About Me

header ads

កសិករម្នាក់ដាំចេកពងមាន់ប្រមាណ២០០០០គុម្ព ត្អូញត្អែរពីតម្លៃទីផ្សារធ្លាក់ចុះ ខណ:ប្រមូលផលម្តងៗ ជួលរថយន្តដឹកយកទៅលក់នៅផ្សារ ខេត្តបាត់ដំបង

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ គេសង្កេតឃើញកសិករម្នាក់ ដែលបានប្រកបរបរដាំ ដំណាំចេកពងមាន់ប្រមាណ១៣ហិកតា ជាង២០០០០គុម្ព នៅលើដីចំការរបស់ខ្លួន ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានត្អូញត្អែរពីតម្លៃទីផ្សារដំណាំចេកនេះធ្លាក់ចុះ លំបាករកទីផ្សារក្នុងខេត្តប៉ៃលិន ទើបក្រោយពេល ប្រមូលផលម្តងៗ ជួលរថយន្តដឹកយកទៅលក់ដូរនៅឯផ្សារខេត្តបាត់ដំបង។ 




បើតាមការរៀបរាប់របស់បុរសម្នាក់ ឈ្មោះ ហ៊ឹម នេត្រា ហៅពេទ្យ រស់នៅក្នុងភូមិខាងលើ បានឱ្យភ្នាក់ងារយើងដឹងថា ៖ គាត់ចាប់ផ្តើមកាប់ឆ្កាព្រៃ ដាំដំណាំចេកពងមាន់នេះ អស់រយ:ពេល៤ទៅ៥ឆ្នាំមកហើយ ដោយក្រោយពីដាំបានជិត១ឆ្នាំ គាត់បានប្រមូលផលលក់ឱ្យឈ្មួញបរទេស កុម្មង់ ទិញដឹកយកទៅលក់បន្តនៅប្រទេសថៃ និងប្រទេសចិន។ គាត់បន្តទៀតថា ប៉ុន្តែកាលពីចុងឆ្នាំ២០ ២០ កន្លងទៅនេះ ដោយសារតែវិបត្តិជំងឺកូវីដ ១៩ វាយប្រហារប្រទេសកម្ពុជា ក៏ដូចជាប្រទេសថៃ និងប្រទេសផ្សេងៗ ទើបធ្វើឱ្យម៉ូយដែលធ្លាប់កុម្មង់ទិញបានផ្អាកឈប់ទៅវិញ គឺគេទិញក្នុងតម្លៃ៣៥ទៅ៤០បាត (ប្រាក់ថៃ) ក្នុង១គីឡូក្រាម។ ពេលក្រោយមកដោយបរទេសមិនអាចចូលមកទិញ ខាងលោកក៏ប្រមូលផលលក់ដូរនៅតាមផ្សារក្នុងស្រុក គឺនៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង។ តែរហូតមកដល់ពេលនេះ អត់មានទីផ្សារនៅខាងប៉ៃលិន ព្រោះគេទិញតិចតួច ទើបលោកជួលរថយន្តដឹកយកទៅលក់បន្តនៅខេត្តបាត់ដំបង ក្នុងផ្សារប៉ុម ពុយ ដែលទើបនឹងបង្កើតថ្មី ដោយឈ្មួញទិញក្នុង១គីឡូក្រាមតម្លៃ១៨០០រៀលប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ខាងលោកជួលកម្មករឱ្យប្រមូលផលផ្លែចេកដាក់រថយន្ត ដោយបានប្រហែល២តោន ក្នុង១សប្តាហ៍ ហើយក្នុង១ខែ អាចប្រមូលផលបាន៨តោនផងដែរ លុះទូទាត់ថ្លៃឈ្នួលចុះឡើង គឺអាចនៅសល់ថវិកាតិចតួចសម្រាប់ផ្គត់ផ្គង់ជីវភាព។ 




លោកបញ្ជាក់ទៀតថា ជារៀងរាល់ថ្ងៃ ខាងលោកមិនអាចថែទាំដំណាំចេកនេះ ម្នាក់ឯងបានទេ គឺជួលឱ្យកម្មករចូលទៅជួយជម្រះស្មៅនៅតាមគុម្ពចេក កាត់ត្រយ៉ូងចេកដាក់រថយន្ត តែងស្លឹកចេកដែលក្រាស៊ីជាដើម ដោយក្នុង១ថ្ងៃ ត្រូវចំណាយឱ្យកម្មករម្នាក់ចាប់ពី២៥០០០ទៅ៣០០០០រៀល។ លោកបន្ថែមទៀតថា ការថែទាំដើមចេកពងមាន់នេះ មានការលំបាកជាងដំណាំចេកផ្សេងៗ ដោយត្រូវបូមទឹកស្រោច បាញ់ថ្នាំកំចាត់មេរោគ ក៏ដូចជាពិនិត្យមើលស្ថានភាពដើមចេកជាប្រចាំថ្ងៃ។ បើសិនជាបណ្តែតបណ្តោយតែបន្តិច អាចនឹងកើតទៅជាជំងឺក្រាស៊ីស្លឹក និងដើមបណ្តាលឱ្យឆ្លងពីដើមមួយទៅដើមមួយបណ្តាលឱ្យងាប់ខូចខាតអស់ច្រើនថែមទៀតផង។សូមបញ្ជាក់ថា ៖ នៅទូទាំងខេត្តប៉ៃលិន ដំណាំចេកពងមាន់កសិករមានដាំតែ១កន្លែងប៉ុណ្ណោះ ដែលល្អជាងគេ ក្រៅពីនោះ អ្នកដែលប្រកបរបរមួយនេះ បានក្ស័យធន់អស់រលីងទៅហើយ ដោយងាកបែរទៅដាំដំណាំផ្សេងៗជំនួសវិញ៕