ក្រោយពីធ្វើតេស្តរហ័សលើអាជីវករផ្សារសាមគ្គីហៅប៉ាហ៊ី រកឃើញអ្នកផ្ទុកវីរុសកូវីដ ១៩ រហូតដល់៥៧នាក់

ខេត្តប៉ៃលិន ៖ 

កាលពីប៉ុន្មានថ្ងៃមុន អាជីវករលក់ដូរក្នុងផ្សារសាមគ្គីហៅប៉ាហ៊ី ប្រមាណ៥៧នាក់ ត្រូវបានខាងរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំមន្រ្តីនៃមន្ទីរសុខាភិបាល ធ្វើតេស្តរហ័ស រកឃើញមានផ្ទុក វីរុសកូវីដ១៩ លុះរហូតមកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ដើម្បីឱ្យដឹងច្បាស់ប្រាកដថែមទៀត ខាងរដ្ឋបាលខេត្ត ក៏បានយកសំណាកពីអាជីវករទាំងនេះម្តងទៀត ដើម្បីផ្ញើទៅពិនិត្យកំហាកម៉ាស៊ីនធំនៅក្រសួង ។



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្រោយពេលធ្វើតេស្តរហ័សទៅលើអាជីវករផ្សារសាមគ្គី ហៅប៉ាហ៊ីផ្នែកខាងលើ ដែលរដ្ឋបាលខេត្តអនុញ្ញាតឱ្យពួកគាត់បើកតូបលក់ដូរឡើងវិញ ក្រោយពេលបិទ ទ្វារអស់រយ:ពេលជាង១ខែ ស្រាប់តែរកឃើញអ្នកផ្ទុកមេរោគកូវីដ ១៩ រហូតដល់ជិត៦០នាក់ បង្កឱ្យមានការភ្ញាក់ផ្អើល ខណ:អាជីវករលក់ដូរក្នុងផ្សារដដែល ផ្នែកខាងក្រោម មិនទាន់អនុញ្ញាតឱ្យលក់ដូរនៅឡើយ ដោយនាំគ្នាតវ៉ា ដើម្បីបានលក់ដូរឡើងវិញដូចគ្នា ។ តែក្រោយពេលរកឃើញមានអ្នកផ្ទុកមេរោគច្រើនបែបនេះ ក៏ផ្អាកការលក់ដូរបន្តទៀត ខណ:អាជីវករផ្សារផ្នែកខាងលើ ក៏ត្រូវបិទតូបអ្នកដែលមានផ្ទុកវិជ្ជមាន និងអ្នកជាប់ពាក់ព័ន្ធ ដើម្បីកុំឱ្យឆ្លងរាលដាលជំងឺកូវីដ ១៩ បន្តទៀត ។ 




ចំណែកមន្រ្តីសាលាក្រុងប៉ៃលិន បានឱ្យដឹងដែរថា ៖ អ្នកដែលផ្ទុកវីរុសកូវីដ ១៩ ទាំងអស់ខាងលើ កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗ ខ្លួន ដោយគ្រូពេទ្យផ្តល់ថ្នាំលេបជាប្រចាំ ។ ចំណែកអ្នកពាក់ព័ន្ធ ក៏ត្រូវធ្វើតេស្តរកមេរោគនេះដែរ ព្រមទាំងធ្វើចត្តាឡីស័ករយ:ពេល១៥ថ្ងៃផងដែរ ។ មន្រ្តីសាលាក្រុងប៉ៃលិន បានបញ្ជាក់ថា ក្រោយពីព្យាបាលជាសះស្បើយ អាចនឹងឱ្យចូលលក់ដូរធម្មតា តែត្រូវអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស លាងដៃជាមួយអាល់កុល ឬជែល ព្រមទាំង រក្សាគម្លាតបុគ្គលផងដែរ ៕