About Me

header ads

ប្រជាពលរដ្ឋរស់នៅប៉ៃលិននាំស៊ីឈ្នួលបកសំបកផ្លែពោត ដើម្បីយកថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ គេសង្កេតឃើញប្រជាពលរដ្ឋរស់នៅក្នុង ភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលគ្មានមុខរបរ ឬដីស្រែចំការនឹងគេ បាននាំគ្នាធ្វើជាកម្មករ ទៅស៊ីឈ្នួលដើរកាច់ស្នៀតពោតក្នុងចំការ និងអង្គុយបកសំបកផ្លែពោតឱ្យថៅកែ ដើម្បីបានថវិកាយកទៅផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារប្រចាំថ្ងៃ។ 




បើតាមសម្តីរបស់ស្រ្តីម្នាក់ ឈ្មោះ ចាន់ វី អាយុ៣០ឆ្នាំ បុរសម្នាក់ ឈ្មោះ វី ឈាន អាយុ៦១ឆ្នាំ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានរៀបរាប់ឱ្យដឹងដូចៗគ្នាថា ៖ ពួកគាត់បានមកស៊ីឈ្នួលធ្វើជាកម្មករ កាច់ស្នៀតពោត និងបកសំបកផ្លែពោតក្រហម ឱ្យថៅកែនៅតាមចំការក្នុងក្រុងប៉ៃ លិន អស់រយ:ពេលជាយូរថ្ងៃមកហើយ ដោយការដើរកាច់ស្នៀតពោតនេះ ក្នុង១ធុង ស្ពេត្រូ ថៅកែឱ្យថ្លៃ ឈ្នួល៧០០ ទៅ៨០០រៀល។ ក្នុង១ថ្ងៃ ពួកគាត់អាចរកប្រាក់ចំណូលបានប្រហែលជា២៥០០០រៀល ទៅ៣០០០០រៀល ដើម្បីយកទៅទិញម្ហូបអាហារសម្រាប់ផ្គត់ផ្គង់ជីវភាព។ រីឯការអង្គុយបកសំបកផ្លែពោតវិញ គឺ១ធុងស្ពេត្រូ ថៅកែឱ្យថ្លៃឈ្នួល៥០០រៀល ក្នុង១ថ្ងៃ ពួកគាត់អាចរកប្រាក់ចំណូលបានប្រ ហែល១៥០០០រៀល ទៅ២០០០០រៀល តាមអ្នកដែលបកលឿន ឬយឺត។ ប្រភពបន្តទៀតថា ចាប់តាំងពីកសិករ រស់នៅក្នុងខេត្តប៉ៃលិន នាំគ្នាប្រមូលផលផ្លែពោតក្រហមនាចុងរដូវនេះ ពួកគាត់ក៏មិននៅទំនេរដែរ គឺនាំគ្នាចុះទៅតាមចំការរាល់ថ្ងៃ ដោយអ្នកខ្លះវេចបាយម្ហូបអាហារ អ្នកខ្លះទៀត ដាក់ចានឆ្នាំ និងសម្ភារ:ផ្ទះបាយផ្សេងៗយកទៅដេកតាមរោងចាំចំការ ដើម្បីស៊ីឈ្នួលកាច់ស្នៀតពោតឱ្យថៅកែ។ 





ចំណែកលោក គីម បូរីន ជាម្ចាស់ចំការមួយកន្លែង ស្ថិតនៅក្នុងភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ បានឱ្យដឹងដែរថា ៖ លោកបានដាំដំណាំពោតក្រហមចំនួន៤.៥ហិកតា ដោយកសិផលពោត នៅចុងឆ្នាំ២០២១នេះ មានការធ្លាក់ចុះខ្លាំង ក្នុង១ហិកតា ប្រមូលផលបានត្រឹមតែ១តោនប៉ុណ្ណោះ ដោយសារតែ ភ្លៀងធ្លាក់ជោកជាំរាល់ថ្ងៃខ្លាំងពេក បណ្តាលឱ្យរលួយដើមខូចខាតស្ទើរទាំងស្រុង។ លោកបន្តទៀតថា ដោយជួលឈ្នួលកម្មករឱ្យចូលទៅប្រមូលផល និងជួលរថយន្តដឹកចេញពីចំការ គិតគូរកាច់កិនទៅគឺមិនសល់ថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពនោះឡើយ។ តែទោះបីជាយ៉ាងណា ខាងលោកក៏នៅតែបន្តខិតខំប្រឹងប្រែងដាំដំណាំផ្សេងៗ បន្ថែមទៀត ដើម្បីលក់យកប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ៕