About Me

header ads

ឃុបឃិតគ្នាជាមួយសហាយរៀបចំគម្រោងការសម្លាប់ប្តីខ្លួនឯង បែកធ្លាយពេលប្រជាពលរដ្ឋទៅដកដំឡូងមីប្រទះឃើញសាកសព ទើបឈានដល់ការឃាត់ខ្លួនមនុស្ស២នាក់

ខេត្តប៉ៃលិន ៖ 

រហូតមកដល់វេលាម៉ោង ១១ និង៤៧នាទីព្រឹកថ្ងៃទី០៦  ខែកុម្ភ: ឆ្នាំ២០២២ បែកធ្លាយនូវរឿងរ៉ាវករណីឃាតកម្មមួយនៅចំណុចចំការដំឡូងមីមួយកន្លែង ស្ថិតក្នុងភូមិអូរកន្ធៀងវ៉ា  ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ករណីស្រ្តីជាប្រពន្ធ បានឃុបឃិតជាមួយសហាយរៀបចំគម្រោងការសម្លាប់ប្តីរបស់ខ្លួន ដោយល្បួងឱ្យផឹកស្រារហូតដល់ស្រវឹង រួចដាក់ថ្នាំពុលបាញ់ស្មៅក្នុងកែវឱ្យជនរងគ្រោះ លុះក្រោយមកយកទៅបោះចោលក្នុងព្រៃដំឡូងមី និងយកដំបងវាយទៅលើជនរងគ្រោះ បណ្តាលឱ្យបែកក្បាលស្លាប់តែម្តង។  


បើតាមការរៀបរាប់ពីលោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ៖ សពជនរងគ្រោះដែលត្រូវជនសង្ស័យជាប្រពន្ធ សហការជាមួយសហាយ រៀបចំគម្រោងការយកទៅសម្លាប់ចោលក្នុងចម្ការដំឡូងមី មានឈ្មោះ ពិន សុខន ភេទប្រុស អាយុ៤៥ឆ្នាំ ជាកម្មករ។ ចំណែកជនសង្ស័យមានឈ្មោះ ខឹម ឈន អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ធ និងសហាយមាន ឈ្មោះ ខៀវ សង្ហា ភេទប្រុស អាយុ៣៦ឆ្នាំ ទាំងអស់គ្នា មានទីលំនៅក្នុងភូមិទំនប់ ឃុំស្ទឹត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

ប្រភពបន្តទៀតថា ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចនគរបាលថា ៖ ពួកគេបា នបបួលជនរងគ្រោះផឹកស្រាសនៅក្នុងផ្ទះ រហូតដល់ជនរងគ្រោះស្រវឹង ក៏បានលួចដាក់ថ្នាំពុលបាញ់ ស្មៅ (ប្រភេទទឹកឃ្មុំ)ចូលក្នុងកែវស្រា បណ្តាលឱ្យជនរងគ្រោះសន្លប់បាត់ស្មារតី ទើបយកជនរងគ្រោះ  ទៅក្នុងចំការដំឡូងមី ឆ្ងាយពីផ្ទះបន្តិច បន្ទាប់មកក៏យកដំបងវាយសម្លាប់ជនរងគ្រោះនៅក្នុងចម្ការតែម្តង ។ លោកអធិការនគរបាលស្រុកសាលាក្រៅ បានបញ្ជាក់ថា ករណីឃាតកម្មនេះ បានកើតឡើងតាំងពី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២មកម្លេះ ខណ:ពេលរប្រជាពលរដ្ឋចូលទៅដកដំឡូងមីក្នុងចម្ការក៏បានប្រទះឃើញសពជនរងគ្រោះ ទើបរាយការណ៍ជូនសមត្ថកិច្ច។ ក្រោយពីទទួលបានដំណឹងនេះភ្លាម នគរ បាលជំនាញ និងគ្រូពេទ្យក៏ចុះទៅធ្វើកោសល្យវិច្ច័យ ពិនិត្យលើសព ដោយមានសភាពស្អុយរលួយ  តែផ្នែកក្បាលចំហៀងខាងស្ដាំត្រង់ចំណុចឆ្អឹងថ្ពាល់ មានស្នាមប្រេះប្រវែង៣ស.ម និងរលួយសាច់អស់។ 


ក្រោយពីសមត្ថកិច្ចនគរបាលជំនាញផ្នែកបច្ទេកទេស និងវិទ្យាសាស្ត្រនៃស្នងការខេត្តប៉ៃលិនបានពិនិត្យដោយសនិ្នដ្ឋានថា ៖ សពជនរងគ្រោះ បានស្លាប់ដោយសារអំពើឃាតកម្មប្រាកដមែន។ ក្រោយមកក៏ប្រគល់សពជនរងគ្រោះទៅអ្នកភូមិរៀបចំធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័័យទាំង២រូប ត្រូវបាននគរបាលសួរនាំបន្ថែម និងរៀបចំសំណុំរឿងបញ្ចូនទៅតុលាការខេត្ត៕