About Me

header ads

ប្រកបរបររើសអេតចាយ និងកម្មករសំណង់មិនកាក់កប បែកគំនិតប្រើប្រាស់ និងជួញដូរគ្រឿងញៀន

ខេត្តប៉ៃលិន ៖ 

ដោយសារតែប្រកបមុខរបររើសអេតចាយ និងធ្វើកម្មករសំណង់មិនសូវកាក់កប បែកគំនិតនាំគ្នាប្រើប្រាស់ និងជួញដូរគ្រឿងញៀន យ៉ាងគគ្រឹកគគ្រេង ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ចុះបង្រ្កាបជាក់ស្តែង ដោយចាប់ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ជាបន្តបន្ទាប់ ដែលហេតុការណ៍ចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១ និង១៥នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចចម្ការស្វាយក្បែរស្តង់ដំឡូងមី មានម្ចាស់ ឈ្មោះ «ស៊ីឡេក» ស្ថិតនៅភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។




ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឱ្យដឹងថា ជនសង្ស័យ មាន ឈ្មោះ ថេង ចាន់ធា ភេទប្រុស  អាយុ៣៣ឆ្នាំ ជាកម្មករសំណង់ ដោយដកហូតបានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន០២កញ្ចប់ ទូរស័ព្ទដៃ ម៉ាកណូគា (អិនចុចពិល០១គ្រឿង ដែកកេះ០១ដើមម។ លុះដល់វេលាម៉ោង៣និង១០នាទីរសៀលថ្ងៃដដែល កម្លាំងនគរបាលបន្តចុះមកដល់ទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចលើទួល ក្រោយអគារកាស៊ីណូហុងបូរ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បន្ថែម ទី១- ឈ្មោះ ប៊ុនរទ្ធិ សេរីរាង ហៅរៀម ភេទប្រុស អាយុ៣៧ឆ្នាំ ទី២- ឈ្មោះ មាន សារី ហៅតួ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុក  សាលាក្រៅ ទី៣-ឈ្មោះ  ខឿន  ប៉ារីស ភេទប្រុស  អាយុ២២ឆ្នាំ រស់នៅ ភូមិអូរឈើក្រំ  ឃុំស្ទឹងកាច់  ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន វត្ថុតាងមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន០១កញ្ចប់ធំ ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋានស្រុកសាលាក្រៅ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕