About Me

header ads

ប្រជាកសិករសប្បាយរីករាយក្នុងការប្រមូលផលដំណាំពោតក្រហម ខណ:តម្លៃទីផ្សារឡើងខ្ពស់បន្តិច

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ គេសង្កេតឃើញកសិករមួយចំនួនរស់នៅក្នុងក្រុងប៉ៃលិន ចាប់ផ្តើមប្រមូលផលពោតក្រហម លក់ឱ្យឈ្មួញនៅតាមស្តង់នីមួយៗ ដើ ម្បីបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណ:ដែលតម្លៃទីផ្សារមានការកើនឡើងខ្ពស់បន្តិច ធ្វើឱ្យពួកគាត់ម្នាក់ៗ សប្បាយរីករាយយ៉ាងខ្លាំង។ តែពួកគាត់មានការត្អូញត្អែរក្នុងការចំណាយទៅលើឈ្នួលកម្មករ និងតម្លៃទីផ្សារប្រេងសាំង ម៉ាស៊ូតឡើងខ្ពស់ ជាហេតុធ្វើឱ្យការចំណេញទទួលបានតិចតួច។ 




បើតាមការរៀបរាប់ពីស្រ្តីម្នាក់ ឈ្មោះ ផាន សុំ អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិសួនអំពៅលិច សង្កា ត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឱ្យភ្នាក់ងារយើងដឹងថា ៖ គាត់បានដាំ ដំណាំពោតក្រហមចំនួន២,៥ហិកតា និងដាំដំឡូងមី១ហិកតា នៅលើដីចម្ការរបស់ខ្លួននៅចំណុចខកមូស ក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ គាត់បន្តទៀតថា ចាប់តាំងពីដាំពោតក្រហម រហូតមកដល់ពេលនេះ អស់រយ:ពេលជាង២ខែ លុះពោតដុះលូតលាស់រហូតទុំល្មម ក៏ជួលកម្មករឱ្យប្រមូលផល ដើ ម្បីលក់ឱ្យឈ្មួញ។ ចំពោះទីផ្សារ គឺឈ្មួញទិញក្នុង១គីឡូក្រាម តម្លៃ៦.២បាត (ប្រាក់ថៃ) ជាង៧០០រៀល ខណ:ឆ្នាំមុនតម្លៃទីផ្សារត្រឹមតែ១គីឡូក្រាម៥បាត(ប្រាក់ថៃ) ជាង៦០០រៀលប៉ុណ្ណោះ។ ហើយកសិផលពោតក្រហមរបស់គាត់នាឆ្នាំ២០២២នេះ មិនសូវខូចខាតច្រើននោះទេ ព្រោះដាំរួចមានភ្លៀងធ្លាក់គ្រប់គ្រាន់ ហើយក្រោយពេលប្រមូលផលគាត់ក៏នឹងបន្តដាំពោតក្រហមសារជាថ្មីឡើងវិញ ព្រោះជាចុងរដូវ។ 



ចំណែកប្រជាពលរដ្ឋមួយចំនួនទៀត រស់នៅក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងដែរថា ៖ ក្រោយពីដាំដំណាំពោតក្រហមរួចកាលពី២ខែមុន ស្រាប់តែត្រូវភ្លៀងតិចតួច បណ្តាលឱ្យស្កក មិនសូវមានគ្រាប់ពេញ ការប្រមូលផលមានការធ្លាក់ចុះ ធ្វើឱ្យពួកគាត់មានការបារម្ភពីជីវភាពផងដែរ។ តែទោះបីជាយ៉ាងណា ក្រោយពេលប្រមូលផលរួច នឹងជួលត្រាក់ទ័រឱ្យចូលភ្ជួរដី ដើម្បីដាំពោតសារថ្មីឡើងវិញ ព្រោះស្ថិតនៅចុងរដូវមិនអាចដាំដំឡូងមីបានទេ។ ពួកគាត់ក៏ត្អូញត្អែរ ពីទីផ្សារថ្នាំបាញ់សម្លាប់សត្វល្អិត ជីប៉ូវដើមពោត និងគ្រាប់ពូជឡើងថ្លៃខ្ពស់ ស្ទើរតែមិនអាចរកថវិកាទិញយកទៅដាំបន្តទៀតនោះឡើយ។ ដូច្នេះ ពួកគាត់ក៏សំណូមពរឱ្យខាងមន្ទីរពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍ តម្លៃទីផ្សារដែលឈ្មួញនាំចូល និងតម្លៃទីផ្សារការលក់ដូរកសិផលឱ្យសមតុល្យគ្នា ព្រោះពួកគាត់សង្កេត ឃើញមានគម្លាតគ្នាដាច់ឆ្ងាយពេក។ 


សូមបញ្ជាក់ថា ៖ បច្បុប្នន្ននេះ ប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាកាប់ដើមស្វាយកែវរមៀតចោលស្ទើរអស់ពីចម្ការ ដោយនាំគ្នាងាកបែរទៅដាំពោត និងដំឡូងមីជំនួសវិញ ព្រោះតែទីផ្សារកសិផល មួយនេះមានការធ្លាក់ចុះយ៉ាងគំហុក៕