About Me

header ads

មន្ទីរធនធានទឹកខេត្តប៉ៃលិន ចុះពិនិត្យការស្តារប្រឡាយរង និងពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្រ្ត ក្នុងស្រុកសាលាក្រៅ

ខេត្តប៉ៃលិន ៖ 

ដោយមានការណែនាំចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះពិនិត្យការងារស្តារប្រឡាយរង និងពិនិត្យមើលស្ថានភាពប្រព័ន្ធធារាសាស្រ្ត ក្នុងស្រុកសាលាក្រៅ ដើម្បីធានាឱ្យបានទឹកប្រើប្រាស់ និងសម្រាប់ស្រោច ស្រពដំណាំដាំដុះជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់មិនមានការខ្វះខាត។ 



បើតាមប្រភពព័ត៌មានពីលោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិន បានប្រាប់ភ្នាក់ងារយើងឱ្យដឹងថា ៖ ដោយមានការណែនាំពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងមានការចង្អុលបង្ហាញពី ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោកក៏បានដឹកនាំក្រុមការងារមន្ទីរ ចុះពិនិត្យមើលក្រុមការងារ ដែលកំពុងធ្វើកា រស្តារប្រឡាយរង០១ខ្សែ ដែលមានប្រវែងជាង ១.០០០ម៉ែត្រ មានប្រភពទឹកហូរចេញពីស្ទឹងប៉ៃលិន ។ លោកបន្តទៀតថា នៅព្រឹកថ្ងៃដដែល ក្រុមការងារក៏បានបន្តចុះពិនិត្យមើលស្ថានភាពប្រព័ន្ធធារាសាស្ត្រថ្នល់បត់ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដើម្បីរៀបចំបន្តការងារថែទាំ ក្នុងគោលបំណងឱ្យការប្រើប្រាស់ឱ្យបានយូរអង្វែងរហូតដល់កូនចៅជំនាន់ក្រោយ។ 



ម្យ៉ាងវិញទៀត ការស្តារប្រឡាយទឹកនេះ គឺត្រៀមលក្ខណ: ក្នុងការបង្ការស្ថានភាពគ្រោះរាំងស្ងួត ដែលនឹងកើតឡើងជាយថាហេតុ អាចធ្វើឱ្យប៉ះ ពាល់ដល់ដំណាំដាំដុះ ដូចជា បន្លែ ស្រូវ និងដំណាំផ្សេងៗជាច្រើនទៀត។ លើសពីនេះ ការចុះស្តារប្រឡាយទឹក និងថែទាំប្រព័ន្ធធារាសាស្ត្រនេះ អាចឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានគ្រប់គ្រាន់ ធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់ កាន់តែធូរធារមួយកម្រិតទៀតផងដែរ។ លោកក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងភូមិខាងលើ ត្រូវចូលរួមសហការជាមួយនឹង អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីរធនធានទឹក ក្នុងការថែរក្សាប្រភពទឹក ក៏ដូចជាប្រព័ន្ធធារាសាស្រ្តឱ្យបានគង់វង្ស មិនត្រូវបោះចោលសម្រាម ឬស្ទាក់ទឹកតាមប្រឡាយដោយគ្មានការអនុញ្ញាត ក៏ដូចជាការរំលោភយក ដីចំណីអាងទឹក ចំណីស្ទឹង អូរ និងដីចំណីប្រឡាយ ឡើយ ៕