About Me

header ads

រដ្ឋបាលខេត្តរតនគិរីបានចុះពិនត្យស្ថានភាពទឹកទន្លេស្រែពកនៅស្រុកលំផាត់និងត្រៀមលក្ខណៈរួចជាស្រេច

ខេត្តរតនគិរី៖

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមនឹងប្រធានមន្ទីរជំនាញពាក់ព័ន្ធបានចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ខណៈដែលភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរ ជាហេតុបណ្តាលឱ្យទឹកទន្លេស្រែពក កំពុងហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន។ការចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពកនោះនារសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០២១ហើយឯកឧត្តមបានថ្លែងថា អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវវិធានការ មធ្យោបាយសំរាប់ឆ្លើយតបក្នុងករណីមានគ្រោះមហន្តរាយជំនន់ទឹកភ្លៀងនោះ។


លោកអភិបាលខេត្តបានដាក់ចេញនូវបទបញ្ជា ក៏ដូចជាអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់ទន្លេទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកទន្លេ ដែលកំពុងបន្តហក់ឡើងខ្លាំង និងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងមនុស្សចាស់ព្រមទាំងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀតអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីស្ថានភាពទឹក ក៏ដូចជា ស្ថានភាពរបស់ប្រជាពលរដ្ឋ ដើម្បីត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា។នៅប្រទេសកម្ពុជាយើងបានរងនូវឥទ្ធិពលនៃព្យុះទី១៨ សម្ពាធទាប ធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឱ្យទឹកទន្លេស្រែពក និងទន្លេសេសាន ហក់ឡើងជាបន្តបន្ទាប់ជិតដល់ចំណុចប្រកាសអាសន្នហើយ។

ហេតុនេះទាមទារឱ្យប្រជាពលរដ្ឋក្នុងខេត្ត ពិសេសស្រុកដែលនៅតាមមាត់ទន្លេទាំងពីររួមមាន ស្រុកលំផាត់ ស្រុកកូនមុំ ស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស ស្រុកតាវែង និងស្រុកវើនសៃ ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន និងត្រៀមបង្ការនូវមធ្យោបាយ សម្ភារចាំបាច់នានា កាត់បន្ថយបាននូវហានិភ័យពីករណីជំនន់ទឹកភ្លៀងដែលអាចកើតឡើងជាយថាហេតុ។ជាក់ស្តែងទឹកទន្លេស្រែពកទឹកទន្លេ គិតត្រឹមម៉ោង៤ រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ទឹកមានកម្ពស់ ១១.៧៤ ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន ១២.៥០ ម៉ែត្រ។ទន្លេសេសាន ទឹកមានកម្ពស់ ៦.៥៧ ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន ៨.៥០ ម៉ែត្រ៕