About Me

header ads

ប្រជាពលរដ្ឋម្នាក់ បែរទៅប្រកបរបរចិញ្ចឹមត្រីបន្ថែមពីរបរចំការ សម្រាប់បង្កើនប្រាក់ចំណូលជីវភាព

ខេត្តប៉ៃលិន ៖

ដើម្បីបង្កើនប្រាក់ចំណូលចំពោះជីវភាពប្រចាំថ្ងៃ ប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានជួលគ្រឿងចក្រអេស្កាវ៉ាទ័រជីកកកាយដី របស់ខ្លួន ធ្វើជាស្រះចិញ្ចឹមត្រីអណ្តែង ត្រីប្រា និងត្រីក្រហមជាដើម បន្ថែមពីលើមុខរបរធ្វើចំការ។ 



បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ អ៊ឹម ប៊ុនធឿន អាយុ៥៩ឆ្នាំ បានឱ្យភ្នាក់ងារយើងដឹងថា ៖ លោកបានបែរទៅចិញ្ចឹមត្រីអណ្តែង ត្រីក្រហម និងត្រីប្រា ជាលើកដំបូង ខណ:ដែលទិញកូនត្រីអណ្តែ ងពីឈ្មួញរស់នៅក្នុងក្រុងប៉ៃលិន ចំនួនជាង១៥គីឡូក្រាម អស់រយ:ពេលជាង២ខែមកហើយ ចំណែកកូនត្រីប្រា និងត្រីក្រហម ទិញកូនគេក្នុង១ក្បាលតម្លៃ២០០រៀល។ លោកបន្តទៀតថា ការប្រើចំណីឱ្យត្រីស៊ីគឺ យកពោះវៀនមាន់ ក្បាលត្រី ពោះត្រី និងកាកដូង មកកិនលាយបញ្ចូលគ្នា រួចបាចឱ្យត្រីស៊ី ដែលធ្វើឱ្យត្រីទាំងនោះធំលឿនឆាប់បានលក់។ រហូតមកដល់ពេលនេះ ត្រីអណ្តែងដែលចិញ្ចឹម មុនគេធំអាចល្មមចាប់លក់ ដូច្នេះ គាត់នឹងបូមស្រះឆាប់ៗ ដើម្បីចាប់លក់ឱ្យឈ្មួញទិញយកទៅខេត្តបាត់ដំបង ក្នុង១គីឡូក្រាមតម្លៃ៦០០០ទៅ៨០០០រៀល។ ចំណែកត្រីប្រា និងត្រីក្រហម ទើបតែចិញ្ចឹមមិនទាន់អាចធំល្មមចាប់លក់នោះទេ តែការចិញ្ចឹមត្រីនេះ គឺមិនមានការលំបាកនោះឡើយ គ្រាន់តែទិញចំណីនៅទីផ្សារបាចចូលក្នុងទឹកស្រះ ហើយបូកផ្សំជាមួយនឹងចំណីធម្មជាតិ ដែលខ្លួនផ្សំដោយខ្លួនឯង គឺអាចឱ្យត្រីទាំងអស់នោះធំលឿនឆាប់ចាប់លក់ឱ្យម៉ូយ។ 


លោកបញ្ជាក់ថា ការចិញ្ចឹមត្រីជាលក្ខណ:គ្រួសារនេះ គឺរៀនពីអ្នកដែលគេធ្លាប់ចិញ្ចឹម រៀនពីមិត្តភក្តិ ព្រមទាំងស្រាវជ្រាវតាមប្រព័ន្ធហ្វេសប៊ុក ហើយក៏ចាប់ផ្តើមទិញកូនត្រីគេយកទៅដាក់ចិញ្ចឹមក្នុងស្រះ ក្បែរផ្ទះ ដើម្បីលក់យកថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ លើសពីនេះ នៅពេលយប់ គាត់ក៏បើកភ្លើងអគ្គិស នីបំភ្លឺពីលើផ្ទៃស្រះ ដើម្បីឱ្យសត្វល្អិតហើរចូលទៅក្នុងស្រះ អាចឱ្យត្រីនាំគ្នាចាប់ស៊ីជាចំណីបន្ទាប់បន្សំផងដែរ។ លោកក៏សំណូមពរឱ្យប្រជាពលរដ្ឋ ដែលលក់ដូរត្រីនៅទីផ្សារ អាចចូលទៅទិញត្រីនៅក្នុងស្រះរបស់គាត់បាន ដោយលក់ក្នុងតម្លៃសមរម្យមិនលើសពីទីផ្សារនោះឡើយ៕