About Me

header ads

កសិករចាប់ផ្តើមប្រមូលផលដំឡូងមីទោះបីមិនទាន់គ្រប់ខែ ខណ:តម្លៃទីផ្សារឡើងខ្ពស់ជាងឆ្នាំមុន ដើម្បីលក់យកថវិកាសងជំពាក់បំណុលគេ

ខេត្តប៉ៃលិន ៖ 

ទោះបីជានៅចុងរដូវនាឆ្នាំ២០២១នេះ មានភ្លៀងធ្លាក់ជោកជាំ ធ្វើឱ្យដំណាំដំឡូងមី របស់កសិករ រស់នៅក្នុងក្រុងប៉ៃលិន ជាច្រើននាក់ ទទួលរងផលប៉ះពាល់ ដោយរលួយខូចជាអន្លើៗ ត្រង់កន្លែងជាំទឹក ជាហេតុធ្វើឱ្យម្នាក់ៗ មានការបារម្ភយ៉ាងខ្លាំងពីជីវភាព។ ទើបរហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កសិករដែលដាំដំឡូងមីមិនទាន់គ្រប់ខែ ចាប់ផ្តើមប្រមូលផលជាបណ្តើរៗ ខណ:ទីផ្សារឡើងខ្ពស់ជាងឆ្នាំមុនបន្តិច ដើម្បីលក់នៅតាមស្តង់ យកថវិកាសងជំពាក់បំណុលគេ។ 



បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ បានដាំដំឡូងមីចំនួន២.៥ហិកតា នៅលើដីចំការជួលគេមួយកន្លែង ស្ថិតនៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ លោកបានដាំដំឡូងមីអស់រយ:ពេល៨ខែមកហើយ ដោយ សារតែអត់មានថវិកាសម្រាប់យកទៅសងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ និងមានកន្លែងខ្លះទទួលរងការរលួយមើមត្រង់ដីទំនាប ទើបបង្ខំចិត្តជួលកម្មករឱ្យប្រមូលផលដឹកយកទៅលក់តែម្តង។ លោកបន្តទៀតថា តាមពិតទៅដំឡូងមី ដែលមានម្សៅពេញល្អ គឺរយ:ពេល១២ខែ ទើបគេប្រមូលផល។ តែពេលនេះ ដោយសារតម្លៃទីផ្សារឡើងខ្ពស់ជាងឆ្នាំមុន ១គីឡូក្រាម ឈ្មួញទិញ២.៣បាទ(ប្រាក់ថៃ) ជាង៣០០រៀល ខណ:ដែលឆ្នាំមុនឈ្មួញទិញ១គីឡូក្រាម ត្រឹមតែ១.៨បាទ (ប្រាក់ថៃ)ជាង២០០រៀ លប៉ុណ្ណោះ។ 




លោកបញ្ជាក់ទៀតថា ដីចម្ការខាងលើជួលពីម្ចាស់គេ ក្នុង១ហិកតាតម្លៃ៨០០០បាត លុះប្រមូលផលលក់រួច សងថ្លៃជួលដី និងសងថ្លៃជំពាក់ផ្សេងៗ ហើយទុកសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ លោកក៏សប្បាយចិត្តដោយឃើញតម្លៃទីផ្សារដំឡូងមីនាចុងឆ្នាំនេះ មានការឡើងថ្លៃខ្ពស់ ហើយបើសិនជាតម្លៃនេះនៅឋេរដដែល ទោះបីជានៅក្នុងចំការ មានការរលួយមើមអស់មួយចំនួនក៏មិនបារម្ភខ្លាំងនោះដែរ ព្រោះកន្លែងដីទួលខ្លះមិនជាំទឹក អាចប្រមូលសម្រាប់លក់បានដែរ។ សូមបញ្ជាក់ថា ៖ នៅក្នុងស្តង់ដំឡូងមីទូទាំងខេត្តប៉ៃលិន មិនទាន់បើកទទួលទិញជាលក្ខណ:ទូលំទូលាយនោះទេ ដោយបើកទិញតែស្តង់តិចតួចប៉ុណ្ណោះ។ ដូច្នេះ មុននឹងកសិករប្រមូលផល ពួក គាត់បានដើរសួរនាំនៅតាមស្តង់ដំឡូងមីរួចរាល់ ទើបនាំគ្នាជួលកម្មករដកដំឡូងមីយកទៅលក់តែម្តង៕