About Me

header ads

កសិករម្នាក់ជោគជ័យក្នុងការផលិតស្រាចម្រាញ់ចេញពីផ្លែមៀនប៉ៃលិន ម៉ូយកុម្មង់ទិញរាប់ពាន់ដប

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គេសង្កេតឃើញកសិករមួយ គ្រួសារ បានទទួលជោគជ័យមួយកម្រិត ក្នុងការផលិតស្រាម្យ៉ាង ដែលចម្រាញ់ពីផ្លែមៀនប៉ៃលិន ហៅតាង៉ែន ដោយមានម៉ូយនៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញ កុម្មង់ទិញយកទៅហូប និងលក់ដូរតាមហាង ធ្វើឱ្យអាជីវកម្មមួយនេះជោគជ័យ ទោះបីជាគាត់មានដើមទុនតិចតួច ក៏នឹងពង្រីកបន្ថែមទៀត។ 


លោក វួច ធុច រស់នៅក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ លោកបានស្រាវជ្រាវផលិតជាប្រភេទស្រាថ្មី ដែលកែច្នៃចេញពីផ្លែមៀនប៉ៃលិនសុទ្ធសាធ ហើយស្រាមៀនប៉ៃលិន (Pailin Longan Wine) ជាប្រភេទស្រាមានរសជាតិឆ្ងាញ់ ក្រអូបឈ្ងុយជក់ចិត្តក្រោយពីទទួលទានរួច ដោយលោកក៏បានបង្កើតជាស្លាកយីហោ (PALOWIN) ដែលកំពុងចរា ចរណ៍នៅលើទីផ្សារក្នុងស្រុក នៅតាមខេត្តនានា និងរាជធានីភ្នំពេញផងដែរ។ លោកបន្តទៀតថា ពាក្យ(PALOWIN) ត្រូវបានបំបែកចេញពីពាក្យថា Pailin Longan Wine ឬជាភាសាខ្មែរថា ស្រាមៀនប៉ៃលិន គឺជាយីហោផលិតផលថ្មីរបស់សិប្បកម្មលោក ដែលបានស្រាវជ្រាវ ផលិតចេញជាស្រាដែលមានរសជាតិផ្អែម ចត់ ជូរ និងល្វីងតិចៗ លាយនឹងក្លិនក្រអូបឈ្ងុយ វេចខ្ចប់យ៉ាងល្អនៅក្នុងដប ហើយក៏អាចរក្សាទុកបានយូរមិនចាញ់ស្រាក្រហម ឬស្រាទំពាំងបាយជូរដែលនាំចូលមកពីក្រៅប្រទេសប៉ុន្មានដែរ។  



លោកបានឲ្យដឹងទៀតថា ៖ សិប្បកម្មផលិតស្រាចេញពីផ្លែមៀនប៉ៃលិននេះ លោកបានសាកល្បងផលិតតាំងពីឆ្នាំ២០០៨មកម្លេះ។ ប៉ុន្តែ ដោយសារតែខ្វះខាតដើមទុន និងធន ធានចំណេះដឹងផ្នែកផលិតស្រាផងនោះ ក៏ត្រូវបានបរាជ័យជាច្រើនលើកច្រើនសារ។ ទើបតែនៅឆ្នាំ២០១៨ ដែលអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតស្រានេះ បន្ទាប់ពីបានសន្សំដើមទុន និងឆ្លងកាត់ការសិក្សាពីអ្នកជំនាញជនជាតិស្កតឡែនម្នាក់ ហើយអាចដំណើរការរហូតមកដល់សព្វថ្ងៃនេះ។ លោកបញ្ជាក់ថា លោកពិតជាចាប់អារម្មណ៍ទៅលើការផលិតស្រាមៀនប៉ៃលិន ដោយសារកសិផលផ្លៃមៀនប៉ៃលិនមានស្រាប់ មិនពិបាករកទិញ ហើយក៏មិនសូវចំណាយដើមទុនច្រើននោះដែរ ។ ម៉្យាងទៀត វាក៏ជាផលិតផលក្នុងស្រុកលើកដំបូងគេបង្អស់ដែលមិនទាន់មានគេផលិតនៅឡើយទេ ហើយលោកក៏មានលទ្ធភាពអាចផលិតស្រាមៀនប៉ៃលិនបាន២០០០ដប ក្នុងមួយលើកដែលចំណាយពេលប្រមាណ៦ខែ ក្នុងការផ្អាប់ទុកផ្លែមៀនឈ្ងុយល្អ បន្ទាប់មកទើបគេធ្វើការច្រោះ និងច្រកដបវេចខ្ចប់ឲ្យបានស្អាតសម្រាប់នាំយកទៅលក់ដូរនៅលើទីផ្សារ។ 


ចំណែកផ្លែមៀនប៉ៃលិន ដែលជាវត្ថុធាតុដើមយ៉ាងសំខាន់ក្នុងការផលិត ត្រូវបានប្រមូលទិញពីកសិករប្រមាណ៤តោនក្នុងការផលិតចេញជាស្រាម្ដង (រយៈពេល៦ខែ) ហើយផ្លែមៀនទាំងនោះ។ ពាក់ព័ន្ធទៅនឹងតម្លៃស្រាមៀនប៉ៃលិន ដែលត្រូវបានដាក់លក់នៅលើទីផ្សារក្រោមស្លាកយីហោ Palowin មានតម្លៃចន្លោះពី ១០-១២ដុល្លារក្នុងមួយដប មានចំណុះ៧៥០មីលីលីត្រ ដែលជាតម្លៃមួយសមរម្យសម្រាប់អតិថិជនទូទៅ ដែលនិយមគាំទ្រស្រាមិនមានសារធាតុអាកុលខ្ពស់។ បច្ចុប្បន្ន ស្រាប្រភេទនេះ កំពុងមានចរាចរណ៍ដាក់លក់នៅគ្រប់បណ្តាខេត្តក្រុងទូទាំងប្រទេស។ លោកបានបន្ថែមថា ៖ ស្រាផ្លែមៀននេះគឺមានប្រយោជន៍ច្រើនចំពោះសុខភាព បើយើងទទួលទានសមល្មម និងត្រឹមត្រូវប្រចាំថ្ងៃ ពោលគឺអាចជួយដល់ការរំលាយអាហារ ជួយសម្រួលដល់ប្រព័ន្ធសរសៃឈាម បេះដូង ជាពិសេសអាចជួយដុតជាតិខ្លាញ់ក្បាលពោះបានយ៉ាងប្រសើរ លើកលែងតែការទទួលទានលើសកម្រិតប៉ុណ្ណោះដែលអាចប៉ះពាល់ដល់សុខភាព។ លោកបានចំណាយដើមទុនប្រមាណ៦០០០ដុល្លារ ក្នុងការទិញឧប ករណ៍សម្រាប់ច្រោះ ទិញម៉ាស៊ីនសម្រាប់ច្រក ម៉ាស៊ីនបញ្ចូលឆ្នុក និងទិញឆ្នុក ហើយក្រៅពីនេះ ត្រូវទិញដប និងការបោះពុម្ពស្លាកសញ្ញាយីហោជាដើម។ ទាក់ទងទៅនឹងការផលិត ក៏មានផលលំបាកជាច្រើន ដោយសារធ្វើជាលក្ខណៈគ្រួសារ ហើយភាគច្រើនជួបប្រទះបញ្ហាដើមទុន សម្រាប់ទិញសម្ភារទំនើបៗ ដែលមានតម្លៃថ្លៃសម្រាប់យកមកផ្គត់ផ្គង់ក្នុងការផលិត។ លោកក៏មានគម្រោងបន្ថែមកម្លាំងពលកម្ម ក៏ដូចជាពង្រីកការផលិតឱ្យកាន់តែច្រើន និងអាចនាំចេញទៅទីផ្សារបរទេសទៀតផង។ 

លោកបន្ថែមថា អ្វីដែលសំខាន់នោះគឺ គោលជំហរ ឆន្ទៈ និងការស្រឡាញ់ចូលចិត្ត គួបផ្សំជាមួយនឹងការអនុវត្តជាជំហានៗ ជៀសវាងបោះទុនច្រើននៅគ្រាដំបូង ហើយត្រូវជួបភាពបរា ជ័យដែលធ្វើឲ្យខាតបង់ច្រើន។ ជាចុងក្រោយ លោកក៏សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ជាពិសេសបងប្អូនប្រជាជនខ្មែរ ដែលតែងតែគាំទ្រ និងលើកទឹកចិត្តដល់សិប្បកម្មរបស់លោក ដើម្បីបន្តដំណើរអភិវឌ្ឍផលិតលខ្មែរឱ្យកាន់តែល្អប្រសើរជានេះទៅទៀត៕