About Me

header ads

ក្រោយបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែចប់ ភ្ញៀវទេសចរនៅបន្តមកទស្សនាកម្សាន្តនៅរមណីយដ្ឋានម្លប់សាវម៉ាវ និងនាំគ្នារាំលេងកម្សាន្ត

ខេត្តប៉ៃលិន ៖ 

នៅចុងសប្តាហ៍នេះ កាលពីថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ គេសង្កេតឃើញភ្ញៀវទេសចរណ៍ មកពីក្នុងក្រុងប៉ៃលិន ក៏ដូចជាធ្វើដំណើរមកពីតាមបណ្តាខេត្តនានា ចូលមកលេងកម្សាន្តនៅក្នុងរមណីយដ្ឋានម្លប់សាវម៉ាវជាច្រើន ទោះបីជាផុតថៃ្ងបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែហើយក៏ដោយ ដោយអ្នកខ្លះនាំគ្នា ចុះងូតទឹកលេងជាមួយប្រពន្ធកូន ខ្លះកុ ម្មង់បាយម្ហូប ទទួលទានក្បែរមាត់ទឹកស្ទឹង និងមានអ្នកខ្លះទៀត នាំគ្នារាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ដើម្បីបំបាត់នូវទុក្ខកង្វល់ នាថ្ងៃឈប់សម្រាកពីការងារ ។ 



បើតាមការរៀបរាប់ពីលោក ញ៉ៅ សាគុន ជាម្ចាស់រមណីយដ្ឋានម្លប់សាវម៉ាវ បានឱ្យភ្នាក់ងារយើងដឹងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ៖ ទោះបីជាបញ្ចប់ពិធីបុណ្យទៅហើយក៏ដោ យ ក្រោយពីមានការធូរស្បើយពីបញ្ហាជំងឺកូវីដ ១៩បន្តិច រហូតមកដល់ចុងសប្តាហ៍នេះ រមណីយដ្ឋានរបស់លោកមានភ្ញៀវទេសចរ ចូលទៅលេងយ៉ាងច្រើនកុះករ ដោយអ្នកខ្លះ កុម្មង់ម្ហូបអាហារ ដែលពេញនិយមក្នុងខេត្តប៉ៃលិន គឺឆាបន្លែក្រវ៉ាញសាច់ជ្រូក សាច់មាន់ សាច់ទា មានរសជាតិឈ្ងុយប្រហើរគួរឱ្យចង់ញ៉ាំ ខ្លះកុម្មង់មាន់ដុត ស្ងោជ្រក់ត្រីរ៉ស់ ត្រីដុត និងសម្លម្ជូរវ័រខ្នឹងជាដើម ។ លោកបន្តទៀតថា ចាប់តាំងពីព្រឹកថ្ងៃអាទិត្យទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ គឺមានភ្ញៀវបើកបររថយន្តចូលទៅលេងជាបន្តបន្ទាប់ អ្នកខ្លះប្តូរសម្លៀកបំពាក់ចុះងូតទឹក ខ្លះទៀតចាក់ធុងបាសរាំលេងនៅ ក្រោមម្លប់សាវម៉ាវ ដែលត្រជាក់ រហូតដល់ល្ងាចទើបនាំគ្នារៀបចំខ្លួនឡើងរថយន្តធ្វើដំណើរទៅផ្ទះរៀងៗខ្លួន។ ចំណែកឯទឹកស្ទឹងបរយ៉ាខា ដែលហូរចុះមកពីប្រទេសថៃ ក្នុងទិសដៅពីត្បូងទៅជើង ដ៏ថ្លាយង់ ក៏ត្រជាក់ស្រេប គួរឱ្យចង់ងូតលេង ទោះបីជាអ្នកមិនចេះហែលទឹកក៏អាចលេងបានដែរ ព្រោះទឹកនេះ រាក់ល្មមក្នុងការចុះងូត។ 




លោកបញ្ជាក់ទៀតថា មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងរមណីយដ្ឋានរបស់ខ្លួន មានដាំ ដើមសាវ ម៉ាវជាច្រើនដើម ដាំដើមធុរេនជាង១០០ដើម ដើមមៀនប៉ៃលិន ហៅតាង៉ែន និងដាំដើមឈើហូបផ្លែជាច្រើនទៀត ដើម្បីពេលដល់រដូវ អាចឱ្យភ្ញៀវទិញយកទៅទទួលទាន និងផ្ញើក្រុមគ្រួសារ។ ដូច្នេះ បើភ្ញៀវទេសចរធ្វើដំណើរមកលេងក្នុងខេត្តប៉ៃលិន កុំភ្លេចរមណីយដ្ឋានម្លប់សាវម៉ាវ ដែលមានចំងា យពីក្រុងប៉ៃលិន ប្រហែល១០គីឡូម៉ែត្រប៉ុណ្ណោះ ៕