About Me

header ads

ប្រជាពលរដ្ឋប្រមូលផលដំណាំសាវម៉ាវនៅលើដីចម្ការរបស់ខ្លួនចំនួន៦ហិកតា

ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ កសិករម្នាក់ បានចាប់ផ្តើមប្រមូលផលផ្លែសាវម៉ាវដែលបានដាំនៅលើដីចម្ការរបស់ខ្លួនចំនួន៦ហិកតា ស្ថិតនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ គេសង្កេតឃើញទាំងអ្នកភូមិ និងភ្ញៀវទេសចរដែលធ្វើដំណើរទៅលេងរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ បានឆៀងចូលទៅទិញទទួលទានជួបជុំគ្រួសារ និងទិញផ្ញើអ្នកផ្ទះផងដែរ។ 

 



បើតាមការរៀបរាប់របស់លោក ពេជ្រ ស្រស់ អាយុ៥៩ឆ្នាំ ជាម្ចាស់ចម្ការខាងលើ បានឱ្យភ្នាក់ងារយើងដឹងថា ៖ នៅក្នុងចម្ការចំនួន៦ហិកតារបស់ខ្លួន មានដាំដំណាំចម្រុះ ដូចជា សាវម៉ាវ ទុរ៉េន និងដំណាំហូបផ្លែផ្សេងៗជាច្រើនទៀត។ តែរហូតមកដល់ពេលនេះ គាត់បានប្រមូលផលផ្លែសាវម៉ាវ ដោយមានភ្ញៀវនាំគ្នាចូលទៅទិញហូបជារៀងរាល់ថ្ងៃ ដោយគាត់ឱ្យភ្ញៀវដើរបេះខ្លួនឯង រួចយកមកថ្លឹង ក្នុង១គីឡូក្រាម តម្លៃ១០០០០រៀល។ គាត់បន្តទៀតថា ដំណាំសាវម៉ាវនេះ មិនបានប្រើថ្នាំ ឬជីគីមីនោះ ទេ គឺដាំតាមរបៀបធម្មជាតិ ដោយគ្រាន់តែបូមទឹកស្រោចជារៀងរាល់ថ្ងៃ។ ចំពោះបញ្ហាដែលនាំឱ្យលោក ជួបការលំបាកគឺប្រេងសាំង និងម៉ាស៊ូតឡើងថ្លៃ ស្ទើរតែទូទាត់លាត់សើយទៅមិនរួចខ្លួននោះ ឡើយ។ លោកក៏សំណូមពរឱ្យតម្លៃទីផ្សារផលិតផល ដែលនាំចូលមានការចុះតម្លៃ ហើយសូមជួយគាំទ្រ ដល់កសិផលរបស់ប្រជាពលរដ្ឋ ពោលគឺឱ្យតម្លៃឡើងខ្ពស់ជាងនេះបន្តិច ដើម្បីឱ្យពួកគាត់មានជីវភាពធូរធារជាងមុន។ 


លោកក៏បញ្ជាក់បន្ថែមទៀតថា ចំពោះបញ្ហាបច្ចេកទេសដាំដុះ គ្រប់ដំណាំទាំងអស់ មិនដែលទទួលបានការបង្ហាត់បង្រៀនពីខាងមន្ទីរកសិកម្មខេត្តនោះឡើយ ពោលគឺរៀនចេះដោយខ្លួនឯង ខណៈដាំដំបូងមានការងាប់ និងខូចខាតអស់មួយចំនួន លុះដាំឆ្នាំបន្តបន្ទាប់ទៀត ដឹងពីបទពិសោធន៍ ទើបធ្វើឱ្យដំណាំមិនបន្តងាប់ទៀត។ ដូច្នេះ បើភ្ញៀវទេសចរ ដែលធ្វើដំណើរទៅលេងរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ មានចំណាប់អារម្មណ៍អាចចូលទៅលេងចម្ការសាវម៉ាវរបស់គាត់ ព្រោះកំពុងតែចាប់ផ្តើមផ្លែបណ្តើរៗស្ទើរពេញផ្ទៃចម្ការទៅហើយ៕