាំងពីតូចក្រូចឆ្មារហូតដល់ធំអស់អ្នកខ្លះមានក្រុមគ្រួសារបែកទៅនៅកន្លែងផ្សេង។ ប្រភពបញ្ជាក់ទៀតថា ពេលនោះ យុវជនរងគ្រោះ ក៏តបតវិញខ្លាំងៗ ហើយរត់ចេញពីផ្ទះបាត់ស្រមោលតែម្តង លុះមួយសន្ទុះក្រោយមកមានអ្នកភូមិខ្លះរត់ទៅជួយស្រាយខ្សែដែលចងក អ្នកខ្លះរត់ទៅប្រាប់ឪពុកម្តាយ ខណៈដែលជនរងគ្រោះ បានទៅចងកធ្វើអត្តឃាតខ្លួនឯង នៅលើដើមឈើខាងក្រោយផ្ទះ។ ម្យ៉ាងវិញទៀត បងប្អូនសាច់ញាតិ ក៏បានជួយដឹកជនរងគ្រោះយកទៅសង្រ្គោះនៅមណ្ឌលសុខភាពភ្នំព្រាល តែជាអកុសល្យ ទោះបីជាក្រុមគ្រូពេទ្យខិតខំព្យាយាមជួយយ៉ាងណា ក៏មិនបានដែរ ព្រោះជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតផុតទៅហើយ។​ ក្រោយមកក្រុមគ្រួសារ បានដឹកសពជនរងគ្រោះ ត្រឡប់ទៅផ្ទះវិញ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕