About Me

header ads

គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ប្រារព្ធមិទ្ទីញខួបអនុស្សារីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២

ប៉ៃលិន ៖ 

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន បានប្រារព្ធមិទ្ទីញខួបអនុស្សារីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) នៅមន្ទីរបក្សខេត្ត  ក្រោមអធិបតីភាពឯកឧត្ដម   អុី ឈាន  សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ជំទាវ  បាន  ស្រីមុំ  ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន  ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការគណបក្សមូលដ្ឋាន គណៈកម្មាធិការសាខាបក្ស ស្ថាប័ន មន្ទីរអង្គភាពនានា គណៈកម្មាធិការ គណបក្សក្រុង សង្កាត់ ព្រមទាំងសកម្មជនអ្នកគាំទ្រគណបក្ស យុវជនគណបក្សគ្រប់ជាន់ថ្នាក់ ។



នៅក្នុងសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អានដោយ លោក ជំទាវ  បាន  ស្រីមុំ  រំលេចឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ហើយបានស្វែងរកសន្តិភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងសម្រេចបាននូវសមិទ្ធផលធំៗរាប់មិនអស់ជូនជាតិ មាតុភូមិ ជាទីស្នេហារបស់យើងទាំងអស់គ្នា ។គណបក្សប្រជាជនកម្ពុជា បានបង្ហាញថា ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ។



ឯកឧត្ដម   អុី ឈាន  បានមានប្រសាសន៍ ថា  ៖  តាមរយៈភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ កន្លងមកថ្មីៗនេះ បានបង្ហាញឱ្យឃើញថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលមានភាពចាស់ទុំខាងនយោបាយ មានគោលនយោបាយ និងយុទ្ធសាស្ត្រដឹកនាំប្រកបដោយឧត្តមគតិដ៏ខ្ពង់ខ្ពស់ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។ ជាក់ស្ដែងក្នុងតួនាទីជាស្នូលដឹកនាំនៃរាជរដ្ឋាភិបាល គណបក្ស បាននាំមកជូនប្រទេសជាតិ និងប្រជាជននូវសុខសន្តិភាពយ៉ាងពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដី ការពារបានខឿនឯករាជ្យជាតិ បូរណភាពទឹកដីអធិបតេយ្យភាពជាតិ និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តជាតិ ព្រមទាំងបានស្ដារកសាងខឿនសេដ្ឋកិច្ចសង្គមរឹងមាំ រក្សាបានលំនឹងកំណើនសេដ្ឋកិច្ចជាតិ ដែលមានភាពធន់នឹងវិបត្តិ និងធ្វើឲ្យអត្រាភាពក្រីក្រកាន់តែថយចុះទាបពីមួយឆ្នាំ ទៅមួយឆ្នាំជាបន្តបន្ទាប់ ។ 



ម្យ៉ាងវិញទៀតគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសកម្ពុជាក្លាយជាប្រទេសដែលប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត ជាស្ថាប័នឯករាជ្យ បានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ ដោយមានការចូលរួមពីគណបក្សនយោបាយជាច្រើនឈរឈ្មោះប្រកួតប្រជែងប្រកបដោយសមធម៌ តាមអាណត្តិ ដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោត ។ដើម្បីឆ្លុះបញ្ចាំងនូវឆន្ទៈគាំទ្រដ៏មោះមុតចំពោះគណបក្សប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ដែលជាង ៤ ទសវត្សរ៍កន្លងមក រហូតដល់បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីជាស្នូលដឹកនាំប្រទេសជាតិ សម្រេចបានភារកិច្ច ជាប្រវត្តិសាស្ត្រ ចាប់តាំងពីរំដោះប្រទេសជាតិ និងបានបន្តបេសកកម្មរបស់ខ្លួនឆ្លងកាត់ឧបសគ្គ និងការលំបាកសព្វបែបយ៉ាងរហូតមានការឯកភាពជាតិ ឯកភាពទឹកដីតាមនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាំមកនូវសុខសន្តិភាព គ្របដណ្តប់លើផ្ទៃប្រទេសទាំងមូល។ដែលទាំងអស់នេះ គឺជាមនុញ្ញផលដ៏វិសេសវិសាលនៃកម្លាំងមហាសាមគ្គីរបស់កម្លាំងមហាជន ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវប្រពៃណីរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ពុះពារធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីជាតិនិងប្រជាជន ។ មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមរឹងមាំ មាន គណបក្សប្រជាជនកម្ពុជា គឺមានការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យប្រសើរឡើងជាលំដាប់ ៕