About Me

header ads

ប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារព្រំ ស្នើសុំឱ្យអាជ្ញាធរស្រុកឈប់ដាក់ច្រវ៉ាក់ឃាំងផ្លូវសាធារណ:ចូលក្នុងផ្សារ ដើម្បីសម្រួលដល់អ្នករស់នៅ ជុំវិញផ្សារ

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅជុំវិញផ្សារព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានសំណូមពរទៅអាជ្ញាធរស្រុកសាលាក្រៅ ឱ្យរៀបចំសណ្តាប់ធ្នាក់ ទម្លាក់ខ្សែច្រវ៉ាក់ ឃាំងផ្លូវជុំវិញផ្សារ ទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយចេញ ព្រោះជាផ្លូវសាធារណ:មិនពាក់ព័ន្ធនឹងផ្សារទេ ខណ:អ្នកយកភាស៊ីបានធ្វើការដាក់ឃាំងខ្សែច្រវ៉ាក់នេះ ខណ:ពេលកើតមានបញ្ហាជំងឺកូវីដ១៩ ដើម្បីត្រួតពិនិត្យ និងឱ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរចូលក្នុងផ្សារ ពាក់ម៉ាសឱ្យបានត្រឹមត្រូវ កុំឱ្យឆ្លងជំងឺកូវីដ ១៩។  តែក្រោយពីរដ្ឋាភិបាលបានប្រកាសបើកឱ្យដំណើរការប្រទេសឡើងវិញ គេនៅតែឃើញដាក់ច្រវ៉ាក់ឃាំ ងផ្លូវដដែល ធ្វើឱ្យពួកគាត់មានការលំបាកធ្វើដំណើរចេញចូល។ 





បើតាមការរៀបរាប់ពីប្រជាពលរដ្ឋរស់នៅក្បែរផ្សារព្រំ ម្នាក់ ឈ្មោះ សៀត ភេទប្រុស បានឱ្យភ្នាក់ងារយើងដឹងថា ៖ ដោយសារតែការដាក់ច្រវ៉ាក់ឃាំងផ្លូវសាធារណជុំវិញផ្សារទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ ដើម្បីទារភាស៊ីរបស់ក្រុមការងារដេញថ្លៃភាស៊ី ធ្វើឱ្យពួកគាត់មានការលំបាកជិះម៉ូតូចេញចូល ហើយត្រូវបង់ថ្លៃផ្ញើម៉ូតូ ណាមួយផ្លូវខាងលើមិនមែនជាផ្លូវចូលទៅក្នុងផ្សារនោះទេ គឺជាផ្លូវសម្រាប់ឱ្យប្រជាពលរដ្ឋរស់នៅជុំវិញផ្សារជិះម៉ូតូ និងបើកបររថយន្តចេញពីផ្ទះទៅធ្វើការងារខាងក្រៅប៉ុណ្ណោះ។ តែបើគេដាក់ច្រវ៉ាក់ឃាំងផ្លូវមុខក្រោយបែបនេះ នាំឱ្យពួកគាត់លំបាក ធ្វើឱ្យស្ទះផ្លូវ ហើយប្រជាពលរដ្ឋដែលត្រូវចូលទៅទិញម្ហូបអាហារ មិនអាចចូលបាននោះទេ ជាហេតុធ្វើឱ្យការលក់ដូររបស់ពួកគាត់នៅជុំវិញផ្សារក៏មិនសូវដាច់ ព្រោះម៉ូយភាគច្រើន គេទៅទិញកន្លែងផ្សេង ។ ប្រភពបន្តទៀតថា កាលពីមុនគេមិនធ្លាប់ដាក់ច្រវ៉ាក់ ប្រជាពលរដ្ឋដែលនៅក្បែរៗ ខាងមុខផ្សារ តែងតែជិះម៉ូតូទៅទិញម្ហូបយ៉ាងច្រើនកុះករ មិនមានអ្នកឈរទាញម៉ូតូមុខក្រោយឱ្យចូលចតកន្លែងផ្ញើម៉ូតូនោះទេ ព្រោះពួកគាត់ទៅទិញម្ហូបតែមួយភ្លែតប៉ុណ្ណោះ។ 



ចំណែកអាជីវករលក់ដូរនៅក្បែរៗ ផ្សារខាងលើ ក៏រអ៊ូរទាំដែរ ខណ:ពួកគាត់លំបាកដឹកបន្លែបន្តិចបន្តួចចូលទៅលក់ដូរនៅក្នុងផ្សារ ព្រោះគាត់ត្រូវបង់ថ្លៃផ្ញើម៉ូតូ បង់ថ្លៃភាស៊ីតូប លុះលក់បន្លែបន្តិចបន្តួច ធ្វើឱ្យមានការលំបាកខ្លាំង ហើយពួកគាត់ក៏ស្នើឱ្យដាក់ច្រវ៉ាក់តែផ្នែកខាងផ្សារប៉ុណ្ណោះ ចំណែកផ្លូវសាធារណ:ជុំវិញផ្សារសូមឱ្យដោះច្រវ៉ាក់ទាំងផ្នែកខាងមុខ និងខាងក្រោយចេញ។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានផ្សារ ឈ្មោះ ប៉ិ បានឱ្យភ្នាក់ងារយើងដឹងថា ៖ ការដាក់ច្រវ៉ាក់ឃាំងផ្លូវចូលនៅជុំវិញផ្សារ គឺខាងស្រុកជាអ្នករៀបចំ ខាងលោកមិនដឹងនោះទេ។ បើតាមអ្នកទារភាស៊ីម្នាក់ ឈ្មោះ ម៉ៃ ភេទប្រុស បានឱ្យដឹងថា ៖ ការដាក់ច្រវ៉ាក់នេះ គឺដើម្បី ងាយស្រួលក្នុងការណែនាំដល់ប្រជាពលរដ្ឋ ដែលចូលទៅក្នុងផ្សារឱ្យពាក់ម៉ាសគ្រប់ៗគ្នា ដើម្បីការ ពារកុំឱ្យធ្វេសប្រហែសនាំឱ្យឆ្លងជំងឺកូវីដ១៩។ ចំណែកលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឱ្យដឹងដែរថា ៖ ការដាក់ច្រវ៉ាក់នេះ មិនមែនខាងលោកជាអ្នកឱ្យដាក់នោះទេ គឺខាងសណ្តាប់ធ្នាប់ជាអ្នករៀបចំ ត្រួតពិនិត្យ ពេលប្រ ជាពលរដ្ឋចូលទៅក្នុងផ្សារមិនពាក់ម៉ាសគឺមិនអនុញ្ញាតនោះឡើយ។ តែបើសិនជាប្រជាពលរដ្ឋមិនពេញចិត្តចំពោះការដាក់ច្រវ៉ាក់ខាងលើនេះ លោកនឹងឱ្យគេទម្លាក់ចុះទាំងអស់ មិនឱ្យបន្តដាក់ទៀត នោះទេ៕