About Me

header ads

កសិករម្នាក់កាក់កបនឹងមុខរបរចិញ្ចឹមសត្វមាន់តាមបច្ចេកទេសថ្មី លក់បានថវិកាសម្រាប់ផ្គត់ផ្គង់ជិវភាពប្រចាំថ្ងៃ

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ គេសង្កេតឃើញកសិករម្នាក់ រស់នៅក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប្រកបមុខរបរចិញ្ចឹមសត្វមាន់ តាមរបៀបបច្ចេកទេសថី្ម ដើម្បីលក់យកថវិកាផ្គត់ផ្គង់គ្រួសារ ដែលធ្វើឱ្យជីវភាពរបស់គាត់កាន់តែប្រសើរឡើង ខណ:ដែលពីមុនរកព្រឹកខ្វះល្ងាច លំបាកតោកយ៉ាកវេទនាយ៉ាងខ្លាំង។ 


បើតាមការរៀបរាប់ពីកសិករ ឈ្មោះ ម៉ិច ចាន់ណា ភេទប្រុស រស់នៅក្នុងភូមិខាងលើ បានប្រាប់ភ្នាក់ងារយើងឱ្យដឹងថា ៖ គ្រួសារគាត់បានចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមសត្វមាន់នេះ អស់រយ:ពេលជាច្រើនឆ្នាំមកហើយ ដោយបានទទួលវគ្គបណ្តុះបណ្តាលពីក្រុមការងារខាងមន្ទីរកសិកម្មខេត្តប៉ៃលិន សហការជាមួយនឹងក្រុមការងារអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ បានចុះទៅបើកវគ្គបណ្តុះបណ្តាលពីរបៀបចិញ្ចឹមមាន់តាមបច្ចេកទេសថ្មី ក្នុងភូមិ ដែលធ្វើឱ្យលោកចេះពីវិធីបង្ការពបញ្ហាជំងឺស ត្វមាន់ និងរៀបចំដាក់ចំណីឱ្យសត្វមាន់ស៊ីបានត្រឹមត្រូវតាមក្បួនខ្នាតផងដែរ។ លោកបន្តទៀតថា ការចិញ្ចឹមសត្វមាន់ហើយធ្វើការបង្កាត់ពូជនេះ មិនចាំបាច់ព្រលែងឱ្យមាន់ឈ្មោលពាក់ជាមួយនឹងសត្វមាន់ញីតាមរបៀបធម្មជាតិ ដើម្បីឱ្យមាន់ពងនោះទេ គឺគ្រាន់តែដាក់ឱ្យមាន់ឈ្មោលនៅក្នុងទ្រុង ដោយឡែក ហើយប្រើតាមបច្ចេកទេសបូមស្ពែម៉ាតូសូអ៊ីតពីមាន់ឈ្មោលបញ្ចូលទៅមាន់ញីតែម្តង ដោយរយ:ពេល២ថ្ងៃបូមបញ្ចូលម្តង លុះមាន់ញីពងអាចយកទៅភ្ញាស់យកកូនចិញ្ចឹមបាន។ 




ការចិញ្ចឹមសត្វមាន់នេះ មាន់បា (ឈ្មោល) គឺលោកទិញពូជពីតាមភូមិខ្លះ ហើយបង្កាត់ពូជខ្លួនឯងខ្លះ ដោយរហូតមកដល់ពេលនេះ មានមាន់ឈ្មោលជាង៣០ក្បាល និងមានមាន់ញីជាង១០០ក្បាល ហើយក៏មានបង្កើតទូសម្រាប់ភ្ញាស់ពងមាន់ខ្លួនឯង អាចដាក់ពងមាន់ភ្ញាស់ម្តងរហូតដល់៧០០គ្រាប់ឯណោះ។ លោកបញ្ជាក់ថា បន្ទាប់ពីភ្ញាស់ពងមាន់រួច ចាក់វ៉ាក់សាំង ការពារជំងឺផ្សេងៗ ដែលមានរយ:ពេលជាង២០ថ្ងៃ អាចចាប់លក់ឱ្យប្រជាពលរដ្ឋទិញកូនមាន់យកទៅចិញ្ចឹម ដោ យមិនបារម្ភក្រែងមានហានិភ័យខ្លាចកើតជំងឺនោះឡើយ។ កូនមាន់ដែលចាក់វ៉ាក់សាំងរួចរាល់ ខាងលោកលក់១ក្បាល តម្លៃ៥៥០០រៀល ហើយក៏មានប្រជាពលរដ្ឋកុម្មង់ទិញស្ទើរតែភ្ញាស់មិនទាន់នោះឡើយ។ ចំណែកឯមាន់សាច់ ខាងលោកក៏ចិញ្ចឹមនៅលើដីចំការខាងក្រោយផ្ទះរាប់រយក្បាលដែរ ដោយចំណាយពេលត្រឹមតែ២,៥ទៅ៣ខែ អាចចាប់លក់ឱ្យឈ្មួញយកទៅលក់បន្តបាន។ មិនត្រឹមតែប៉ុណ្ណោះ ខាងលោកក៏មានការធ្វើទ្រុងមាន់លក់ និងអាចបង្ហាញពីរបៀបចិញ្ចឹមដល់កសិករ ដែលមានចំណាប់អារម្មណ៍ ព្រមទាំងមានលក់ចំណីសត្វ លក់ថ្នាំការពារជំងឺផ្សេងៗ ថែមទៀតផងដែរ។ 


លោកបញ្ជាក់បន្ថែមទៀតថា ក្រោយពីប្រកបមុខរបរចិញ្ចឹមសត្វមាន់នេះ គ្រួសាររបស់លោក មានជីវភាពធូរធារជាងមុន មិនមានការខ្វះមុខខ្វះក្រោយដូចកាលពីមុនឡើយ ហើយថែមទាំងដឹងពីរបៀបថែទាំសត្វមាន់ច្បាស់ បើទោះបីជាមាន់អ្នកភូមិដែលទិញយកទៅចិញ្ចឹមមានការឈឺងាប់ អស់ជាច្រើន តែមាន់របស់លោកមិនមានការខូចខាតនោះទេ ដោយខាងលោកអាចដាក់ថ្នាំការពារ និងព្យាបាលទាន់ពេលវេលា។ ដូច្នេះ បើប្រជាពលរដ្ឋដែលចិញ្ចឹមសត្វមាន់មានបញ្ហាប្រឈមនឹងការឈឺច្រើន អាចទាក់ទងខាងលោកចុះទៅពិនិត្យ និងណែនាំពីរបៀបការពារថែរក្សាដើម្បីកុំឱ្យងាប់ខូចខាត៕