About Me

header ads

ប្តីប្រពន្ធយល់ច្រឡំស្មានតែឪពុកម្តាយបំបែកពួកគេចេញពីគ្នា ក៏នាំគ្នាផឹកទឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ ធ្វើអត្តឃាត ខណ:មានកូនទើបអាយុជាង២ខែ

ខេត្តប៉ៃលិន ៖ 

រហូតមកដល់វេលាម៉ោង០៨ និង១០នាទី ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរតាវ៉ៅ បានទទួលព័ត៌មានថា មានជនរងគ្រោះពីរនាក់ប្តី-ប្រពន្ធ បាននាំគ្នាផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ នៅចំណុចចំការរបស់ឈ្មោះ ស្រី ម៉ន ស្ថិតនៅក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេ ទ្យបង្អែកខេត្តប៉ៃលិន។ ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរតាវ៉ៅ បានចុះទៅដល់មន្ទីរពេទ្យបង្អែ កខេត្តប៉ៃលិន ឃើញថា ពិតជាមានករណីផឹកថ្នាំទឹកខៀវពិតមែន។


ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ៖ ជនរងគ្រោះទី១-ឈ្មោះ ប៉ន់ ពឿន ភេទប្រុស អាយុ២៧ឆ្នាំ ជាកសិករ ទី២-ឈ្មោះ មាស នី ភេទស្រី អាយុ៣៩ឆ្នាំ ជាកសិករ ទាំងពីរនាក់ប្តីប្រពន្ធស្នាក់នៅក្នុងចំការកៅស៊ូ នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបានចំណាកស្រុកមករស់នៅក្នុងខេត្តប៉ៃលិន អស់រយ:ពេល១០ឆ្នាំ ទើបមានកូនតូចម្នាក់ភេទប្រុស អាយុជាង២ខែ។ ប្រភពបន្តទៀតថា ក្រោយធ្វើការសាកសួរបុរសស្រ្តីពីរនាក់ប្តី-ប្រពន្ធខាងលើ មុនដំបូងបុរសជាប្តីបានផឹកស្រាស្រវឹង ស្របពេលដែលឪពុកម្តាយខាងប្រពន្ធនៅខេត្តស្វាយរៀង បានទូរស័ព្ទមកប្រាប់ឱ្យនាងប្រញាប់ទៅព្យាបាលជំងឺនៅឯស្រុកកំណើត ព្រោះរាល់ថ្ងៃនាងមានសុខភាពមិនល្អ ឧស្សាហ៍ឈឺ លុះប្តីស្មានថាគ្រួសារខាងប្រពន្ធបំបែកបំបាក់ ទើបបបួលគ្នាផឹកថ្នាំទឹកខៀវតែម្តង។ចំណែកលោកគ្រូពេទ្យ បានបង្ហើបឱ្យដឹងថា ៖ ជនរងគ្រោះទាំងពីរនាក់គ្មានសង្ឃឹមរស់នោះទេ ព្រោះថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ ជាថ្នាំពុលលេខ១នៅប្រទេសថៃ ក្រោយពេលផឹកចូលទៅក្នុងពោះ គឺថ្នាំពុលនេះ បានកាត់ផ្តាច់សាច់ក្រពះ ពោះវៀន រលាករលួយអស់ទៅហើយ។ គ្រូពេទ្យបញ្ជាក់ទៀតថា ប្រជាពលរដ្ឋ ដែលផឹកថ្នាំពុលប្រភេទនេះហើយ មានតែរង់ចាំសេចក្តីស្លាប់ប៉ុណ្ណោះ គ្រាន់តែយូរឬឆាប់ ប៉ុណ្ណោះ។ 


សូមបញ្ជាក់ផងដែរថា ៖ ករណីប្តីប្រពន្ធផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវនេះ បានកើតឡើងតាំងពីវេលាម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ មកម្លេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ទើបសាច់ញាតិរាយការណ៍ជូនសមត្ថកិច្ចនគរបាលឱ្យចុះពិនិត្យ។ បច្ចុប្បន្ន ជនរងគ្រោះខាងលើ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយមានដាក់ខ្យល់អុកស៊ីហ្សែនជំនួយ ហើយរង់ចាំដង្ហើមចុងក្រោយប៉ុណ្ណោះ។