About Me

header ads

សង្ឃឹមថា ក្រុងប៉ៃលិននឹងទទួលបានជ័យលាភីបន្តទៀតក្នុងការប្រឡងប្រណាំងទីក្រុងស្អាត

ខេត្តប៉ៃលិន ៖ 

ដើម្បីប្រកួតប្រជែងផ្នែកសោភ័ណភាព សម្រស់ និងប្រឡងប្រណាំងទីក្រុងស្អាត រដ្ឋបាលក្រុង ក៏ដូចជាអាជ្ញាធរខេត្តប៉ៃលិន បាននាំគ្នាសស្រាក់សស្រាំ បោសសម្អាតសំរាមនៅតាមដងផ្លូវ កាប់ឆ្ការព្រៃនៅតាមចិញ្ចើមផ្លូវ ព្រមទាំងរៀបចំតុបតែងកែលម្អកន្លែងរមណីយដ្ឋាននានាផងដែរ។ ទើបរហូតមកដល់ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋបាលក្រុងប៉ៃលិន បានបើកកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៣ នៅក្នុងសាលប្រជុំសាលាក្រុង ក្រោមអធិបតីភាពលោក ជួន ជ័យសត្យា អគ្គលេខាធិការរងនៃគណ:កម្មការវាយតម្លៃទីក្រុងស្អាត, លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន, លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ដោយមានការចូល រួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្តមួយចំនួនផងដែរ។ 


លោក ឃ្លោក នួយ អភិបាលរងខេត្ត បានរៀបរាប់ពីលក្ខណ: នៃការរៀបចំប្រកួតប្រជែងទីក្រុងប៉ៃលិន ឱ្យក្លាយទៅជាទីក្រុងស្អាតថា ៖ រហូតមកដល់ពេលនេះ គ្រប់ទីក្រុងទាំងអស់នៅទូទាំងប្រទេសកម្ពុជាកំពុងត្រូវបានរៀបចំតុបតែងកែលម្អឱ្យក្លាយទៅជាទីក្រុងស្អាតរៀងៗខ្លួន ដើម្បីប្រកួតប្រជែងយកស្នាដៃ និងពានរង្វាន់ ដោយឡែកទីក្រុងប៉ៃលិន ក៏ត្រូវបានថ្នាក់ដឹកនាំខេត្ត ខិតខំខ្នះខ្នែង ដោយមានការចូលរួមពីក្រុមការងារ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ហើយធ្វើការណែនាំដល់ប្រជាពលរដ្ឋថា ទីក្រុងស្អាត ជាទីក្រុងដែលមានបិស្ថាន អនាម័យស្អាត សនិ្តសុខ សណ្តាប់ធ្នាប់ល្អ និងហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់គ្រប់គ្រាន់ ដែលផ្តល់ភាពកក់ក្តៅ និងជាមជ្ឈដ្ឋានរស់នៅល្អប្រសើរដល់ប្រជាពលរដ្ឋ ងាយស្រួល ក្នុងការទស្សនាកម្សាន្តរបស់ភ្ញៀវទេសចរណ៍។ លោកបន្តទៀតថា ក្រុងប៉ៃលិន ជាទីក្រុងបេក្ខភាពមួយ ដែលបានចូលរួមប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិចំនួន២លើករួចមកហើយ ដែលលើកទី១ ក្នុងឆ្នាំ២០១៥-២០១៨ និងលើកទី២ ក្នុងឆ្នាំ២០១៨-២០២១ ដោយទទួលបាននូវជ័យលាភីស្លាកសញ្ញារំដួល១ទង។ 


ចំណែកលោក ជួន ជ័យសត្យា អគ្គលេខាធិការរង នៃគណ:កម្មការវាយតម្លៃទីក្រុងស្អាត បានលើកឡើងថា ៖ នៅក្នុងក្រុងប៉ៃលិន ត្រូវបានអាជ្ញាធរខេត្ត ខិតខំប្រឹងប្រែង យកចិត្តទុកដាក់គ្រប់សកម្មភាព ធ្វើការរៀបចំសណ្តាប់ធ្នាប់បានល្អ សមនឹងទទួលបាននូវជ័យលាភីទីក្រុងស្អាត។ តែខាងក្រ សួងត្រូវចុះធ្វើការពិនិត្យជាក់ស្តែង និងទាមទារនូវឯកសារពិតប្រាកដ ដើម្បីផ្ទៀងផ្ទាត់ និងការពារភាពជាក់ស្តែង ក្នុងការចូលរួមប្រឡងប្រណាំងឱ្យទទួលបានលទ្ធផលល្អប្រសើរ។ លោកបន្តទៀតថា ចំពោះ ការរៀបចំទីក្រុងឱ្យក្លាយទៅជាមានលក្ខណ:ស្តង់ដារ គឺទាមទារឱ្យអនុវត្តការងារ ដោយយកចិត្តទុកដាក់ បំផុត។ សូមបញ្ជាក់ថា នៅក្នុងខេត្តប៉ៃលិន រមណីយដ្ឋាន ដែលមានសក្តានុពលមានចំនួន០៨កន្លែង ហើយក៏មានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ០១កន្លែង (ភ្នំលោកយាយយ៉ាត)។  រមណីយដ្ឋានធម្មជាតិ០៤កន្លែង (អូរធុរេន, អូតាអែម, ស្ទឹងកុយ, និងអន្លង់ខៀវ)៕