About Me

header ads

សម្ដេចក្រឡាហោម ស ខេង អញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តរតនគិរី

ខេត្តរតនគិរី៖

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តរតនគិរី។ ពិធីនេះប្រព្រិតឡើងនាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១មានការអញ្ជើញចូលរួមឯកឧត្តម ជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តរតនគិរីជាច្រើនរូបទៀតផងដែរ។

តាមព្រះរាជក្រឹត្យព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងឯកឧត្តម ញ៉ែម សំអឿន ជាអភិបាលនៃ  គណៈអភិបាលខេត្តរតនគិរី ខណៈដែលអតីតអភិបាលខេត្តរតនគិរីឯកឧត្តម ថង សាវុន ត្រូវបានត្រាស់បង្គាប់ផ្ទេរភារកិច្ចពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី។បន្ទាប់ពីប្រសាសន៍ស្វាគមន៍និងរាយការពីស្ថានភាពភូមិសាស្រ្តស្ថានភាពសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់រដ្ឋបាលខេត្តពីសំណាក់ឯកឧ្តម ថង សាវុន រួចមកឯកឧត្តម ញ៉ែម សំអឿន ដែលទើបប្រកាសចូលកាន់តំណែងថ្មីបានប្ដេជ្ញាចិត្ត លើកកម្ពស់សេវាសង្គម កសាង កែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ស្របតាមការអភិវឌ្ឍនៅមូលដ្ឋាន ប្រកបដោយសមធម៌ និងមានចីរភាព ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ និងបន្តដោះស្រាយទំនាស់ដីធ្លី និងករណីទំនាស់ផ្សេងៗទៀត ក្រៅប្រព័ន្ធតុលាការ ដើម្បីការពារប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋ ព្រមទាំង ខិតខំ និងបន្តពង្រឹងផ្សព្វផ្សាយជំរុញ ឲ្យចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីរួមគ្នារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅគ្រប់មូលដ្ឋាន។ 

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងសម្ដែងនូវការកោតសរសើរដល់ ឯកឧត្តម ថង សាវុន ដែលបានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលខេត្តរតនគិរី ខិតខំយកចិត្តទុកដាក់បម្រើជាតិ និងប្រជាជន ពិសេសការខិតខំអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានខិតខំបំពេញភារកិច្ចជាច្រើនទៀតដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងអភិវឌ្ឍន៍ខេត្តក្នុងរយៈពេលកន្លងមក។កិច្ចការសំខាន់ៗ ដែលរដ្ឋបាលខេត្តរតនគិរីត្រូវយកចិត្តទុកដាក់នាពេលបន្តបន្ទាប់ខាងមុខនេះ ដូចជាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាដើម។ការការពារសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈដែលជាបញ្ហាគន្លឹះនាំឱ្យវិស័យផ្សេងៗទៀតដំណើរការទៅបាន។ 

សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យបានជាប្រចាំ ដើម្បីរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់នេះ។ សម្ដេចក្រឡាហោម  ក៏បានលើកឡើងផងដែរអំពីការរៀនរស់ជាមួយកូវីដ-១៩ និងបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលបានខិតខំដាក់ចេញវិធានការនានា ព្រមទាំងការខិតខំទិញនិងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថាសម្រាប់កម្ពុជា ទោះបីជាការងារនេះមិនទាន់អនុវត្តបានយូរ ប៉ុន្តែកម្ពុជាបានទទួលផលច្រើនសមគួរពីការអនុវត្តការងារកំណែទម្រង់នេះ ត្បិតបណ្ដាប្រទេសនានា ពិសេសប្រទេសដែលកម្ពុជាបានរៀនសូត្រនោះ បានអនុវត្តការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនេះរាប់រយឆ្នាំ និងឆ្លងកាត់បទពិសោធន៍ច្រើនជាងកម្ពុជាផង។

សម្ដេចបានស្នើក្រុមប្រឹក្សា និងគណៈអភិបាលត្រូវខិតខំអនុវត្តអំណាចដែលថ្នាក់ជាតិផ្ទេរមកហើយនេះឱ្យបានល្អ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។ ផ្ដល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ សូមខិតខំប្រមូលបញ្ហានានារបស់ប្រជាពលរដ្ឋយកមកដោះស្រាយឱ្យមានតម្លាភាព យុត្តិធម៌ ធ្វើឱ្យពលរដ្ឋមានភាពកក់ក្ដៅក្នុងសង្គមផងដែរ៕