About Me

header ads

ប្រជាពលរដ្ឋដែលប្រកបមុខរបរកាត់ដេរ សប្បាយចិត្ត ពេលដែលបញ្ហាជំងឺកូវីដ១៩ ស្រាកទៅវិញ ធ្វើឱ្យគាត់អាចរកថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាព

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ គេសង្កេតឃើញបុរសជាមេជាងម្នាក់ បានបើកកន្លែងកាត់ដេរ សម្លៀកបំពាក់ផ្សេងៗ ជាពិសេសគឺ ហូល ផាមួង មួយកន្លែងស្ថិតនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានយីហោ «ម៉ាលីកាត់ដេរ»។ ទោះបីជាក្រោយពីបើកដំណើរការហាងកាតត់ដេរបានរយ:ពេលខ្លី ស្រាប់តែជួបនឹងបញ្ហាវិបត្តិជំងឺកូវីដ១៩ ដែល ធ្វើឱ្យបិទហាងអស់រយ:ពេលជាយូរ ខណៈដែលរោងការ ឬបុណ្យទានផ្សេងៗត្រូវបានផ្អាកអស់រយ:ពេល ប្រហែល២ឆ្នាំ លុះដល់ពេលដែលជំងឺកាចសាហាវនេះ បានស្ងប់ស្ងាត់ទៅវិញ ធ្វើឱ្យមុខរបររបស់គាត់ចាប់ផ្តើមដំណើរការធម្មតាឡើងវិញ មានអតិថិជនចូលទៅកាត់ដេរសម្លៀកបំពាក់ ដើម្បីស្លៀកពាក់ក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ ពិធីបុណុយទានផ្សេងៗ ដែលអាចលើកស្ទួយជីវភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។


បើតាមប្រភពព័ត៌មានពី លោក យ៉ែម សេរីវុធ ជាមេការហាងកាត់ដេរខាងលើបានលើកឡើងទាំងទឹកមុខសប្បាយរីករាយឱ្យដឹងថា ៖ ហាងរបស់លោក មានបម្រើការ សេវាកម្មកាត់ដេរគ្រប់កម្មវិធី ក្នុងការកាត់សម្លៀកបំពាក់សម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍ ពិធីភ្ជាប់ពាក្យ ពិធីខួបកំណើត ឬពិធីបុណ្យទានផ្សេងៗជាដើម ឱ្យតែកម្មវិធីណាអតិថិជន ស្លៀកសំលៀកបំពាក់ ប្រពៃណីរបស់ខ្មែរ ពោលគឺប្រើហូល ផាមួងតែម្តង។ លោកបន្តទៀតថា ការកាត់ដេរសម្លៀកបំពាក់នេះ ត្រូវកុម្មង់ក្រណាត់មកពីខេត្តបាត់ដំប ង និងរាជធានីភ្នំពេញ តាមអ្វីដែលភ្ញៀវពេញចិត្ត ហើយក្រណាត់ដែលគេពេញនិយមជាងគេបំផុត គឺហូលខ្មែរ ដែលលក់បានតម្លៃខ្ពស់ មានអ្នកពេញនិយមប្រើច្រើន។  ទោះបីជាយ៉ាងណាក៏ដោយ ក្រោយ ពីរាជរដ្ឋាភិបាលបើកឱ្យដំណើរការប្រទេសឡើងវិញ ពិសេសបើកឱ្យមានការជួបជុំក្នុងកម្មវិធីមង្គលការ និងបុណ្យទាន ធ្វើឱ្យអតិថិជនសម្រុកនាំគ្នាចូលទៅកាត់សម្លៀកបំពាក់ ស្ទើរតែកាត់មិនទាន់នោះឡើយ។ 

លោកក៏សូមអរគុណដល់ភ្ញៀវទាំងអស់ ដែលមានការគាំទ្រ ចូលទៅកាត់សម្លៀកបំពាក់ក្នុងហាងរបស់ខ្លួន ទោះបីជារហូតមកដល់ពេលនេះ មានការស្ងាត់បន្តិច ព្រោះពិធីមង្គល់ការភាគច្រើន គេធ្វើនៅមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ តែក្រោយពីចូលឆ្នាំខ្មែររួចមក មានអ្នកកុម្មង់តិចតួចជាប្រចាំមិន ដាច់នោះឡើយ។ លោកបញ្ជាក់ទៀតថា ៖ ក្រៅពីកាត់សម្លៀកបំពាក់គ្រប់ប្រភេទ និងកាត់ហូល ផាមួង ខាងលោក ក៏មានទទួលបង្រៀនកាត់ដេរ ដល់យុវជន ដែលចាប់អារម្មណ៍ផ្នែកវិស័យកាត់ដេរនេះផងដែរ៕