អភិបាលខេត្តប៉ៃលិនដឹកនាំមន្រ្តីប្រគេនគ្រឿង ឧបភោគបរិភោគ និងបច្ច័យជូនព្រះសង្ឃគង់ក្នុងវត្តទាំង៣២វត្ត នាឱកាសបុណ្យកាន់បិណ្ឌទី០៩

ខេត្តប៉ៃលិន ៖ 

ដោយសារតែបញ្ហាជំងឺកូវីដ ១៩ កំពុងឆ្លងរាលដាលទាំងនៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ី និងនៅតាមភូមិក្នុងសហគមន៍ ទើបនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ  បាន  ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ  សារ៉ាត់  អ្នកតំណាងរាស្ត្រ មណ្ឌលប៉ៃលិន ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារ មន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្ត បានអញ្ជើញប្រគេនគ្រឿងឧប ភោគបរិភោគ និងបច្ច័យមួយចំនួន នៅខាងមុខខ្លោងទ្វារវត្តនានាក្នុងខេត្តប៉ៃលិន ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ ។ក្នុងឱកាសនោះដែរ លោកជំទាវ  បាន  ស្រីមុំ  អភិបាលខេត្តប៉ៃលិន បានផ្តាំផ្ញើដល់ព្រះសង្ឃ តាជី ដូនជី និងគណកម្មការវត្តដែលនៅក្នុងវត្តថា ៖ នៅក្នុងបរិបទជំងឺកូវីដ ១៩ នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការ ឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីវេណបិណ្ឌ៤ មកម្លេះ  រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការទប់ស្កាត់ឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍កាន់តែច្រើន និងការពារអាយុជីវិតប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ ។ 


លោកជំទាវ អភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋក៏អាចយកចង្ហាន់ ឬទេ យ្យទានទៅប្រគេនព្រះសង្ឃ ឬគណៈកម្មការវត្តបានដែរ ប៉ុន្តែត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយមិនមានការជួបជុំប្រមូលផ្តុំមនុស្សច្រើន គ្រាន់តែចាត់ចែងតំណាងចូលរួមប៉ុណ្ណោះ ។ លោកជំទាវ អភិបាលខេត្ត ក៏បានស្នើដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ឱ្យមានការយោគយល់អធ្យាស្រ័យអំពីការផ្អាកនូវពិធីបិណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នេះ ។ លើសពីនេះលោកជំទាវ  ក៏បានអំពាវនាវដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ រួមទាំងប្រជាពលរដ្ឋ ត្រូវរៀនរស់នៅជាមួយជំងឺកូវីដ ១៩ និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ និងបន្តរក្សាដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗ គ្នា និងប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល កុំឱ្យធ្វេសប្រហែសនោះឡើយ ។



ចំណែកព្រះចៅអធិការនៅតាមវត្តនីមួយៗ បានសូត្រធម៌ជូនពរដល់លោកជំទាវ អភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឱ្យទទួលបានបុណ្យកុសល្យកាន់តែច្រើន និងមានសុភមង្គល ក្នុងក្រុម គ្រួសារ ជៀសឆ្ងាយពីបញ្ហាទាំងឡាយទាំងពួក ជាពិសេសជំងឺកូវិដ១៩ តែម្តង ។ សូមបញ្ជាក់ផងថា គ្រឿងឧបភោគបរិភោគ  ទេយ្យទាន  ដែលអភិបាលខេត្តប៉ៃលិន ប្រគេនជូន  ព្រះសង្ឃនៅតាមវត្តអារាមទាំង៣២វត្ត មាន អង្ករ ,មី ,ត្រី, ទឹកត្រី ,ទឹកស៊ីអីវ ,ទឹកសុទ្ធ ,និងបច្ច័យមួយចំនួនផងដែរ ៕