About Me

header ads

ប្រគល់ត្រាគំរូថ្មី ដល់មន្ទីរសុខាភិបាល ខេត្ត សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់

ខេត្តប៉ៃលិន  ៖  លោកជំទាវ  បាន  ស្រីមុំ  អភិបាលខេត្តប៉ៃលិន ននៅរសៀលថ្ងៃ ទី  ០១  ខែកញ្ញា  ឆ្នាំ២០២១ នេះ បានប្រគល់ត្រាគំរូថ្មី ដល់មន្ទីរសុខាភិបាលខេត្ត សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់ ដើម្បីឱ្យស្របទៅនឹងបទដ្ឋាននៃការផ្ទេរមុខងារគ្រប់គ្រងមកឱ្យរដ្ឋបាលខេត្ត ។



ពិធីប្រគល់ត្រាគំរូថ្មីនេះ មានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសុខាភិបាលនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកប្រធានការិយាល័យសុខាភិបាល ក្រុង  ស្រុកប្រតិបត្តិទាំង០២  លោកប្រធានមន្ទីរពេទ្យ  លោក  លោកស្រី  ប្រធាន មន្ទីរ  អង្គភាព  ពាក់ព័ន្ធ   ក្នុងខេត្ត ប៉ៃលិន  ។ 



នាក្នុងឱកាសនោះដែរ លោកជំទាវ  អភិបាលខេត្ត បានណែនាំដល់ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ឱ្យមន្ត្រីដែលមានភារកិច្ចក្នុងការរក្សាទុក និងគ្រប់គ្រងត្រា គឺជាមន្ត្រីដែលទទួលបន្ទុក ការងារ រដ្ឋបាលជៀសវាងប្រគល់ជូនមន្ត្រីដែលគ្មានភារកិច្ច ។



លោកជំទាវ បានបន្តទៀតថា ចាប់តាំងពីខេត្តត្រូវបានផ្ទេរមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត មកដល់ពេលនេះ គឺមន្ទីរសុខាភិបាលខេត្ត និងអង្គភាពក្រោមឱវាទ នៅតែបន្តប្រើប្រាស់ត្រាចាស់នៅឡើយ  ។ ប៉ុន្តែ ដើម្បីឱ្យស្របទៅតាមបទដ្ឋាននៃការផ្ទេរមុខងារគ្រប់គ្រងមកឱ្យរដ្ឋបាលខេត្តនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល បានចេញប្រកាសស្ដីពីការកំណត់គំរូត្រាថ្មី សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់ ហើយដែលយើងកំពុងរៀបចំពិធីប្រគល់-ទទួលនាពេលនេះ។



បន្ថែមពីលើនេះ លោកជំទាវ បានណែនាំអំពីចំណុចសំខាន់ៗ មួយចំនួន ក្នុងការប្រើប្រាស់ត្រាគំរូថ្មីមានដូចខាងក្រោម៖

ទី១. ត្រាត្រូវរក្សាទុក និងគ្រប់គ្រងទុកដាក់ឱ្យបានគង់វង់ល្អ ជៀសវាងការបាត់បង់ និងការយកទៅប្រើប្រាស់ខុសគោលដៅ។

ទី២. ត្រាត្រូវតែរក្សាទុកនៅក្នុងការិយាល័យជំនាញដែលមានភារកិច្ច (ការិយាល័យរដ្ឋបាល)

ទី៣. ត្រាគឺមិនត្រូវអនុញ្ញាតឱ្យទុកនៅក្រៅពីការិយាល័យខាងលើនេះ ឬយកតាមខ្លួនរបស់អ្នកហត្ថលេខី ឬប្រធានអង្គភាព ឬអ្នកដែលមានភារកិច្ចគ្រប់គ្រង ឬបោះត្រាឡើយ។

ទី៤. ការប្រើប្រាស់ត្រារបស់អង្គភាព ត្រូវមានការប្រុងប្រយ័ត្ន ត្រាត្រូវតែបោះលើឯកសារផ្លូវការស្របតាមតួនាទីភារកិច្ច និងបម្រើឱ្យប្រយោជន៍ស្របច្បាប់របស់អង្គភាព ជៀសវាងការប្រើប្រាស់លើឯកសារបម្រើឱ្យផលប្រយោជន៍បុគ្គល នាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អង្គភាព។

ទី៥. ត្រាគំរូថ្មី ត្រូវចាប់ផ្ដើមប្រើប្រាស់ពីថ្ងៃទី១ ខែកញ្ញា  ឆ្នាំ២០២១ តទៅ មានន័យថា ត្រាចាស់ ក៏ត្រូវអស់សុពលភាពអនុវត្ត ចាប់ពីថ្ងៃនេះតទៅផងដែរ (រាល់ឯកសារ ដែលចុះកាលបរិច្ឆេទថ្ងៃទី១ ខែកញ្ញា  តទៅ គឺប្រើប្រាស់ត្រាគំរូថ្មី)។

ទី៦. ត្រាចាស់ទាំងអស់ ត្រូវប្រគល់ជូនមករដ្ឋបាលខេត្ត ដើម្បីផ្ញើជូនក្រសួងមហាផ្ទៃរក្សាទុក។

និងទី៧. អំពីការប្រើប្រាស់ត្រាថ្មីនេះ សូមឱ្យលោកនាយករដ្ឋបាល ចាត់ចែងរៀបចំសេចក្ដីជូនដំណឹងទៅដល់គ្រប់អង្គភាព និងអ្នកពាក់ព័ន្ធ ពីកាលបរិច្ឆេទនៃការបញ្ឈប់ការប្រើប្រាស់ ត្រាចាស់ និងកាលបរិច្ឆេទ នៃការចាប់ផ្ដើមប្រើប្រាស់ត្រាថ្មី (ដោយមានភ្ជាប់នូវគំរូត្រាថ្មី)។



ជាមួយគ្នានេះ លោកជំទាវ អភិបាលខេត្តបានបញ្ជាក់ថា ក្នុងបរិបទនៃជំងឺកូវីដ១៩ នេះ មន្ទីរសុខាភិបាលត្រូវបង្កើនការយក ចិត្តទុកដាក់ ចូលរួមសហការអនុវត្តការងារចាក់វ៉ាក់សាំងដែល កំពុងប្រតិបត្តិការឱ្យមានដំណើរការល្អប្រកបដោយប្រសិទ្ធភាព និងរួមសហការគ្រប់ភាគីពាក់ព័ន្ធ ដេីម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងសូមឱ្យមន្ទីរពេទ្យទាំងអស់ បន្តធានានិរន្តរភាពក្នុងកិច្ចការផ្ដល់សេវាសុខាភិបាល ជូនដល់គ្រប់អ្នកជំងឺដែលមកទទួលសេវា នៅក្នុងមូលដ្ឋានសុខាភិបាល  ៕ 





ដោយ ៖ នីយ៉ា