About Me

header ads

លោកជំទាវអភិបាលអញ្ជើញសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារប្រមូលផ្តុំកសិផល(Collecting Center) ដែលរៀបចំដោយ អនុកម្មវិធី ASPIRE (អាស្បាយ) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ 

នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអគារប្រមូលផ្តុំកសិផល (Collecting Center) ដែលរៀបចំដោយ អនុកម្មវិធី ASPIRE (អាស្បាយ) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន និងមានការចូលរួមដោយក្រុមការងារខេត្ត មន្ត្រីជំនាញនៃមន្ទីរកសិកម្ម និងប្រជាកសិករ ប្រធានបណ្តុំ ប្រមាណ៦០នាក់។



លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានធ្វើរបាយការណ៍អោយដឹងថា ៖ អគារប្រមូលផ្តុំកសិផលនេះ បានបង្កើតឡើងក្រោយពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ចុះរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រង និងប្រើប្រាស់អគារប្រមូលផ្តុំកសិផលរបស់កម្មវិធី ASPIRE នៅតាមមូលដ្ឋាន ដើម្បីឱ្យកសិករយល់ពីវត្ថុបំណង នៃការសាងសង់អាគារប្រមូលផ្តុំកសិផល-ប្រភពថវិកានៃការសាងសង់អាគារ និងការគ្រប់គ្រងប្រើប្រាស់។ ម្យ៉ាងវិញទៀត ដើម្បីអោយការគ្រប់គ្រង និងប្រើប្រាស់អាគារនេះប្រកបដោយនិរន្តភាព និងប្រសិទ្ធភាពខ្ពស់។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ ការបង្កើតអគារប្រមូលផ្តុំកសិផល គឺដើម្បីបម្រើផលប្រយោជន៍ដល់កសិករបណ្តុំ ជាសមាជិកបណ្តុំកសិកម្មដែលបានបង្កើតឡើងដោយកម្មវិធី ASPIRE ក្នុងរយៈពេលជាង3ឆ្នាំមកនេះ។លោកជំទាវបន្តថា អគារប្រមូលផ្តុំកសិផលនេះមានផលប្រយោជន៍សំខាន់ណាស់ ព្រោះវាគឺជាកន្លែងស្តុកកសិផល ក្នុងការបញ្ចេញផលិតផលបន្លែរបស់កសិករបណ្តុំទៅរកទីផ្សារ។ លើសពីនេះ គ្រាដែលពួកគាត់មានរាំងស្ទះផ្នែកទីផ្សារ កសិករទាំងអស់ អាចបញ្ជូនផលិតផលកសិផលរបស់គាត់ មកកាន់ទីតាំងអគារប្រមូលផ្តុំកសិផលនេះបាននៅតាមមូលដ្ឋានរៀងៗខ្លួន។លោកជំទាវ បានវាយតម្លៃខ្ពស់នូវសមិទ្ធផលទាំងនេះ។





សូមគូសបញ្ជាក់ផងដែរថា មន្ទីរកសិកម្មខេត្ត និងកម្មវិធី ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ បានកំណត់គោលដៅយ៉ាងច្បាស់ថា គឺជួយកសិករក្រីក្រខ្នាតតូចសរុបទូទាំងខេត្តចំនួន១៤៩៤ គ្រួសារ ដើម្បីកសិករកែលម្អរផលិតភាពកសិកម្ម និងបង្កើនភាពធននៃមុខរបរកសិកម្ម ឲ្យបន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងទទួលបានប្រាក់ចំនេញព្រមទាំងជួយកសិករខ្នាតតូជចូលរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕