About Me

header ads

ប្រជាពលរដ្ឋសង្ឃឹមថា តម្លៃទីផ្សារកសិផលពោតក្រហមនឹងឡើងតម្លៃខ្ពស់ ខណ:រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចុះពិនិត្យ និងណែនាំឱ្យខិតខំប្រឹងប្រែងដាំដុះបន្ថែមដើម្បីជីវភាព

ខេត្តប៉ៃលិន ៖ 

គេសង្កេតឃើញ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន មានការរអ៊ូរទាំនឹងតម្លៃទីផ្សារនៃការនាំចូលសម្ភារ:កសិកម្ម ដូចជា ជីគីមី ថ្នាំសម្លាប់សត្វល្អិត ថ្នាំប៉ូវរុក្ខជាតិ ថ្នាំបាញ់ស្មៅជាដើម មានការឡើងខ្ពស់ត្រដែត ស្ទើរតែមិនអាចទទួលយកបាន ខណ:ដែលតម្លៃទីផ្សារកសិផលដូចជាពោតក្រហម និងដំឡូងមី ស្វាយកែវរមៀត មិនមានការឡើងថ្លៃខ្ពស់នោះទេ តែបែរជាធ្លាក់ចុះថែមទៀតផង។ ទោះបីជាយ៉ាងណា រហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចុះពិនិត្យមើលកសិផលពោតក្រហមនៅតាមស្តង់មួយចំនួនក្នុងក្រុងប៉ៃលិន ធ្វើឱ្យពួកគាត់មានសង្ឃឹមថា អាចនឹងមានតម្លៃទីផ្សារខ្ពស់ជាងនេះបន្តិច។ 



បើតាមប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន បានរៀបរាប់ទាំងត្អូញត្អែរឱ្យដឹងថា ៖ ក្រោយពីកើត វឹកវរសង្គ្រាមរវាងប្រទេសរូស៊ី និងអ៊ុយក្រែន ចាប់ផ្តើមប្រយុទ្ធគ្នា ស៊ីសាច់ហុតឈាម អស់រយ:ពេលជាច្រើនថ្ងៃខែ ធ្វើឱ្យតម្លៃទីផ្សារប្រេងសាំងនិងសម្ភារ:ផលិតផលកសិផលនានា ដែលនាំចូលពីក្រៅប្រទេសមានការឡើងថ្លៃគួរឱ្យកត់សម្គាល់។ ប្រភពបន្តទៀតថា តែចំណែកឯតម្លៃទីផ្សារកសិផលក្នុងស្រុកវិញ មានការធ្លាក់ចុះបន្តិច ហើយបើទោះបីជាមានការឡើងថ្លៃ ក៏មិនខ្ពស់ខ្លាំងដូចរបស់អ្វីដែលឈ្មួញនាំចូលនោះដែរ។ ពួកគាត់ ក៏មានការសំណូមពរ ឱ្យតម្លៃទីផ្សារកសិផលគ្រប់ប្រភេទរបស់កសិករមានការឡើងថ្លៃខ្ពស់ជាងមុនបន្តិច អាចឱ្យលក់បានប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ បើតាមប្រភពព័ត៌មានពីម្ចាស់ស្តង់ពោតក្រហមមួយកន្លែង ឈ្មោះ ស្តង់តាប៉ោង ស្ថិតនៅក្នុងភូមិ ប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ តម្លៃទីផ្សារពោតក្រហម នៅពេល នេះ មានការធ្លាក់ចុះជាងមុនបន្តិច ដោយកាលពីដើមរដូវតម្លៃពោតក្រហម១គីឡូក្រាម ខាងស្តង់បញ្ជាទិញ៦.២បាត (ប្រាក់ថៃ) ប៉ុន្តែរហូតមកដល់ពេលនេះ នៅសល់ត្រឹម១គីឡូក្រាម៥.៤ ទៅ៥.៥បាត(ប្រាក់ថៃ) ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ក៏ខាងស្តង់ខាងលើ ខិតខំប្រមូលទិញកសិផលពោតក្រហមពីប្រជាកសិករដឹកយកទៅលក់ដូរបន្តនៅប្រទេសថៃ ខណ:ដែលមានការចំណេញតិចតួចក៏ដោយ។ 





បើតាមប្រសាសន៍របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ៖ បប្ចុច្បន្ននេះ ទូទាំងពិភពលោក ជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច ដោយសារបញ្ហាសង្គ្រាមរវាងប្រទេសរូស៊ី និងប្រ ទេសអ៊ុយក្រែន ដែលជាកន្លែងផលិតប្រេងឥន្ធន:ដូចជាប្រេងសាំង និងម៉ាស៊ូត សម្រាប់លក់ដូរជូនប្រទេ សនានាទូទាំងសកលលោក។ ចំណែកឯប្រទេសកម្ពុជាយើង ក៏ជួបនឹងវិបត្តិបែបនេះដែរ ដោយសារបញ្ហាប្រេងសាំងឡើងថ្លៃ រីឯតម្លៃទីផ្សារកសិផល របស់ប្រជាកសិករខ្មែរ ខាងលោកកកំពុងតែរកដៃគូ ចូលមកទិញនៅក្នុងតម្លៃខ្ពស់សមរម្យ អាចទទួលយកបាន។ ដូច្នេះ ប្រជាពលរដ្ឋត្រូវខិតខំប្រឹងប្រែងដាំដុះបន្ថែមទៀត ដើម្បីលក់យកថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ៕