About Me

header ads

លោកជំទាវអភិបាលខេត្តប៉ៃលិន ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ និងឡើងអ្នកតាភ្នំខៀវ

ខេត្តប៉ៃលិន ៖ 

នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយអភិបាលរងខេត្ត ព្រមទាំងមន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្ត បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងឡើងអ្នកតាភ្នំខៀវ ស្ថិតនៅមុខផ្លូវចូលខ្លោងទ្វាររមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការប្តូរទីតាំងអ្នកតាភ្នំខៀវចុះពីកូនខ្ទមចាស់តូច មកដាក់តាំងឱ្យគង់នៅកន្លែងអាស្រមធំទូលាយសង់ថ្មីចំនួន៣ខ្នង ។




លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ក្រោយពីស្ថាបនាផ្លូវ ឡើងកាន់ទៅរមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវរួចរាល់ទាំងស្រុងដែលនឹងបើកដំណើរការ ឱ្យភ្ញៀវទេសចរ ឡើងទៅលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមឆាប់ៗខាងមុខនេះ ខណ:ក្រុមការងារបានរៀបចំតុបតែងដាំដើមផ្កាចម្រុះពណ៌នៅសងខាងផ្លូវ សូនរូបសត្វគ្រប់ប្រភេទ ដើម្បីទាក់ទាក់ទាញភ្ញៀវឱ្យចូលមកលេងក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករ។ លោកជំទាវបានបន្តទៀតថា ទន្ទឹមនឹងនោះ ដោយសង្កេតឃើញរូបសំណាកអ្នកតាភ្នំខៀវ ស្នាក់នៅក្នុងកូនខ្ទមតូចចាស់ទ្រុតទ្រោម ទើបខាងរដ្ឋបាលខេត្ត បានធ្វើការសាងសង់អាស្រមថ្មីចំនួន៣ខ្នង តូច២ ធំ១ និងរៀបចំពិធីឡើងអ្នកតាភ្នំខៀវនេះតែម្តង។ លោកជំទាវបញ្ជាក់ទៀតថា ការធ្វើពិធីនេះឡើង ដើម្បីបួងសួងសុំសេចក្តីសុខ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្ត ទទួលបានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលជោគជ័យគ្រប់ភារកិច្ចរបស់ខ្លួន។ លើសពីនេះ ក៏សូមបួងសួងឱ្យវិញ្ញាណរបស់អ្នកតាភ្នំខៀវ បានជួយថែរក្សាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកលេងរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ឱ្យទទួលបានសេចក្តីសុខក្សេមក្សាន្តទាំងទៅទាំងមក កុំឱ្យមានគ្រោះថ្នាក់អ្វីកើតឡើងឡើយ។ 



ចំណែកលោកតាជី ដែលជាអ្នកដឹកនាំធ្វើពិធីឡើងអ្នកតា និងសូត្រធម៌បើកព្រះនេត្រអ្នកតាភ្នំខៀវនេះ ក៏បានសូត្រធម៌ដង្ហោយកោះហៅអស់ទាំងវិញ្ញាណអារុកអារក្សអ្នកតាព្រៃភ្នំទាំងឡាយ ឱ្យមូលគ្នាចូលមកស្នាក់នៅក្នុងអាស្រមខាងលើ ដើម្បីធ្វើការឃុំគ្រោង ការពារ ថែរក្សា ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តប៉ៃលិន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកពីតាមបណ្តាខេត្តនា នា ចូលមកលេងកម្សាន្ត តាមរមណីយដ្ឋានក្នុងខេត្តប៉ៃលិន ជួបតែសុខសុវត្ថិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ទាំងឡាយទាំងពួង ជាពិសេសជំងឺកូវីដ១៩ផងដែរ៕