About Me

header ads

អភិបាលខេត្តប៉ៃលិន ដឹកនាំគណៈប្រតិភូថ្នាក់ខេត្តចូលរួមកិច្ចប្រជុំលើកិច្ចសហប្រតិបត្តិការ រវាងខេត្តប៉ៃលិន និងខេត្តចន្ទបុរី ប្រទេសថៃ

ខេត្តប៉ៃលិន ៖ 

កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ភាគីប្រទេសថៃ អភិបាលខេត្តចន្ទបុរី, លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំគណៈប្រតិភូខេត្ត ចូលរួមកិច្ចប្រជុំលើកិច្ចសហប្រតិបត្តិការ រវាងខេត្តប៉ៃលិន និងខេត្តចន្ទបុរី ប្រទេសថៃ ។


ក្នុងកិច្ចប្រជុំ ឯកឧត្តម Sutee Thongyam អភិបាលខេត្តចាន់ថៈបុរី បានមានប្រសាសន៍ថា ៖ ដោយខេត្តចាន់ថៈបុរី ជាខេត្តមានវិសាលភាពវិស័យកសិកម្មធំផ្នែកដំណាំឈើហូបផ្លែ ដូច្នេះខេត្តមួយនេះត្រូវការកម្លាំងពលករកម្ពុជាស្របច្បាប់បន្ថែមចំនួន២ម៉ឺននាក់ និងស្នើអោយភាគីកម្ពុជា រៀបចំបញ្ជូនពលករមក ដោយមានលិខិតឆ្លងដែន(បដឺផាក) កាតសម្គាល់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ~១៩ យ៉ាងហោចបានចំនួន២ដង ហើយមុនពេលឆ្លងក្នុងទឹកដីភាគីថៃត្រូវធ្វើតេស្តសំណាក ព្រមទាំងធ្វើចត្តាឡីស័កចំនួន៧ថ្ងៃបន្ថែម ជាបន្ទុករបស់ថៅកែថៃ ។



ជាការឆ្លើយតប លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ដោយសារវិបត្តិកូវីដ~១៩ បានរុករានជីវិត និងសេដ្ឋកិច្ចប្រជាជនជាសកល ធ្វើអោយមានបញ្ហាកង្វះការងារធ្វើ ដូច្នេះបានភាគីថៃបើកទទួលពលករកម្ពុជាអោយបានបម្រើការ គឺជាការកាត់បន្ថយការឆ្លងដែនខុសច្បាប់និងភាពខ្វះខាត ព្រមទាំងអាចរកចំណូល បង្កើនជីវភាពអោយធូរធារជាងមុន ហើយជាមួយគ្នានេះដែរលោកជំទាវ នឹងជួយសម្រួលការធ្វើលិខិតឆ្លងដោយស្របច្បាប់អោយបានឆាប់រហ័សជូនបងប្អូនពលករខ្មែរយើង ។ 





មានមតិបន្ថែម លោកជំទាវអភិបាលខេត្ត បានស្នើអោយភាគីថៃ គោរពតាមការព្រមព្រៀងមិនត្រូវធ្វើបាប បោកប្រាស់ កេងប្រវញ្ចប្រាក់ចំណូលរបស់ពលករកម្ពុជាឡើង បើមានបញ្ហាអ្វីសូមផ្តល់ព័ត៌មានមកខាងភាគីកម្ពុជា ដើម្បីពិភាក្សានិងរកដំណោះស្រាយរួមគ្នា ។ បន្ថែមពីលើនេះ លោកជំទាវ បានសំណូមពរអោយខាងភាគីថៃ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងវីរុសកូវីដ~១៩ ពិសេសវិរុសបំលែងថ្មី អូមីក្រុង ដែលកំពុងរាលដាលថ្មីទៀត ការទប់ស្កាត់បទល្មើសផ្សេងៗ និងជំរុញអោយការសាងសង់ស្ពានព្រំដែនច្រកព្រំ រវាងខេត្តប៉ៃលិន និងចាន់ថៈបុរី អោយបានលឿនឆាប់ ដើម្បីត្រៀមដំណើរបើកច្រកអន្តរជាតិជាប្រក្រតីវិញ ក្រោយវិបត្តុិកូវីដបានចប់ ៕