យុវតីម្នាក់ជិះកង់ដើរលេង ជួបនឹងជនសង្ស័យជាអ្នកភូមិជាមួយគ្នា ប៉ងចាប់រំលោភសេពសន្ថវ:

ខេត្តប៉ៃលិន ៖ 

បុរសម្នាក់ រងការចោទប្រកាន់ប៉ងរំលោភសេពសន្ថវ:ទៅលើយុវតីម្នាក់ ខណ:នាងជិះកង់ដើរលេងជាមួយមិត្តភក្តិនៅតាមភូមិ លុះជិះដាប់ប៉ែកពីគេ ជួបនឹងជនសង្ស័យជាអ្នកភូមិជាមួយគ្នា ស្រាប់តែចាប់ឱបបម្រុងប៉ងរំលោភ ដោយនាងរើបំរាស់រួច ក៏រត់ទៅឱ្យអ្នកភូមិជួយ។ ក្រោយមកក៏ដាក់ពាក្យបណ្តឹងទៅនគរបាលឱ្យចាប់ឃាត់ខ្លួនតែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៤ និង១៥នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិអូរទឹកភ្លាវ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ យុវតីរងគ្រោះមានឈ្មោះ ម៉ ឆ.ណ  ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះ យឹង ដូង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ/ឃុំជាមួយគ្នា (មុខសញ្ញាប្រើប្រាស់គ្រឿងញៀន)។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ យុវតីរងគ្រោះ បានជិះកង់ដើរលេងជាមួយនឹងមិត្ដភក្ដិនៅតាមដងផ្លូវ ដែលមានព្រៃល្បោះតូចៗ លុះដល់កន្លែងកើតហេតុ ក៏បានជួបជាមួយនឹងជនសង្ស័យខាងលើ ដែលកំពុងតែដើរម្នាក់ឯង។ មួយសន្ទុះក្រោយមក ស្រាប់តែជនសង្ស័យ បានធ្វើដំណើរតាមពីក្រោ យក្មេងស្រីខាងលើ ខណ:ដែលមិត្តភក្តិ បានជិះកង់ទៅមុន នៅសល់តែនាងម្នាក់ឯង ហើយជនសង្ស័យ ហៅសួរនាំចុះឡើងៗ។ លុះដល់កន្លែងស្ងាត់ ជនសង្ស័យខាងលើ ក៏បានធ្វើសកម្មភាពចាប់ឱបក្មេងស្រីរងគ្រោះពីក្រោយ បម្រុងធ្វើសកម្មភាព ទើបនាងក៏បានរើបំរាស់ និងរត់ទៅរកឲ្យអ្នកជិតខាងជួយ។ ចំណែកឯជនសង្ស័យ ក៏បានរត់គេចខ្លួនភ្លាមៗ។ ពេលនោះនាងក៏បានទៅប្រាប់ឪពុកម្តាយឱ្យដឹងរឿង ដើម្បីដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល។ ក្រោយទទួលបានសេចក្តីរាយការណ៍នេះ រហូតមកដល់វេលាម៉ោង០៨ និង៣០នាទីយប់ ទើបកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងប្រជាការពារធ្វើការឃាត់ខ្លួនជនសង្ស័យ បានបញ្ជូនមកអធិកាដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីបន្តនីតិវិធី៕