About Me

header ads

រដ្ឋបាលខេត្តប៉ៃលិន ប្រគល់សាលារៀនដែលយកធ្វើកន្លែងចត្តាឡីស័ក ដល់មន្ទីរអប់រំ យុវជន និង កីឡា វិញ និងរៀបចំធ្វេីអនាម័យ ក្នុងបរិវេណសាលាត្រៀមបេីកឱ្យសិស្សចូលរៀន

ខេត្តប៉ៃលិន ៖ ដើម្បីប្រគល់សាលារៀនទាំងប៉ុន្មានដែលបានយកធ្វើកន្លែងចត្តាឡីស័ក នៅព្រឹកថ្ងៃទី០៦  ខែ កញ្ញា ឆ្នាំ២០២១នេះ  អាជ្ញាធរខេត្តប៉ៃលិន  និងមន្ទីរអប់រំ  បានចុះធ្វេីអនាម័យ  និងសំអាតបរិស្ថាននៅក្នុងបរិវេណសាលាបឋមសិក្សា សាលាក្រៅ  ដេីម្បីត្រៀមអោយសិស្សានុសិស្សបានចូលរៀនវិញ ។ 



ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ឯកឧត្តម ឃ្លោក  នួយ  អភិបាលរងខេត្ត  និងមានការចូលរួមពីកងកម្លាំង  មន្ត្រីរាជការ  តាមមន្ទីរ  នានា  សិស្សានុសិស្ស ព្រមទាំងលោកគ្រូអ្នកគ្រូ  បានចូលរួមធ្វេីពលកម្ម ដេីម្បីសំអាតបរិវេណសាលាបឋមសិក្សា  សាលាក្រៅ  ស្ថិតក្នុង ភូមិថ្នល់ទទឹង  ឃុំអូរអណ្តូង  ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន  សំរាប់ទុក លទ្ធភាពអោយសិស្សបានចូលរៀនវិញ ប្រកបដោយផាសុខភាពនិងមិនព្រួយបារម្មណ៍ពីការឆ្លងជំងឺកូវីដ-១៩  ក្រោយពីទីតាំងសាលារៀនត្រូវបានយកធ្វេីជាមណ្ឌលចត្តាឡីស័ក ក្នុងពេលកន្លងមក។ 

ឯកឧត្តម ឃ្លោក  នួយ  អភិបាល រង ខេត្ត  ក្នុងដំណេីរដឹកនាំក្រុមការងារចុះសម្អាតបរិស្ថាននៅព្រឹកនេះបានប្រាប់អោយដឹងថា ៖ ការធ្វេីអនាម័យបរិស្ថាននាពេលនេះមានការប្រេីប្រាស់ថ្នាំសម្រាប់ បាញ់សំលាប់មេរោគនៅតាមបន្ទប់  ព្រមទាំងការប្រមូលសំរាមនៅតាមទីធ្លា  កាត់ស្មៅ  និងរៀបចំបន្ទប់រៀន ជាដេីម ។  លោកអភិបាលរងបានបន្ថែមអោយដឹងថា  ការធ្វេីអនាម័យនៅពេលនេះ ក្រោយទទួលបានបទបញ្ជាពីលោកជំទាវ  បាន  ស្រីមុំ  អភិបាលខេត្តប៉ៃលិន  ណែនាំអោយធ្វេីការសម្អាតទីតាំងបរិវេណសាលារៀន ដេីម្បីត្រៀមបេីកអោយសិស្សបានចូលរៀនវិញ។  



លោកស្រី  លី  ស្រីមុំ  ជានាយិកា  សសាលាបឋមសិក្សាសាលាក្រៅ  បានថ្លែងអំណរគុណ  ដល់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា  សម្តេច តេជោ  ក៏ដូចជា អាជ្ញាធរខេត្តប៉ៃលិន  ក្រោមការដឹកនាំរបស់ លោកជំទាវ  បាន  ស្រីមុំ  ដែលបានសម្របសម្រួលនិងដឹកនាំអាជ្ញាធរ  មន្ត្រីរាជការ  ដេីម្បីប្រាកដថាទីតាំងសាលារៀនទាំងមូលមានអនាម័យនិងមិនអោយសិស្សក៏ដូចជាអាណាព្យាបាលមានការ ព្រួយបារម្ភនៅពេលត្រឡប់ចូលសិក្សាវិញ។ 

លោក តង់  ធារ៉ា  ប្រធាន មន្ទីរ អប់រំ  យុវជន  និង កីឡាខេត្តប៉ៃលិន  បានឱ្យ ដឹងថា  ៖ ការធ្វេីអនាម័យនេះ និងបន្តរហូតទៅតាមទីតាំង  សាលាបឋមសិក្សា អនុវិទ្យាល័យ  វិទ្យាល័យផ្សេងៗ ទៀត ដេីម្បីសំអាតបរិស្ថាននិងអនាម័យសំរាប់ត្រៀមបេីកសាលាអោយសិស្សានុសិស្សបានចូលរៀនវិញនៅពេលខាងមុខនេះ។ 

គួរបញ្ជាក់ថា ៖ នៅខេត្តប៉ៃលិន មានគ្រឹះស្ថានអប់រំរបស់រដ្ឋមានចំនួន ៥៧  កន្លែង ខណៈគ្រឹះស្ថានអប់រំឯកជន មមានចំនួន១២កន្លែង ។ 



ដោយឡែក សម្រាប់ការបើកដំណើរការគ្រឹះស្ថានអប់រំឡើងវិញនេះ សាលារៀនមួយចំនួនដែលត្រូវបានយកធ្វើជាកន្លែងចត្តាឡីស័ក និងកន្លែងព្យាបាលជំងឺកូវីដ-១៩នោះ អាជ្ញាធរខេត្តប៉ៃលិន  ក៏ណែនាំអោយអាជ្ញាធរខេត្ត  និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺនៅតាមសាលារៀនទាំងនោះ ទៅដាក់ នៅមណ្ឌលព្យាបាលផ្សេងវិញផងដែរ ៕ 

ដោយ ៖ នីយ៉ា