About Me

header ads

ក្រៅពីរបរធ្វើចម្ការ កសិករម្នាក់បង្កើតមុខរបរបន្ថែម ដោយទិញកូនអន្ទង់យកទៅចិញ្ចឹមនៅក្នុងស្រះ

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ គេសង្កេតឃើញបុរសជាកសិក រម្នាក់ បានយកពេលទំនេរពីការធ្វើចម្ការ ទៅទិញកូនអន្ទង់ជាង២០គីឡូក្រាមដាក់ព្រលែងចិញ្ចឹមនៅក្នុងស្រះទឹក ក្នុងដីចម្ការរបស់ខ្លួនចំនួន២កន្លែងជាប់គ្នា ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ជីវភាពប្រចាំថ្ងៃ។ 


បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ អ៊ឹម ប៊ុនធឿន ហៅតាយក្ស អាយុ៦៥ឆ្នាំ រស់នៅក្នុងភូមិអូរតាពុកលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងថា ៖ ក្រោយពេលទំនេរពីការងារធ្វើចម្ការ ដាំពោតក្រហម និងដំឡូងមី គាត់បានចំណាយពេលទៅផ្សារ ដើម្បីទិញកូនអន្ទង់តូចៗ ជាង២០គីឡូក្រាម ដោយឈ្មួញទិញ១គីឡូក្រាមតម្លៃ១៥០០០រៀល រួចយកទៅដាក់ចិញ្ចឹមនៅក្នុងស្រះ ឯដីចម្ការរបស់ខ្លួន ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ហើយក៏ទិញយកស្បែកសត្វគោ ដែលគេកាប់នៅកន្លែងសត្វឃាត ទៅកប់នៅក្បែរមាត់ទឹកស្រះ ដើម្បីឱ្យអន្ទង់ស៊ីជាចំណីអាហារ។ គាត់បន្តទៀតថា ការដាក់ចំណីឱ្យអន្ទង់ស៊ីមិនសូវលំបាកនោះទេ ដោយសត្វប្រភេទនេះ ស៊ីក្តាម ខ្យង ខ្ចៅ ឬស្បែកសត្វគោ ក្របី ជាដើម ដោយគ្រាន់តែយកទៅជីកកប់ក្បែរមាត់ស្រះនោះជាការស្រេច។ នេះជាលើកដំបូង ដែលគាត់សម្រេចចិត្តចិញ្ចឹមសត្វអន្ទង់ ព្រោះសង្កេតឃើញថា សត្វប្រភេទនេះ មិនត្រូវការថែទាំអ្វីច្រើនដូចចិញ្ចឹមសត្វផ្សេងៗនោះទេ។ 



លោកបញ្ជាក់ថា នៅពេលប្រមូលផល ត្រូវការបូមទឹកស្រះចេញ គឺអាចប្រើដែកឆក់ ឬកាយដីភក់ ដើម្បីចាប់យកទៅលក់ឱ្យឈ្មួញទិញទៅលក់បន្តឱ្យប្រជាពលរដ្ឋធ្វើម្ហូបអាហារ ដោយគាត់មិនប្រើចំណីគីមីនោះទេ គឺដាក់ចំណីធម្មជាតិសុទ្ធសាធតែម្តង។ លើសពីនេះ នៅពេលក្រោយៗ ទៀត គាត់នឹងទិញកូនអន្ទង់ឱ្យកាន់តែច្រើនទៅព្រលែងក្នុងស្រះទាំងពីរខាងលើ លុះពេលប្រមូលផលទទួលបានច្រើនសម្រាប់បង្កើនប្រាក់ចំណូលក្នុងក្រុមគ្រួសារ។ សូមបញ្ជាក់ថា ៖ ក្រៅពីចិញ្ចឹមសត្វអន្ទង់ គាត់ក៏បានចិញ្ចឹមត្រីអណ្តែង ត្រីប្រា ត្រីក្រហម នៅស្រះជិត១០កន្លែងក្បែរផ្ទះរបស់ខ្លួន ក្នុងក្រុងប៉ៃលិន ដោយបូមលក់ជាបណ្តើរៗ៕