About Me

header ads

ទុស្សេខ្សែភ្លើង បណ្តាលឱ្យឆាបឆេះផ្ទះ៣ខ្នង

ខេត្តប៉ៃលិន ៖ 

ប្រជាពលរដ្ឋចំនួន៣គ្រួសារ នាំគ្នាស្រែកទ្រហោយំ រត់ឆ្លេឆ្លាចុះឡើងៗ ឱ្យអ្នកជិតខាងជួយពន្លត់ភ្លើងឆេះផ្ទះ ខណ:នៅសុខៗ ស្រាប់តែមានការទុស្សេខ្សែភ្លើង បង្កជាករណីអគ្គីភ័យឆាបឆេះផ្ទះ បញ្ចេញជាអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ ដឹងដល់រថយន្តពន្លត់អគ្គីភ័យចូលទៅជួយអន្តរាគមន៍។ តែទោះបីជាយ៉ាងណា អគ្គីភ័យនេះ បានលេបត្របាក់ផ្ទះប្រជាបលរដ្ឋចំនួន៣ខ្នង ដំបូលប្រក់ស័ក្ក សី(៧០%) ឱ្យខូចខាតអីវ៉ាន់ សម្រាប់លក់ចាប់ហួយមួយចំនួន ដូចជា សាំង ហ្កេសមួយចំនួនធំ។

ហេតុការណ៍ឆ្លងចរន្តអគ្គិសនី បង្កជាអណ្តាតភ្លើងអគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋនេះ បានកើតឡើងកាលពីវេលាម៉ោង៦ ទី២០នាទីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឱ្យដឹងថា ៖ ម្ចាស់ផ្ទះទី១. ឈ្មោះ ជា វ៉ាន់ដន ភេទប្រុស  អាយុ៣២ឆ្នាំ ឆេះរងការខូចខាតអស់ប្រាក់ថៃ១៥០០០ (បាត) ប្រាក់ខ្មែរ២លានរៀល ប្រាក់ដុល្លារចំនួន ៤០០០ដុល្លារ ស្រាបៀរ៨០កេះ និងឥវ៉ានចាប់ហួយមួយចំនួនទៀតសរុបជាទឹកប្រាក់អស់ប្រហែល៥០០០ដុល្លារទៀត។ ម្ចាស់ផ្ទះទី២. ឈ្មោះ សុខ ឆាយហេង ភេទប្រុស អាយុ៤៣ឆ្នាំ ខូចខាតប្រាក់ខ្មែរចំនួន ៣០០០០០ រៀល គ្រែ ប្រអប់មួយ ទូរស័ព្ទ១១ប្រូមួយគ្រឿង។ ចំណែកម្ចាស់ផ្ទះទី៣. ឈ្មោះ ទេព ឌីណា ភេទប្រុស  អាយុ៥១ឆ្នាំ។ ខូចខាតម៉ូតូឌ្រីមស៊េរីចាស់១គ្រឿង ឆេះមាសចំនួន១ជី ខ្សែដៃផ្លាកទីន៩ជី ប្រាក់ដុល្លារ១៣០០ដុល្លារ ប្រាក់ថៃ២០០០០ (បាត) និងឥវ៉ាន់លក់ចាប់ហួយខូចខាតសរុបប្រាក់ចំនួនប្រហែល១៦០០០ដុល្លារ។

ប្រភពដដែលបញ្ជាក់ទៀតថា មូលហេតុដែលបណ្ដាលឱ្យមានករណីមានអណ្តាតភ្លើងឆាបឆេះ ផ្ទះពលរដ្ឋ៣ខ្នងខាងលើ ដោយសារតែទុស្សេខ្សែភ្លើង រួចក៏បង្កឱ្យឆាបឆេះសន្ធោរសន្ធៅ ផ្ទុះធុងហ្គាស បណ្ដាលឱ្យរាលឆេះដល់ផ្ទះចំនួនពីរទៀត។  រហូតដល់ម៉ោងជិត៨យប់ថ្ងៃដដែល អគ្គីភ័យត្រូវបានពន្លត់ជាស្ថាពរដោយបានប្រើទឹកអស់ចំនួន៣រថយន្តផងដែរ៕