About Me

header ads

កសិករដាំបន្លែត្រប់ស្រួយ បាក់ទឹកចិត្តខ្លាំង លែងចង់ដាំបន្តទៀត ខណៈតម្លៃទីផ្សារធ្លាក់ចុះយ៉ាងគំហុក

ខេត្តប៉ៃលិន ៖ ប្រជាកសិករម្នាក់នៅស្រុកសាលាក្រៅ បានត្អូញត្អែរប្រាប់អ្នកសារព័ត៌មាន ទាំងទឹកមុខក្រៀមក្រំ អារម្មណ៍មិនជាប់នឹងខ្លួន ចង់យំបនិ្តច ចង់សើចបន្តិច លុះសួរនាំចុះឡើង គាត់ងាកបែរមកមើលមុខ ទាំងទឹកភ្នែក រួចសម្លឹងមើលទៅដំណាំត្រប់នៅក្នុងចម្ការរបស់ខ្លួន ដោយពោលឡើងទាំងអួលដើមកថា គាត់គ្មានទឹកចិត្តទៀតទេ ព្រោះការខិតខំប្រឹងប្រែងដំាបន្លែ បែរជាដល់ពេលប្រមូលផល តម្លៃទីផ្សារធ្លាក់ចុះយ៉ាងគំហុកទៅវិញ ខណៈតម្លៃទំនិញនៅទីផ្សារ និងប្រេងសាំងហក់ឡើងខ្ពស់កប់ពពក ស្ទើរគ្មានថវិកាទិញនោះឡើយ។ ឃើញសភាពបែបនេះ ពិតជាអាណិតអាសូរ ដល់កសិកររូបនេះយ៉ាងខ្លាចចិត្ត មិនដឹងជួយយ៉ាងណា មានតែលើកទឹកចិត្ត ឱ្យពួកគាត់ខិតខំប្រឹងប្រែងដាំបន្លែគ្រប់ប្រភេទថែមទៀត ក្រែងបានតម្លៃខ្ពស់ អាចឱ្យពួកគាត់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ 


បើតាមសម្តីបុរសម្នាក់ ឈ្មោះ ចេត ឡាយ អាយុប្រមាណ៥០ឆ្នាំ រស់នៅភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រៀបរាប់ទាំងទឹកមុខស្រពោនក្រៀមក្រំឱ្យដឹងថា ៖ ជីវិតអ្នកចម្ការ គ្មានទេសេចក្តីស្រណុក ហើយជួបតែទុក្ខលំបាកវេទនា ពី១ឆ្នាំទៅ១ឆ្នាំ។ ម្នាក់ៗខំប្រឹងធ្វើការដាំដុះសង្ឃឹមថា តម្លៃទីផ្សារកសិផលឡើងថ្លៃបន្តិចអាចឱ្យសល់ថវិកាខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាព។ តែផ្ទុយស្រលះពីក្តីស្រមៃ បែរជាថោកស្ទើរហៅលែងឮទៅវិញ បើឈប់ដាំដុះមិនដឹងជាទៅរកមុខរបរអ្វីនោះទេ។ គាត់បានរៀបរាប់ទាំងអួលដើមកទៀតថា ការដាំត្រប់ស្រួយនេះ ពិតជាជួបនឹងការលំបាកខ្លាំងពេលផ្សាំកូន ហើយក្រោយពេលដាំក៏ជួបនឹងបញ្ហាស្លឹកស្វិតដោយសារតែចៃ និងសត្វដង្កូវផងដែរ លុះពេលទៅទិញថ្នាំកំចាត់សត្វល្អិតមានការឡើងថ្លៃខ្ពស់។ គាត់បន្ថែមថា ត្រប់ស្រួយ ដែលដាំមានពីរប្រភេទ គឺត្រប់ស្រួយពណ៌ខៀវ និងពណ៌ស ខណៈដែលតម្លៃត្រប់ពណ៌សឡើងខ្ពស់ជាងពណ៌ខៀវ។ គាត់បញ្ជាក់ថា ត្រប់ស្រួល១គីឡូក្រាម ឈ្មួញទិញក្នុងតម្លៃ៣០០រៀល រីឯត្រប់ស្រួយពណ៌ស ឈ្មួញទិញក្នុងតម្លៃ៤០០ទៅ៥០០រៀល ហើយបើប្រៀបធៀបទៅនឹងឆ្នាំមុន ឃើញថា តម្លៃទីផ្សារត្រប់មានការធ្លាក់ចុះខ្លាំង ណាមួយជួលឈ្នួលឱ្យបេះ គិត១គីឡូក្រាមតម្លៃ២០០រៀល នៅសល់ចំណេញតែ១គីឡូក្រាម ១០០រៀលប៉ុណ្ណោះ ហើយបើគិតកាច់កិនទូទាត់លាត់សើយទៅលើថ្លៃថ្នាំ ថ្លៃជី និងប្រេងសាំងបូមទឹកស្រោចដំណាំមិនរួចខ្លួននោះទេ។ គាត់បញ្ជាក់បន្ថែមថា ដំណាំត្រប់ស្រួយជាង៤០០០ដើម នៅលើដីចំការចំនួនកន្លះហិកតានេះ ដាំចន្លោះពី១ដើមទៅ១ដើម ប្រវែង០.៧ម៉ែត្រ និងទុកទ្រូងប្រវែង១.៥ម៉ែត្រ ហើយការដាំដុះនេះ អត់មានបានទទួលការពន្យល់ណែនាំពីខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិននោះទេ គឺចេះដាំដោយបទពិសោធន៍ខ្លួនឯងតែម្តង ខុសម្តង ត្រូវម្តង ក្លាយទៅជាមានបទពិសោធន៍។ 


លោកក៏ទទូចសុំឱ្យខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងមន្ទីរពាណិជ្ជកម្ម ជួយរកទីផ្សារកសិផលជូនដល់ប្រជាពលរដ្ឋផង ព្រោះកសិករទទួលរងការលំបាកវេទនាខ្លាំងណាស់ ដោយដាំស្វាយ ពេលទទួលផលបែរជាធ្លាក់ថ្លៃ ពេលងាកបែរទៅដាំបន្លែស្ពៃ ត្រកូន ត្រសក់ ត្រប់វិញ ស្រាប់តែធ្លាក់ថ្លៃគ្រប់ផ្នែកទាំងអស់ មើលទៅជាតិនេះមិនរស់បានយូរទេ ខណ:ដែលបន្លែភាគច្រើនគឺគេនាំចូលមកពីតាមបណ្តាខេត្តផ្សេងៗ និងអាចមកពីប្រទេសជិតខាងក៏មិនដឹងដែរ៕