About Me

header ads

អាជីវករលក់ដូរគ្រឿងសម្ភារ:ត្រៀមសម្រាប់ប្រជាពលរដ្ឋកាត់ខ្សែស្រឡាយចិន ដើម្បីយកទៅសែនព្រេន នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមខាងមុខ ខណ:ការលក់ដូរមមាញឹកខ្លាំង

(ប៉ៃលិន) ៖ 

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ គេសង្កេតឃើញអាជីវករដែលលក់ដូរគ្រឿងប្រដាប់ប្រដាសម្ភារ:សែនព្រេនសម្រាប់រដូវបុណ្យចូលឆ្នាំចិនវៀតណាម ខាងមុខនេះ កំពុងមមា ញឹក ដោយអ្នកខ្លះញាប់ដៃ ញាប់ជើង លក់ដូរក្នុងតូប ព្រោះប្រជាពលរដ្ឋភាគច្រើនកាត់ខ្សែស្រឡាយចិន ចូលចិត្តសែនព្រេនឧទ្ទិសជូនដល់កុងម៉ារបស់ពួកកេ នាថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ។


បើតាមការរៀបរាប់ពីអ្នកស្រី សុផល អាជីវករលក់គ្រឿងទេស និងសម្ភារៈសែនព្រេន នៅក្នុងផ្សារប៉ាហ៊ី ក្រុងប៉ៃលិន ខេត្តប៉ៃលិន បាននិយាយរៀបរាប់ឱ្យដឹងថា ៖ ការលក់ដូរគ្រឿងសម្ភារ:សែនចូលឆ្នាំចិននាដើមឆ្នាំ២០២២នេះ មានការលក់ដាច់គួរសមដែរ ពោលគឺ ចាប់តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២មកម្លេះ ព្រោះនៅថ្ងៃទី២៦ មករា ខាងមុខនេះ គេសែនដកជើងធូប ឬសែនជូនដំណើរទេវតា ដូច្នេះការលក់ដូររបស់អាជីវករម្នាក់ៗ ហាក់ដូចជាមមាញឹកខ្លាំងមិនខុសពីឆ្នាំមុនៗប៉ុន្មាននោះទេ។


គាត់បន្តទៀតថា ចំណែកសម្ភារសម្រាប់សែន ដែលលក់ដាច់ជាងមានដូចជា លុយដុល្លារសែន ធូប ទៀន ផ្ទះក្រដាស ម៉ូតូ ឡាន សម្រាប់សែនឧទ្ទិសជូនឧបការីជន ជីដូនជីតា ជាដើម។ គាត់បញ្ជាក់ទៀតថា ការលក់ដូរនេះ មានការធ្លាក់ចុះបន្តិច ព្រោះបច្ចុប្បន្ន បញ្ហាជំងឺកូវីដ-១៩ ធ្វើឱ្យប្រជាជនពិបាករកលុយបន្តិច ហើយណាមួយប្រជាពលរដ្ឋមួយចំនួនមានការបារម្ភពីការឆ្លងជំងឺកូវីដ១៩ ទើបមិនសូវមា នអ្នកធ្វើដំណើរមកកាន់ទីផ្សារ ដែលមានមនុស្សកកកុញ ព្រោះពួកគាត់ រក្សាការពារ ខ្លួនតាមការណែនាំ របស់ប្រមុខរដ្ឋាភិបាល ៣ការពារ ៣កុំ ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល ព្រោះនៅក្នុងផ្សារសម្បូរទៅដោយមនុស្ស ងាយប្រឈមនឹងការឆ្លងជំងឺនេះ។


ចំណែកប្រជាពលរដ្ឋដែលមានខ្សែស្រឡាយចិន បានឱ្យដឹងថា ៖ ពួកគាត់បានត្រៀមខ្លួនរួចជា ស្រេចហើយ ក្នុងការទិញសម្ភារផ្សេងៗ យកមកទុកសែនព្រេននៅគេហដ្ឋាន ដើម្បីឱ្យជីដូនជីតាកុងម៉ា ថែរក្សាការពារជៀសផុតពីជម្ងឺកូវីដ១៩ រកស៊ីមានបាន ត្រជាក់ត្រជុំ ព្រមទាំងកុំឱ្យមានបញ្ហាជំងឺផ្សេងៗ និងគ្រោះថ្នាក់ឧបទ្រុបចង្រៃមកយាយីក្នុងក្រុមគ្រួសារ។ មិនតែប៉ុណ្ណោះ ពួកគាត់ក៏មានឱកាសជួបជុំបង ប្អូននាពេលបុណ្យចូលឆ្នាំចិននេះផងដែរ៕