About Me

header ads

ខេត្តប៉ៃលិន មានភ្ញៀវទេសចរ ចូលមកលេងកម្សាន្តយ៉ាងច្រើនកុះករ

ខេត្តប៉ៃលិន ៖ 

ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២នេះ នៅក្នុងខេត្តប៉ៃលិន មានភ្ញៀវទេសចរ ចូលមកលេងកម្សាន្តយ៉ាងច្រើនកុះករ គួរឱ្យកត់សម្គាល់ ខណ:ដែលរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំធ្វើសង្ក្រាន្ត បង្កលក្ខណ:សប្បាយរីករាយ។ ភ្ញៀវដែលចូលមកលេងនៅតាមរមណីយដ្ឋាននានាក្នុងខេត្តដូចជា រមណីយដ្ឋានម្លប់សាវម៉ាវ រមណីយដ្ឋាន ចំការខ្នុរ និងរមណីយដ្ឋាន ទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ក្នុងរយ:ពេល៣ថ្ងៃគឺមានចំនួន១២២៥៤៥នាក់ ក្នុងនោះភ្ញៀវទេសចរចំនួន២៦៥នាក់។ 


ប្រភពព័ត៌មានបានឱ្យដឹងថា ៖ នៅឆ្នាំ២០២២នេះ មានការប្លែកយ៉ាងខ្លាំង ដោយរដ្ឋបាលខេត្ត ប៉ៃលិន ដឹកនាំដោយ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឧត្តម អ៊ី ឈាន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តប៉ៃលិន សហការជាមួយនឹងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃ លិន បានរៀបចំតុបតែងកន្លែងលេងកម្សាន្ត សួនកុមារ និងបរិវេណជុំវិញវិមានឯករាជ្យទល់មុខសាលាខេត្ត ដោយមានដាក់ជាភ្លើងអគ្គិសនីជាផ្កាភ្ញីទាក់ទាញ។ ប្រភពបន្តទៀតថា គ្រាន់តែដល់ថ្ងៃចូលឆ្នាំមក ដល់ភ្លាម ក្រុមការងារថ្នាក់ខេត្ត បានដឹកនាំប្រជាពលរដ្ឋនិងភ្ញៀវទេសចរលេងល្បែងប្រជាប្រិយកម្សាន្ត សប្បាយៗ ច្រៀងរាំជុំវិញវិមានឯករាជ្យ ដើម្បីអបអរសាទរឆ្នាំថ្មីផងដែរ។ ចំណែកឯនៅថ្ងៃចុងក្រោយគេ ឃើញភ្ញៀវទេសចរណ៍ជាតិ បាននាំគ្នាសម្រុកចូលមកលេងកម្សាន្ត អ្នកខ្លះមានកាំភ្លើងជ័របាញ់ទឹក នៅតាមរថយន្តហ៊ោកញ្ជ្រៀវបង្ក លក្ខណ:សប្បាយរីករាយ។ ចំណែកប្រជាពលរដ្ឋនៅតាមភូមិ ក៏មានត្រៀមទុយោទឹកបាញ់ដាក់ភ្ញៀវ ឱ្យត្រជាក់ខ្លួនប្រាណ និងប៉ាតម្សៅតាមដងផ្លូវរហូតដល់ពេលយប់ទើបនាំគ្នា ឈប់ ត្រឡប់ទៅផ្ទះរៀងៗខ្លួន។ 





បើតាមរបាយការណ៍លោក លឹម វាសនា ប្រធានមន្ទីរទេសចរខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ភ្ញៀវទេសចរ ដែលចូលមកទស្សនាកម្សាន្តក្នុងខេត្តប៉ៃលិន នាឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២នេះគឺ នៅថ្ងៃទី១៤ ភ្ញៀវទេសចរចំនួន៩,៦៧២នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ១៤នាក់។ ថ្ងៃទី១៥ភ្ញៀវទេសចរ សរុប៣៣,៤៣៨ ក្នុងនោះភ្ញៀវអន្តរជាតិ១៤នាក់ដែរ។ រហូតដល់ថ្ងៃទី១៦ ភ្ញៀវទេសចរមានការកើនឡើងខ្លាំងសរុបចំនួន៧៩,៤៣៥នាក់ ក្នុងនោះមានភ្ញៀ វអន្តរជាតិចំនួន២៣៧នាក់ ហើយសរុបទាំងបីថ្ងៃគឺមានចំនួន១២២៥៤៥នាក់ ក្នុងនោះភ្ញៀវទេសចរចំនួន២៦៥នាក់៕