About Me

header ads

កសិករមួយគ្រួសារសប្បាយរីករាយ ពេលឃើញមើមដំឡូងមីក្នុងចំការមិនរលួយ ខណ:មើមដំឡូងចំការអ្នកជិតខាងរងការខូចខាត អស់ច្រើនដោយសារភ្លៀងធ្លាក់ជោកជាំជារៀងរាល់ថ្ងៃ

  ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ដោយសារតែភ្លៀងធ្លាក់ជោកជាំ ជារៀងរាល់ថ្ងៃ អស់រយ:ពេលជិត១ខែមកហើយ ធ្វើឱ្យដីក្នុងចំការរបស់ប្រជាកសិករ ជាច្រើនកន្លែងទទួ លរងការជាំទឹក (សើមដី) បណ្តាលឱ្យរងការស្អុយរលួយមើមដំឡូងមីស្ទើរអស់ពីចំការ ។ តែនៅក្នុងចំការរបស់ប្រជាកសិករមួយគ្រួសារ ខូចខាតនោះឡើយ ព្រោះពួកគាត់ បានដាំដុះដំឡូងមី នៅត្រង់ដីជំរេលជើងភ្នំប្រមាណ ៥.៥ហិកតា ធ្វើឱ្យមានការសប្បាយរីករាយយ៉ាងខ្លាំង ហើយសង្ឃឹមថា នៅពេលប្រមូលផលនាថ្ងៃខាងមុខ នឹងបានថវិកាច្រើនជាងឆ្នាំមុនៗ ។ 



  ជាក់ស្តែងមានកសិករមួយគ្រួសារ ឈ្មោះ កង គ្រុយ អាយុ៥២ឆ្នាំ មានប្រពន្ធ ឈ្មោះ ពេន ក្រឹម អាយុ៥១ឆ្នាំ រស់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាននាំដំឡូងមីចំនួន៥.៥ ហិកតា នៅលើដីចំការក្បែរផ្ទះរបស់ខ្លួន ។ 



  បើតាមការរៀបរាប់ពីស្រ្តី ឈ្មោះ ពេន ក្រឹម បានឱ្យដឹងថា ៖ កាលពីឆ្នាំ២០២០ គ្រួសាររបស់គាត់ បានដាំ ដំណាំដំឡូងមី ត្រឹមតែចំនួន ២.៥ហិកតា ប៉ុណ្ណោះ ហើយក៏ប្រមូលផលលក់ឱ្យឈ្មួញបានចំនួន៥០តោន ។ តែរហូតមកដល់ឆ្នាំ២០២១នេះ គាត់បានដាំដំឡូងមី លើសពីមុន គឺចំនួន៥.៥ហិកតា ។ គាត់បន្តទៀតថា បន្ទាប់ពីដាំអស់រយ:ពេលជិត៨ខែ ស្រាប់តែកាលពីពេលជិត១ខែកន្លងទៅ មានភ្លៀ ងធ្លាក់ជោកជាំស្ទើររាល់ថ្ងៃ ធ្វើឱ្យមើមដំឡូងមីនៅក្នុងចំការរបស់ប្រជាពលរដ្ឋក្បែរចំការរបស់គាត់ទទួលរងការរលួយខូចស្ទើរតែអស់ពីចំការ ហើយក៏នាំគ្នាដកលក់ទាំងមិនទាន់គ្រប់ខែ ដោយឈ្មួញទិញក្នុង ១គីឡូក្រាម តម្លៃ១.៦បាត (ប្រាក់ថៃ) ។ 



ប៉ុន្តែទោះបីជាយ៉ាងណា នៅក្នុងចំការរបស់គាត់ អត់មានទទួលរងការខូចខាតសូម្បីតែបន្តិច  ព្រោះដីចំការរបស់គាត់ជាប្រភេទដីជំរេល (រមៀលផ្លែក្រូច) ក្បែរជើងភ្នំ ។ លើសពីនេះ ការធ្លាក់ភ្លៀងរាល់ថ្ងៃកាន់តែខ្លាំង ធ្វើឱ្យដើមដំឡូងមីរបស់គាត់កាន់តែល្អឡើងៗ ហើយប្រហែលជា៤ខែទៀត នឹងប្រមូលផលលក់ឱ្យឈ្មួញ ដើម្បីយកប្រាក់សងបំណុលគេ និងសល់ខ្លះទុកសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។ គាត់ក៏បានកកាយមើល មើមដំឡូងមីរបស់ខ្លួន ដោយឃើញកំពុងតែលូតលាសយ៉ាងល្អ ធ្វើឱ្យគាត់រំភើប មិនខ្លាចនឿយហត់ ក្នុងការដកស្មៅក្នុងចំការ ហើយអាចនឹងទទួលបានផលច្រើនជាងឆ្នាំមុនៗ ផងដែរ ៕ 



ដោយ ៖ នីយ៉ា